ប្រពន្ធ​រត់ចោល ខំ​តស៊ូ​ចិញ្ចឹម​កូន​៣​នាក់ និង​ម្ដាយ​ម្នាក់ ឥឡូវ​ជួប​រឿង​ចឹង​ទៀត តែ​បាន​ទ្រី ដា​ណា ជួយ​សម្រាល​បន្ទុក​ខ្លះ

ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​ប្រពន្ធ​រត់ចោល បន្សល់ទុក​នូវ​កូន​៣​នាក់​ឲ្យ​រូបលោក​ចិញ្ចឹម ហើយ​លោក​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ម្ដាយ​ម្នាក់ទៀត ជាមួយនឹង​ការ​ធ្វើ​កម្មករ​១​ថ្ងៃ​បាន​ត្រឹម​១​ម៉ឺន​ប៉ុណ្ណោះ តែ​អកុសល​ផ្ទុះ​ហ្គាត្រូវ​ទៀត ធ្វើ​អី​លែងកើត។

ដោយ​ឃើញ​សភាព​បែបនេះ អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​នោះ បានធ្វើ​ការជួយ​សម្រាល​បន្ទុក​ខ្លះៗ ដោយ​ការឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ចំនួន​១​លាន​រៀល​។​

​បង្ហោះ​រូបភាព​បុរស​កម្សត់​ខាងលើ​នៅមុននេះ​បន្តិច ថៅកែ​ហាង​ចិត្តធម៌​ទ្រី ដា​ណា បាន​រៀបរាប់ថា «​គាត់​ខំ​រត់​កង់​ឌុប ធ្វើ​កម្មករ​ផង ចិញ្ចឹម​កូន​៣​នាក់ និង​ម្ដាយ​ទៀត ប្រាប់ថា​មួយថ្ងៃ​បាន​ប្រហែល ១០០០០​រៀល​អីហ្នឹង ល្មមតែ​អង្ករ​ច្រក​ឆ្នាំង តែ​ចៃដន្យ​អី ផ្ទុះ​ហ្គាស​ត្រូវ ប្រហែល​មួយខែ​មុន ឥឡូវ​ធ្វើ​អី​មិនកើត​»​។​

​អ្នកស្រី​បន្តថា «​ប្រពន្ធ​ឮថា​រត់ចោល ៣​ឆ្នាំ​ហើយ រាល់ថ្ងៃ ពឹង​តែ​លើ​អង្ករ អ្នកជិតខាង​ឱ្យ ៤ ៥​កំប៉ុង គ្រាន់​ដាំ​ឱ្យ​កូន​ហូប ហើយ​គាត់​ក៏​មិនដឹង​ថ្ងៃ​ណា​ដូចដើម​វិញ ពិតជា​អាណិត​ណាស់ គាត់​នៅ​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​»​។​

​ថៅកែ​ហាង​ពេជ្រ ដែលមាន​ប្រវត្តិ​កម្សត់​រូបនេះ បានបញ្ជាក់​ជា​ចុងក្រោយ​ថា «​ខ្ញុំ​មានតែ​ការចែករំលែក​ខ្លះៗ​ជូន​គាត់ ល្មម​គ្រប់គ្រាន់​ហូប និង​ប្រើប្រាស់​មួយរយៈ ហើយ​ថវិកា​មួយ​លាន​រៀល ទុក​គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុងពេល​គាត់​ឈឺ​នេះ​។ ខ្ញុំ​មិនអាច​ទៅគ្រប់​ទីកន្លែង​បាន​ក្នុងពេល​តែមួយ តែ​ខ្ញុំ​នឹង​ខិតខំ​ជួយ តាម​ក្រុមការងារ​ខ្ញុំ ឱ្យតែ​ដឹងថា​ជួប​ការលំបាក​ពិតប្រាកដ​»៕​

Related posts

Leave a Comment