សុខ សោមា​វ​ត្តី ​ថា មាត់​អ្នកដទៃ​មិន​មែន​ជា​ព្រះជាម្ចាស់​ឲ្យ​យើង​សប្បាយ​ឬ​កើតទុក្ខ​ទេ

ភ្នំពេញ​ ៖​ ទំនងជា​មានការ​រិះគន់​ចំពោះ​ខ្លួន​នូវ​រឿង​ណាមួយ​នោះ សុខ សោមា​វ​ត្តី កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​អារម្មណ៍​បញ្ជាក់​ជំហរ​ចំពោះ​ការយល់ឃើញ​របស់ខ្លួន​ថា មាត់​អ្នកដទៃ​មិនមែន​ជា​ព្រះ​ជា​ម្ចាស់​ឲ្យ​យើង​សប្បាយ​ឬ​កើតទុក្ខ​ទេ។

មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ពិធី​ការិនី សុខ សោមា​វ​ត្តី ជារឿយៗ​តែងតែ​បង្ហោះ​រូបភាព​ខ្លួន អមដោយ​សារ​ពាក់​ពាក់​ព័ន្ធ​នឹង​ការនិយាយ​ដើមពី​សំណាក់​បុគ្គល​មួយចំនួន ដែល​នាង​មិន​បង្ហាញ​ឈ្មោះ​នោះ​។​

​ជាក់ស្ដែង​កាលពី​ជាង​ពាក់​កណ្ដាលខែ​មុននេះ អ្នកនាង​បាន​បង្ហោះ​សារ​ក្នុងន័យ​ទូទៅ​ពាក់ព័ន្ធ​នឹង​រឿងនេះ​ថា «​កុំ​ខឹង​នឹង​នរ​ណា​គេ​និយាយ​ដើម​អ្នក ព្រោះ​គេ​ខំ​យកចិត្តទុកដាក់​តាមដាន​ជីវិត​អ្នក​ណាស់ រហូតដល់​ភ្លេច​មើលថែ​រឿង​ជីវិត​គេ​ផង​ក៏​ថា​បាន​ តែ​សន្យា​គ្នា​ណា babe និយាយដើម​បាន​ហាម​បំផ្លើស​ណា​»​។​

​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ​នេះដែរ ពិធី​ការិនី​ដ៏​ល្បី​រូបនេះ ក៏បាន​បង្ហោះ​សារ​ដែរ​ថា «​មាត់​អ្នកដទៃ​មិនមែនជា​ព្រះ​ជា​ម្ចាស់​អោយ​យើង​សប្បាយ​ឬ​កើតទុក្ខ​ទេ តែ​ខ្លួន​យើង​តើ​ដែល​ចេះតែ​យក​វា​ដាក់ខ្លួន​ រៀន​ដាក់​វា​ចុះ​ហើយ​សប្បាយ​នៅ​អ្វី​ដែល​យើង​មាន​ ខ្ញុំ​ធ្វើ​បាន​ហើយ​ចុះ​អ្នក​វិញ​? តោះ​ទម្លាក់​សម្ពាធ​ចុះ​ហើយ​គេង​លក់​សុបិន​ល្អ​ទាំង​អស់​គ្នា​»​។​

​ក្រោយមក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ពាក់ព័ន្ធ​រឿង​ដដែល អ្នកនាង​បាន​បង្ហោះ​ជា​ភាសា​អង់គ្លេស អម​ដោយ​រូបថត​ខ្លួន​មួយ​សន្លឹក ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «មនុស្ស នឹង​វិនិច្ឆ័យ​មិន​ថា​អ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ ដូច្នេះ​កុំ​គិត​ច្រើន​ពេក​ ចូរ​ធ្វើ​អ្វី​ដែល​ល្អស​ម្រាប់​ខ្លួន​អ្នក​​»។

គួរ​បញ្ជាក់ថា សុខ សោមា​វ​ត្តី បាន​រៀបការ ជាមួយ​លោក​ទូច ដា​ណា​រ៉ា កូនប្រុស​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក​ទូច ណារ៉ុថ កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២​។ ប៉ុន្តែ​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៤ ហើយ​ពេលនេះ​បន្សល់​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត ឈ្មោះ​ចា​ស្មី​ន កើត​នៅ​ថ្ងៃទី​៧ ឧសភា ២០១៣​។ ក្រោយពី​បែក​គ្នា អ្នកនាង បាន​រកឃើញ​ស្នេហា​ថ្មី​មួយទៀត​ជាមួយ​កីឡាករ​បាល់ទាត់​លី វ៉ា​ហេ​ទ ហើយ​បាន​រក្សា​ទំនាក់ទំនង​ល្អ​រហូតដល់​សព្វថ្ងៃនេះ។

តាមរយៈ​ស្នេហា​ជាមួយ​បុរស ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​ច្រើន​នេះ​ ក៏បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​មួយចំនួន​ផងដែរ តែ​អ្នកនាង​មិន​ខ្វល់​នោះ​ឡើយ ព្រោះ​ក្ដី​សុខ​មិន​ស្ថិតនៅ​លើ​មាត់អ្នកដទៃ​ឡើយ សំខាន់​ពួកគេទាំង​២នាក់ ស្រឡាញ់​យល់​ចិត្ត​គ្នា។ កន្លងមកអ្នកនាង ក៏ធ្លាប់បង្ហាញ តម្រុយចូលរោងការផងដែរ តែរហូតដល់ពេលនេះ មិនទាន់លេចឮដំណឹងថ្មីជុំវិញរឿងនេះនៅឡើយ៕

 

Related posts

Leave a Comment