Love Riya ថា​ មកពី​ខ្លួន​ស្លន់​ពេក ទើប​ស្លៀកពាក់​បែបនេះ​ទៅ​ចូលរួម​បុណ្យ​សព ខណៈ​ខាត់ សុ​ឃីម​តប​ថា

ភ្នំពេញ​ ៖​ ក្រោយពី​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​រឿង​ស្លៀក​សម្លៀកបំពាក់​បែប​ឆើតឆាយ និង​តុបតែង​ខ្លួន​ដូច​ទៅ​ស៊ីការ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​៧​ថ្ងៃ​របស់​ឪពុក​អ្នកនាង​ខាត់ សុ​ឃីម​នោះ, Love Riya បានធ្វើការ​បកស្រាយ និង​ចេញមុខ​សុំទោស​ជា​សាធារណៈ ​ខណៈ​អ្នកនាង​ខាត់ សុ​ឃីម ក៏​មិន​ប្រកាន់​ដែរនោះ។

ឪពុក​របស់​តារា​ចម្រៀង​ពហុ​ជំនាញ​ខាត់ សុ​ឃីម បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ហើយ​ពិធីបុណ្យ​៧​ថ្ងៃ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២០។

ក្នុង​ពិធីបុណ្យ​៧​ថ្ងៃនេះ គេ​សង្កេតឃើញ​វត្តមាន​អ្នកសិល្បៈ​ជាច្រើន​កុះករ​បាន​ចូលរួម ក្នុងនោះ​ក៏មាន​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង​Love Riya​ផងដែរ​។ ប៉ុន្តែ​ក្នុងចំណោម​នោះ មានតែ​Love Riya ដែល​តុបតែង​ខ្លួន និង​ស្លៀកពាក់​មាន​ភាពខុសប្លែក​ពី​គេ ធ្វើ​ឲ្យ​មហាជន​រិះគន់​មិន​សំ​ចៃ​មាត់​។​

ជាក់ស្ដែង​ក្នុងចំណោម​ការរិះគន់​ជាច្រើន​នោះ មានមតិ​មួយ​លើកឡើង​បែបនេះ​ថា «Love riya លេច​ពេក​ហើយ​ចែ មក​ចូលរួម​រំលែក​ទុក្ខឬក៏​មក​បង្ហាញខ្លួន​អោយ​លេចធ្លោ​ជាងគេ​? ការ​ស្លៀកពាក់​បែប​មិន​សម​ពេលវេលា​ដែល​ប្រជាជន​ខ្មែរ​មិន​គួរ​យក​គំរូ​តាម ពណ៌​ផ្កាឈូក​ស្រស់ឆើតឆាយ ពាក់​ពេជ្រ​ស្រោច​ខ្លួន មក​ចូលរួម​បុណ្យសព​រំលែក​ទុក្ខ​…ពិធី​កាន់ទុក្ខ ឬពិធី​បុណ្យសព តម្រូវ​ឲ្យ​អ្នកចូលរួម​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​បែប​ពណ៌​ក្រមៅ ដែល​មើល​ទៅ​ស្រគត់ស្រគំ ដើម្បី​ជាការ​រំលែក​ទុក្ខ​និង​គោរព​ដល់​សព​និង​គ្រួសារ​នៃ​សព …មនុស្ស​យើ​ង​បើមានចិត្ត​កុសល​ហើយ សូម​កុំ​ធ្វើ​អី​ឲ្យ​ខុសគេខុសឯង​ពេក ស្លៀកពាក់​តុបតែង​ខ្លួន​បែប​នឹង មាន​ខ្លាចចិត្ត​គ្រួសារ​នៃ​សព​អត់​?»​។​

ជាការ​ឆ្លើយតប Love Riya ក៏បាន​បង្ហោះ​វីដេអូ​មួយ នៅលើ​បណ្ដាញ​សង្គម ដោយ​នាង​បាន​រៀបរាប់ថា ពេលនោះ​អ្នកនាង មិនបាន​ដឹងថា ថ្ងៃនោះ​ជា​ថ្ងៃបុណ្យ ៧ ថ្ងៃ​លោកឪពុក របស់​អ្នកនាង ខាត់ សុ​ឃីម នោះទេ ហើយ​នៅពេលដែល​ដឹង​ហើយ អ្នកនាង​ពិតជា​មាន​ភាព​ស្លន់​ខ្លាំង​ដោយ​មិនដឹងថា​ត្រូវ​ស្លៀក​អ្វី​នោះ​ទេ។

ចំពោះ​ការ​តុបតែង​មុខមាត់​វិញ អ្នកនាង​​​បញ្ជាក់​ថា ​អ្នកនាង​ បានធ្វើ​តាំងពីព្រឹក​មក​ម្ល៉េះ ម្យ៉ាងវិញទៀត នាង គ្រាន់តែ​ចង់​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ទៅដល់​រោងបុណ្យ​បាន​លឿន​ប៉ុណ្ណោះ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ អ្នកនាង ខាត់ សុ​ឃីម បាន​បកស្រាយ​ថា មិន​សំខាន់​ទៅលើ​ការ​ស្លៀកពាក់​នោះទេ ឲ្យ​តែមាន​ចិត្ត​ជ្រះថ្លា​បានមក​ចូល​បុណ្យ ផងដែរ​។ ទោះ​យ៉ាង​អ្នកនាង​ក៏បាន​ធ្វើការ​សុំទោស​ចំពោះ​កំហុស​ឆ្គង​នេះ​ផងដែរ៕

Related posts

Leave a Comment