បទ​«​ព្រោះ​គេ​មិនមែន​យើង​» អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​ឱក សុគន្ធ​កញ្ញា យល់​ពី​អារម្មណ៍​នាង​នៅ​ពេល​នេះ

ភ្នំពេញ​ ៖​ ប្រិយមិត្ត​បាន​ជ្រាប​រួច​មក​ហើយ​ក្នុង​រយៈ​ចុង​ក្រោយនេះ មាន​រឿងរ៉ាវ​​​ដ៏​ធំ​មួយ កើត​ឡើងលើ​ជីវិត​របស់​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ក្រោយពី​នៅ​សុខៗ​ស្រាប់តែ​ឪពុក​របស់​នាង​បាន​ទម្លាយ​រឿង អ្នកនាង​មិន​ទទួលស្គាល់​លោក​ជា​ឪពុក​នោះ។

ក្រោយពី​មានការ​ទម្លាយ​បែបនេះ មានមតិ​២​ផ្ទុយគ្នា បានលើកឡើង​ជុំវិញ​រឿងនេះ ដោយ​អ្នកខ្លះ បាន​បន្ទោស​ទៅលើ​លោក​ឱក បូ​នី ដែល​ធ្វើការ​ចាកចោល​ឱក សុគន្ធ​កញ្ញា តាំងពី​អ្នកនាង​នៅ​ក្មេង ដល់ពេល​អ្នកនាង​ល្បី​ស្រាប់តែ​លេច​វត្តមាន​ថា អ្នកនាង​មិន​ទទួលស្គាល់​ឪពុក​ទៅវិញ​។ ពួកគេ​ថា បើជា​ឪពុក​ល្អ​មិន​ធ្វើបែបនេះ​នោះទេ​។

ចំណែក​មតិ​មួយចំនួនទៀត បានធ្វើ​គាំទ្រ​លោក​ឱក បូ​នី ជា​ឪពុក​របស់​អ្នកនាង ដោយ​ពួកគេ​លើកឡើងថា ទោះជា​យ៉ាងណា លោក​ជា​អ្នកផ្ដល់​កំណើត​ដល់​រូប​នាង បើ​គ្មាន​រូប​គាត់ ក៏​គ្មាន​រូប​អ្នក​នាង​នៅពេលនេះ​ផងដែរ​។​

ដោយឡែក​ដើម្បី​ជា​ការ​បង្ហាញ​ថា គ្មាន​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ ក្រៅពី​អ្នក​ធ្លាប់​ឆ្លងកាត់​នោះ លោក​ឆន សុវណ្ណ​រាជ តារា​ចម្រៀង​រួម​ទ្រនំ និង​ជា​អ្នក​ស្និទ្ធស្នាល​នឹង​ឱក សុគន្ធ​កញ្ញា​នោះ បាន​ធ្វើការ​បង្ហោះ​សារ​អម​ដោយ​រូប​ថត​១​សន្លឹក ​ថា «​អារម្មណ៍​ពេលនេះ​ចង់​ស្តាប់​បទ​ចំរៀង​មួយ​បទ ព្រោះ​គេ​មិនមែន​យើង ច្រៀង​ដោយ​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់ ជា​idol របស់​អ្នក​ទាំងអស់គ្នា @sokunkanha តោះ​ស្តាប់​បទ​នេះ​ជាមួយ​ខ្ញុំ​នឹង​@sokunkanha ទាំងអស់គ្នា​ណា,​ ព្រោះ​គេ​មិនមែន​យើង​»​។​

បទ​ចម្រៀង​«​ព្រោះ​គេ​មិនមែន​យើង​» ច្រៀង​ដោយ​ឱក សុគន្ធ​កញ្ញា កាលពី​២ ៣​ឆ្នាំមុន​នោះ ហាក់​កំពុងតែ​រៀបរាប់​ពី​ជីវិត​ពិត​របស់​អ្នកនាង ហើយក៏​ជា​បទ​មួយ ដែល​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​ឱក សុគន្ធ​កញ្ញា យល់​ពី​អារម្មណ៍​របស់​អ្នកនាង នៅពេលនេះ​ផងដែរ​។

​នៅក្នុង​បទ​នេះ ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន ដែល​ចង់រក​កន្លែង​ស្ងាត់ ហើយ​ស្រែកយំ បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត ដើម្បី​ឲ្យ​ជីវិត​របស់​អ្នកនាង​បាន​ស្ងប់ស្ងាត់​។ អ្នកនាង​ថា គ្មាន​អ្នក​អាចយ​ល់ពី​អារម្មណ៍​នេះ គ្មាន​អ្នកណា​ដឹង​ឡើយ ក៏​ព្រោះ​គេ​មិនមែន​យើង មិន​ធ្លាប់​ជួប​រឿង​ដូច​យើង ដូច្នេះ​គេ​មិនអាច​យល់ច្បាស់​ពី​យើង គេ​មើលមិនឃើញ​ពី​ការឈឺចាប់​របស់​យើង​ឡើយ ទោះបីជា​ប្រឹង​រៀបរាប់​យ៉ាងណាក៏ដោយ​ក៏​ចុងក្រោយ គេ​នៅតែ​មិន​យល់​ដដែល​៕​

Related posts

Leave a Comment