មួយរយៈចុងក្រោយនេះ រឿងរ៉ាវបុរសម្នាក់ដែលបានចេញមុខអះអាងថា ខ្លួនជាឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងពេលដែលកំពូលតារាចម្រៀងរូបនេះមិនដែលបានរំលឹកពីឪពុករបស់ខ្លួន ចាប់តាំងពីបានតស៊ូរស់នៅជាមួយម្តាយរហូតមានឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃ បាននិងកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។
មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលបុរសម្នាក់ឈ្មោះ ឱក បូនី ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបផងដែរផ្នែកបុរាណ បានចេញមុខអះអាងថា ឱក សុគន្ធកញ្ញា គឺជាកូនរបស់ខ្លួន ហើយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងនេះ។
លោក ឱក បូនី បានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតឱក សុគន្ធកញ្ញាថា ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ ដែលពាក្យពេចន៍នេះបានធ្វើអោយមានការជជីកវែកញែកគ្នាពេញហ្វេសប៊ុក ខណៈពេលដែលមហាជនជាច្រើនបានសម្តែងការរិះគន់ ជាជាងការយល់ស្របទៅនឹងអ្វីដែលបានបង្ហោះនាពេលនេះ។
មិនគាំទ្រ ដោយសារតែពួកគេយល់ឃើញថា នៅសុខៗហេតុអ្វីបានជាបុរសរូបនេះបានប្រកាសទទួលឱក សុគន្ធកញ្ញា ជាកូនរបស់ខ្លួនពេញៗមាត់បែបនេះ ក្នុងពេលដែលតារារូបនេះបានតស៊ូយ៉ាងលំបាកជាមួយម្តាយដែលជាស្ត្រីមេម៉ាយទម្រាំដល់ដំណាក់កាលនេះ។ មួយវិញទៀតពួកគេក៏មិនយល់ស្របផងដែរថា ខ្លួនជាឪពុកមិនមើលថែកូន រត់ចោលកូនការប្រពន្ធថ្មី ហើយនៅពេលដែលកូនល្បីមានទ្រព្យសម្បត្តិសមរម្យ ទើបប្រកាសក្តែងៗថា ខ្លួនជាឱពុកគេ នេះមិនមែនជាការទទួលខុសត្រូវនោះឡើយ។
ពួកគេថា មនុស្សប្រុសដែលបោះបង់កូនតាំងកូនតូចមិនដែលនឹកនាមិនដែលផ្តល់អ្វីសោះសូម្បីតែការនឹករលឹក តែពេលកូនធំកូនជោគជ័យក៏ហៅថាកូនអញពេញៗមាត់ មានប្រាប់គេថាកូនអញកូនដែលអញបោះបង់ដើម្បីទៅរកអ្នកថ្មី កូនអញដែលអញមិនដែលបាននិយាយនឹក កូនអញដែលលុយមួយរយរៀលអញមិនដែលបានអោយអ្វីសូម្បីក្ដីស្រលាញ់។ ថោកដូចពូឯងនិងសមធ្វើឪគេដែលថ្ងៃដែលកូនគ្មានអ្វីសោះពូឯងនៅទីណា ចាកចោលប្រពន្ធកូន គ្មានចិត្តអាណិតគ្នា បង្កើតគេមកបោះបង់គេចោល ដល់គេបានថ្កុំថ្កើងចាប់ផ្តើមចង់អោយគេរំលឹកគុណ ហើយថ្ងៃនេះហ៊ានមកនិយាយចឹងរួច សូម្បីសត្វក៏វាស្រលាញ់កូនវាដែលពូអត់ជាងសត្វទៀតមនុស្សថោកនិងតិរច្ឆានដូចពូមិនសមអោយគេហៅពុកទេ។
ជាងនេះទៅទៀតមានមួយចំនួនខ្លះក៏បានបង្ហោះនូវវីដេអូឃ្លីបរបស់ ឱក សុគន្ធកញ្ញា ដែលធ្លាប់បានលើកឡើងនៅលើឆាកសម្តែងទាំងទឹកភ្នែកថា នាងបានខិតខំតស៊ូយ៉ាងលំបាក និងជាជំហរមួយយ៉ាងរឹងមាំក្នុងគ្រួសារ បន្ទាប់ពីនាងបានបែកឪពុក រស់នៅជាមួយម្តាយដែលជាស្ត្រីមេម៉ាយ អស់ជាច្រើនឆ្នាំ។
យ៉ាងណាទាំងអស់នេះគ្រាន់តែជាទស្សនៈ និងការយល់ឃើញពីមហាជនមួយចំនួនដែលគាំទ្រ ឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ខណៈពេលដែលមានមហាជនផ្សេងទៀតក៏មានការគាំទ្រនូវការលើកឡើងពីលោក ឱក បូនី នាពេលនេះដែល ហើយពួកគេបានចាត់ទុករឿងរ៉ាវមួយនេះជារឿងរ៉ាវក្នុងគ្រួសារដោយពាក្យចាស់ពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ អ្នកផ្សេងមិនបានដឹងច្បាស់នោះឡើយ៕
https://www.facebook.com/Kanha.Real.Fans/videos/2217446511864897/