តោះ​មក​មើល​ផ្ទះ ដែល​លោក​តា​ស៊ីន ស៊ី​សាមុត ​ធ្លាប់​រស់នៅ និង​ដើមឈើ​ ដែល​លោក​ដាំ​ មាន​អាយុ​ជិត​១០០​ឆ្នាំ

ភ្នំពេញ ​៖​ ដ្បិតតែ​រូប​កាយ​ បាន​ឃ្លាត​ពី​ផែនដី​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្ដី តែ​កេរ្តិ៍ឈ្មោះ និង​សំឡេង​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​ នៅតែ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស។

តាមរយៈ​ស្នាដៃ កេរ្តិ៍ឈ្មោះ ទឹកដម​សំឡេង​ដ៏​ពីរោះ​គ្មាន​២​របស់​លោកតា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ភ្លេច​នូវ​គុណបំណាច់​នេះ​ឡើយ ហើយ​ជារឿយៗ តែងតែ​ចុះ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​របស់​លោកតា និង​ជូន​ថវិកា​មួយ​ចំនួន​ជា​បន្តបន្ទាប់​ផងដែរ។

ជាក់ស្ដែង​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បន្ទាប់ពី​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី​រួចមក នា​រសៀល​ថ្ងៃ​អង្គារ ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ក៏បាន​ឆ្លៀតឱកាស​អញ្ជើញ ចូល​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស និង​បាន​ពិនិត្យមើល​ផ្ទះ​ចាស់​ដែល​លោកតា​ធ្លាប់​បានរស់នៅ និង​ដើម​មៀន​ដែល​លោកតា​បាន​ដាំ​មាន​អាយុ​ជិត​១០០​ឆ្នាំ ស្ថិតនៅ​ក្នុង​ខេត្តស្ទឹងត្រែង ផងដែរ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន » ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ។

តាម​ប្រភព​ដដែល បញ្ជាក់ថា នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​នាំយក​នូវ​កន្ត្រក់​ផ្លែឈើ និង​ថវិកា​មួយចំនួន​ជួន​ដល់​លោកយាយ សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​មួយចំណែក​ផងដែរ​។​

សូម​ជម្រាបជូន​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា បាន​ដឹកនាំ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ក្រោម​ចំណងជើង​ថា​៖ “​ពេលវេលា​ដែល​ត្រូវ​តបស្នង – វិភាគទាន​ចំពោះ អធិរាជ​សំឡេង មាស លោក ស៊ីន ស៊ី​សាមុត​” និង​បាន​រៃអង្គាស​ថវិកា​ដើម្បី​ជួល​ដល់​ក្រុមគ្រួសារ​លោកយាយ​។​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន បាន ជួយ​លើកស្ទួយ​កម្រិតជីវភាព​លោកយាយ និង​ក្រុមគ្រួសារ​បាន​មួយកម្រិត​ផង ដែរ៕

Related posts

Leave a Comment