ក្ដៅៗ! ចាន់​កូ​ម៉ែន ចេញ​បទ​ចម្រៀង​លើកដំបូង ជាមួយ​អត្ថន័យ​ចាក់​ដោត​តែម្ដង

ភ្នំពេញ ៖ ក្រោយពី​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ជាច្រើន​ខែ ទីបំផុត អតីត​បេក្ខជន​X Factor Cambodia លោក​ចាន់ កូ​ម៉ែន បាន​ចេញ​បទ​ចម្រៀង​ជា​លើកដំបូង​ហើយ ជា​លក្ខណៈ​Lyric Video បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ ជាមួយ​អត្ថន័យ​ចាក់​​ដោត​តែម្ដង។

បទ​ចម្រៀង​លើកដំបូង​របស់​តារា​ចម្រៀង​រូប​នេះ មាន​ចំណងជើង​ថា «​បង​ក្រ​អូន​ការ​ជាមួយ​គេ​ទៅ​» ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ដោយ​ទទួល​បានការ​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​របស់​លោក ព្រោះ​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ។

បទ​ចម្រៀង​នេះ ចេញ​ជា​លក្ខណៈ​LYRIC VIDEO មាន​រយៈពេល​ជិត​៥​នាទី រៀបរាប់​ពី​ជីវិត​តួអង្គ​ក្នុង​បទ​ចម្រៀង​នេះ គឺ​លោក ចាន់ កូ​ម៉ែន ​និង​សង្សារ​មាន​ជីវភាព​ក្រីក្រ ហើយ​ទីបំផុត លោក​ត្រូវ​បង្ខំចិត្ត​ឲ្យ​សង្សារ​របស់​ខ្លួន​​ ​ទៅ​រៀបការ​ជាមួយ​អ្នកមាន ​ដើម្បី​​មាន​ជីវិត​ខ្ពង់ខ្ពស់​ជាង​នេះ ​​ទាំង​ដែល​ខ្លួន​លោក​ត្រូវ​បង្ហូរ​ទឹក​ភ្នែក ​តែ​បេះ​ដូង​លោក​ញញឹម​ ​ចង់​ឃើញ​ជីវិត​សង្សារ​​​បាន​ធូរស្បើយ ​បាន​សុខ​នោះ ​គឺ​លោក​បានស្ងប់ចិត្តហើយ។

ក្រោយ​បទ​នេះ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង អ្នកគាំទ្រ​របស់​លោក បាន​ចូល​ទៅ​បញ្ចេញមតិ​ថា ពិតជា​ពីរោះ​ខ្លាំង​ណាស់ ហើយ​ខ្លះ​ថា​ទន្ទឹង​រង់ចាំ​ការ​មកដល់​នៃ​បទ​ចម្រៀង​របស់​លោក​​នេះ​យូរ​មក​ហើយ។

ជាក់ស្ដែង ​ពួកគេ​មានបាន​បញ្ចេញមតិ​ដូច្នេះ​ថា «​រង់ចាំ​យូរហើយ​ឥឡូវនេះ ​បាន​មក​ដល់​ហើយ​អរគុណ ហង្ស​មាស សម្រាប់​មួយ​បទ​នេះ​ចាក់​ដោត​ដល់​យុវវ័យ​បច្ចុប្បន្ន​នេះ​ខ្លាំង​ណាស់ ពិតជា ពីរោះ ណាស់ បង កូ​ម៉ែន idol ​ ស្រលាញ់​បង កូ​ម៉ែន ពេញ​បេះដូង​»​។ «​មកដល់​ហើយ​! បទ​ដំបូង​របស់ ចាន់ កូ​ម៉ែន ចេញមក​ចាក់​ដោត​តែម្ដង​! រីករាយ​ស្ដាប់​ទាំងអស់គ្នា​!»…៕

 


Related posts

Leave a Comment