លោកជំទាវ ម៉ន ថារ័ត្ន អគ្គនាយិការមជ្ឈមណ្ឌល EM Beauty Clinic ដែលគេស្គាល់ថាគឺជាអតីតពិធីការិនីក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ កាន់តែបង្ហាញអោយឃើញពីភាពជោគជ័យ ក្រោយលោកជំទាវមានស្វាមីជាឧកញ៉ា ហើយ បានទទួលទទួលពានមួយ ក្នុងនាមជាម្ចាស់គ្លីនិកកែសម្ផស្សដែលមានគុណភាព និង សុវត្ថិភាពខ្ពស់សម្រាប់អតិថិជន កាលពីចុងខែឧសភា។
ពានដែលទទួលបាននេះ បង្ហាញយ៉ាងច្បាស់ថា លោកជំទាវគឺជាអតីតពិធីការិនី ដែលបានតស៊ូពីនារីសាមញ្ញ ហើយក្លាយជាម្ចាស់ហាងកែសម្ផស្សដ៏ជោគជ័យម្នាក់ ដោយសេវាកម្មកែសម្ផស្សរបស់លោកជំទាវ ក៏ទទួលស្គាល់ដោយគណៈកម្មការវាយតម្លៃស្តង់ដារ កម្រិតអន្តរជាតិ។
លោកជំទាវក៏បង្ហាញពីមោទនភាពក្រោយការទទួលពានផងដែរ ស្របពេល ដែលនេះគឺជាក្ដីស្រមៃ បន្ទាប់ពីលោកជំទាវបើកហាង EM Beauty Clinic នៅជិតរង្វង់មូលទួលគោក ដែលល្បីខាងវះកាត់កែសម្ផស្ស និង សម្រកខ្លាញ់ក្បាលពោះ អោយតារាសិល្បៈល្បីៗ ហើយត្រូវបានក្រសួងសុខាភិបាលកម្ពុជា និង ស្ថាប័នវាយតម្លៃផ្នែកសុខភាពប្រចាំតំបន់អាស៊ាន វាយតម្លៃអោយទទួលពាន។
លោកជំទាវ ម៉ន ថារ័ត្ន បញ្ជាក់ថា នេះជាមោទនភាព និង ជាកម្លាំងចិត្តមួយដ៏ធំរបស់លោកជំទាវ និង គ្លីនិកកែសម្ផស្សទាំងមូល បន្ទាប់ពីត្រូវបានគណៈកម្មការសុខភាពក្នុងតំបន់អាស៊ានវាយតម្លៃ និង ជ្រើសជាគ្លីនិកកែសម្ផស្សនៅកម្ពុជា ដែលមានស្ដង់ដារ និង សុវត្ថិភាពខ្ពស់ ក្នុងការបម្រើសេវាកម្មផ្នែកកែសម្ផស្ស ដែលការទទួលស្គាល់នេះ ក៏បង្ហាញយ៉ាងច្បាស់ថា សេវាកម្មផ្នែកកែសម្ផស្សនៅកម្ពុជា កំពុងមានការឈានឡើង និង អាចទុកចិត្តបាន។
លោកជំទាវ ចន ច័ន្ទលក្ខិណា និង តារាកំប្លែង ខ្ញុង ដែលតែងចេញចូលកែកុននៅក្នុងហាង EM របស់លោកជំទាវ និង បានចូលរួមនៅក្នុងពិធីនោះបានលើកឡើងថា ពិធីប្រគល់ពាននេះ បង្ហាញកាន់តែច្បាស់ថា សេវាកម្មកែសម្ផស្សរបស់គ្លីនិកក្នុងស្រុក ពិសេសគឺក្នុងហាង EM Beauty Clinic គឺអាចទុកចិត្តបាន ស្របពេលដែលលោកជំទាវ ក៏បានជឿទុកចិត្ត និង ទទួលយកសេវាកម្មថែរក្សាសម្ផស្ស និង កែកុនជាហូរហែរ នៅក្នុងគ្លីនិកក្នុងស្រុកមួយនេះ ជំនួសអោយគ្លីនិកក្រៅស្រុក។ លោកជំទាវ ចន ច័ន្ទលក្ខិណា ថា លោកជំទាវ ម៉ន ថារ័ត្ន អាចចាត់ទុកថា គឺជាតារាសិល្បៈខ្មែរដែលគួរអោយសរសើរតែម្នាក់ ដែលបានហក់ចូលនៅក្នុងវិស័យកែសម្ផស្ស ដោយបានហែលឆ្លងការសិក្សាដល់ក្រៅប្រទេស ហើយអាចពង្រឹងសេវាកម្ម និង គុណភាពក្នុងការវះកាត់ លើគ្រប់សេវាកម្ម ជាពិសេសសេវាកម្មកែដើមទ្រូង ដាក់ខ្ទង់ច្រមុះ សេវាកម្មបូមខ្លាញ់សម្រកទម្ងន់ និង សេវាកម្មធ្វើអោយមុខក្មេងជាដើម រហូតធ្វើអោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕