កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទទួលដំណឹងថា សិល្បករផ្នែកអាយ៉ៃជើងចាស់លោកគ្រូ ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹងដោយសារជំងឺលើសឈាម ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់លោកគ្រូ បានប្រសើរខ្លះហើយ ដោយអាចហូបបាយបាន ងើបបាន តែ នៅវិលមុខ មិនទាន់អាចដើរបាននៅឡើយទេ។ នេះ បើតាមការបញ្ជាក់របស់អ្នកនាង កា ឆាយ និង នាយ ព្រែក។
ចំពោះអ្នកនាង កាឆយ ទោះមិនអាចជួយអ្វីបាន តែតាំងពីលោកគ្រូព្រហ្ម ម៉ាញ ចូលពេទ្យមក អ្នកនាង តែយកអាសា សួរសុខទុក្ខ និងជូនដំណឹងដល់មហាជនជាហូរហែតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។ បន្ថែមលើនេះ ក៏បានពាំនាំ ថវិកាកាកបាទក្រហមជូនលោកគ្រូទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតប្រគល់លុយជូនភរិយាលោកគ្រូ ព្រហ្ម ម៉ាញ អ្នកនាង កាឆយ បានរៀបរាប់ថា «ក្នុងនាមខ្ញុំជាសិល្បករជំនួសមុខអោយលោកគ្រូ ព្រហ្ម ម៉ាញ នាងខ្ញុំសូមថ្លែងអំណរអរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ ខ្ពង់ខ្ពស់ បានផ្តល់ជាអំណោយដល់លោកគ្រូ ព្រហ្ម ម៉ាញ
ក្នុងឱកាសនេះ នាងខ្ញុំនិងក្រុមគ្រួសាររបស់លោកគ្រូ ព្រហ្ម ម៉ាញ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមអោយមានសុខភាពល្អ និងសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ក៉ំបីឃ្លៀងឃ្លាតឡើយ 21/03/2022»។
អ្នកនាង កាឆយ បានបញ្ជាក់ទៀតថា «ខ្ញុំមិនអាចជួយអ្វីគាត់បានទេ មានតែទឹកចិត្តការគោរពនិងស្រលាញ់ដូចឪពុកម្តាយរបស់ខ្ញុំចឹង ពេលនេះទើបដឹង សិល្បៈពេលដែលអសត្តភាព ឬក៏ចាស់ទៅ ទើបយើងដឹងថា តម្លៃសិល្បៈមានកម្រិតណា មានតែសាងអំពើល្អ
អរគុណ ដល់សម្តេច និងលោកជំទាវខ្លាំងណាស់ ដែលលោកទាំងពីរតែងតែបារម្មភ និងមើលថែរក្សាសិល្បៈគ្រប់ផ្នែក ទោះបីលោករវល់រឿងប្រទេសជាតីក៏ដោយ ក៏លោកមិនទុកអោយកូនចៅវេទនាឡើយ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖