លោកអ្នក បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ សិល្បករផ្នែកអាយ៉ៃជើងចាស់លោកគ្រូ ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹងដោយសារជំងឺលើសឈាម ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។
នៅពេលនោះ តារាកំប្លែងអ្នកនាង កាឆយ បញ្ជាក់តាមរយៈសំណេរហ្វេសប៊ុករបស់ខ្លួនថា « លោពូ ព្រហ្ម ម៉ាញ លើសឈាមសន្លប់ ឥឡូវនៅពេទ្យសង្គ្រោះបន្ទន់ សូមអោយលោកពូឆាប់ជាណា”។ បន្ថែមលើនេះ កឆាយ បានបន្តទៀតថា «សូមកុំអោយគាត់កើតអីអោយសោះ គាត់ចាប់ផ្តើមឈឺក្បាលរវើរវាយ អាណិតមីងណាស់តែម្នាកឯង ព្រះអើយជួយ»។
ជាមួយគ្នានេះ អ្នកនាង កាឆយ បានសម្ដែងការអាណិត និងសរសើរចំពោះភរិយាលោកព្រហ្មម៉ាញថា «ឈ្មោះជាប្រពន្ធមិនដែលចោលប្ដីក្នុងគ្រាអាសន្នណាមួយឡើយ…! ជូនពរអ៊ំឆាប់ទទួលបានសុខភាពល្អឡើងវិញ ដោយសារមានអ្នកមើលថែទាំយ៉ាងពិសេសនៅជាប់ក្បែរជានិច្ច…!»។
ដោយឡែក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នាយព្រែក បានទៅសួរសុខទុក្ខ លោកព្រហ្មម៉ាញ និងបញ្ជាក់ពីស្ថានភាពសុខភាពលោកថា «ពេលនេះអ៊ំ ព្រហ្ម ម៉ាញ បានធូរស្រាលបន្ដិចហើយសំណាងណាស់ ដែលអ៊ំទប់ខ្លួនមិនអោយដួលនៅថ្ងៃនោះ កុំអីមិនដឹងថាយ៉ាងណាទេ»។
ដោយឡែក នៅក្នុងវីដេអូ នាយព្រែក បានរៀបរាប់ថា អ៊ំឥឡូវគាត់ពិសាបាយបាន អាចងើបបាន គ្រាន់តែដើរអត់ទាន់បាន នៅវិល។ ពេល នាយព្រែក កំពុងនិយាយរៀបរាប់នេះដែរ លោកគ្រូ ព្រហ្ម ម៉ាញ ក៏បាននិយាយថា នៅវិល ដើរអត់ទាន់បានទេ។
សូមបញ្ជាក់ថា លោកគ្រូ ព្រហ្ម ម៉ាញ ជាសិល្បករអាយ៉ៃដ៏ឆ្នើម ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិតក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណាអាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។
ដោយសារតែទឹកចិត្តស្រឡាញ់ទម្រង់សិល្បៈកេរដំណែលដូនតាមួយនេះ លោកគ្រូក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ ដល់អ្នកជំនាន់ក្រោយទៀតផង៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖