លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ តារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ ហើយ ក្រោយពីខកខានជាច្រើនលើកច្រើនសា នោះ។
តាមគម្រោង នីឡា និងគូដណ្ដឹង ត្រូវចូលរោងការតាំងពីខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគេត្រូវសម្រេចពន្យារពេល រហូតមកដល់ថ្ងៃនេះតែម្ដង។
ពិធីមង្គលការរបស់វ៉ាន់ នីឡា ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។
ទោះយ៉ាងណា អ្វី ដែលកាន់តែពិសេស និងចាប់អារម្មណ៍ទៀតនោះ ក្រោយមហាជន បានឃើញទិដ្ឋភាពមង្គលការខាងលើរួចមក ម្នាក់ៗ បានចាប់អារម្មណ៍ទៅលើស្បែកជើងរបស់កូនកំលោះ មើលទៅពិតជាអស្ចារ្យ និងទាក់ភ្នែកខ្លាំងណាស់។
ស្បែកជើងរបស់ស្វាមីតារាស្រីវ៉ាន់ នីឡា ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers ដែលមានតម្លៃរហូតដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ចូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ។
ក្រោយពីមានការចុះផ្សាយព្រោងព្រាតពីរឿងនេះ រហូតល្បីដល់សាមីខ្លួននោះ ទើបថ្មីៗនេះ ប្ដីតារាស្រី វ៉ាន់ នីឡា ចេញវីដេអូបកស្រាយថា ស្បែកជើងខ្លួន មានតម្លៃ១ពាន់ដុល្លារ ដូចគេចុះផ្សាយមែន តែខ្លួនចង់ប្ដូរការគិតរបស់បងប្អូនមហាជនវិញ។ បងប្អូនខ្លះធ្លាប់ការដឹងហើយ ពីព្រឹកឡើងរហូតដល់ពេលថ្ងៃ គឺយើងត្រូវបត់ជើងរហូត, សំពេះគ្រូអាចារ្យ លោកសង្ឃ មានសូត្រមន្ត មានក្រុងពាលី ជាដើម ហើយពិធីពាក់ស្បែកជើងមានតែកន្លះម៉ោងទេ។
លោកថា នៅម៉ោងខ្ទង់៧ ៨ ភ្ញៀវចាប់ផ្ដើមមក ហើយលោកត្រូវថតជាមួយពួកគាត់ ប្រហែលជាម៉ោង៩ ហើយរវល់ពេកប្រុងថា ថតទាំងអស់ពាក់ស្បែកជើងផង តែគិតថា អត់សម ទើបឲ្យប្អូនទៅយកស្បែកជើងមួយណាក៏បាន ហើយប្អូនស្រឡាញ់ស្បែកជើងពណ៌នោះ ក៏យកមកឲ្យលោកពាក់។
លោកថា តម្លៃមិនថ្លៃទេ តម្រូវឲ្យលោកពាក់មួយភ្លែត ធ្វើឲ្យលោកល្បី បើកហ្វេសប៊ុកឡើង ធុញមែនទែន ហើយស្បែកជើងលោក១ពាន់ហ្នឹងមិនមែនមានតែលោកពាក់នោះទេ មានតារាចម្រៀងម្នាក់ ពាក់ស្បែកជើងJordan ថ្លៃជាងលោកមែនទែន រហូតអ្នកខ្លះ ពាក់ដល់តម្លៃ១គូ៥ពាន់ផង។
លោកថា លោកចង់ប្ដូរការគិតរបស់បងប្អូនទាំងអស់គ្នា ហើយសង្ខេបមក លោកពាក់បានតែពេលថតទេ ក្រៅពីហ្នឹងលោកបត់ជើងសំពេះ នៅក្នុងកម្មវិធីទាំងអស់»៕