ម្ចាស់រថយន្តTundra ពាក់ស្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្ច្រាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួនដើម្បីធ្វើការផាកពិន័យតាមច្បាប់។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។
យោងតាមផេកដដែល បានគូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្ច្រាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ ស្លែ ពាក់ស្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្ដាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។
ប្រភពបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្ដោះអាសន្ន រង់ចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:៥០នាទី អ្នកបើកបររថយន្តល្មើស ឈ្មោះ សែម វិបុត្រ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។
ប្រភពបន្តថា មូលហេតុ ដែលគាត់បើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ ដោយសារកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគ្នា ទើបសម្រេចចិត្តបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ ប្រញាប់យកថ្នាំឲ្យកូនលេប៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា !!!