បញ្ចេញ​គ្រប់​ក្បាច់! ដួង ហ្សូរីដា ទម្លាយ​រូប​ជាង​១០​ឆ្នាំមុន និង​សរសើរ​សំណាង​ខ្លួន​ឯង ដែល​បាន​ស្គាល់​ អ្នក​នាង យក់ ចិន្តា (មានវីដេអូ)

និយាយ​ដល់​ឈ្មោះ អ្នកនាង យក់ ចិន្តា ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ជា​ពិធី​ការិនី​ដ៏​ល្បី​មួយ​រូប​ឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការរស់នៅ​របស់​អ្នកនាង​ទៀតសោត មាន​ភាព​សាមញ្ញ​ខ្លាំង​ណាស់។

បន្ថែម​លើ​ភាព​ល្បីល្បាញ​ជា​យូរ​ឆ្នាំនេះ អ្នកនាង ក៏​ជា​មនុស្ស​ម្នាក់ ដែល​ចេះ​យកអាសា​អ្នកដទៃ ជា​មិត្ត​ល្អ ជា​គ្រូ​ល្អ​ទៀត​ផង​។ ជាក់ស្ដែង ពេល​ពិធី​ការិនី​ល្បីឈ្មោះ​គង់ សុជាតិ ​ធ្លាក់​ខ្លួន​ឈឺ​ ដោយសារ​បញ្ហា​ជីវិត​ស្នេហា​តិចតួច​ កាលពី​ឆ្នាំ​កន្លងទៅ​ អ្នកនាង បាន​ទៅ​សួរ​សុខទុក្ខ ហើយក៏​ទទួល​បាន​ការ​សរសើរ​ផង​ដែរ។

​ដោយឡែក កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ដួង ហ្សូ​រី​ដា ដែលជា​ពិធី​ការិនី និង អតីត​តារា​សម្ដែង​ឆ្នើម​មួយរូប បាន​ទម្លាយ​រូបថត​ជាច្រើន​សន្លឹក​បញ្ចេញ​គ្រប់​ក្បាច់​ជាមួយ​ពិធី​ការិនី យក់ ចិន្តា ធៀប​នឹង​រូប​បច្ចុប្បន្ន ហើយ​លាន់មាត់​សរសើរ​រៀមច្បង​រូបនេះ មិន​ដាច់​ពី​មាត់​ទៀតផង។

ដួង ហ្សូរីដា បាន​រៀបរាប់​ថា «កុំ​អោយ​តែ​ជួប​គ្នា​រវាង​បងប្អូន​ស្រី​ទាំង​២ គឺថា​គ្រប់ Style ជាង​១០​ឆ្នាំ​របស់​ពួកយើង​មិនដែល​ភ្លេច​ឡើយ គោរព​ស្រឡាញ់​បងស្រី​ម្នាក់​នេះ Chinda Yok គាត់​ក៏​ជា​គ្រូបង្រៀន​ម្នាក់​របស់ខ្ញុំ ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាជីព​ពិធីការិនី​ដំបូង​ៗ អាច​និយាយ​បាន​ថា ពិធីការិនី​ល្បី ស្អាត លេចធ្លោ​ជាងគេ​ក្នុង​ប្រទេស​ដំបូង​នៃ​វិស័យ​ទូរទស្សន៍ តាំងពី​ជំនាន់ IBC។

ខ្ញុំ​មិន​សំណាង​នឹង​រឿង​ផ្សេងៗ ប៉ុន្តែ​ខ្ញុំ​សំណាង​ដែល​ជួប​និង​មាន​មនុស្ស​ល្អៗ​ស្មោះត្រង់​ក្នុង​ជី​វិត​ខ្ញុំ​ច្រើន ជាង​អ្នក​ច្រណែន​ឈ្នានីស ព្រោះ​ខ្ញុំ​គ្រាន់តែ​គិត​ថា បើ​គេ​ច្រណែន និង ស្អប់​យើង បានន័យថា យើង​មាន​ចំណុច​អ្វី​ពិសេស​ល្អ​ជាងគេ​ហើយ ទើប​ធ្វើ​អោយ​គេ​មិន​សុខចិត្ត រីឯ​យើង​មានតែ​ភាព​ស្ងប់​សុខ​តាម​ជីវភាព​ប្រឹងប្រែង​របស់​យើង​ដែល​មាន ដោយ​សមត្ថភាព នេះ​ជា​អ្វីដែល​ខ្ញុំ​មោទនភាព​សម្រាប់​ខ្លួនឯង តស៊ូ​គ្រប់យ៉ាង​ដើម្បី​គ្រួសារ​តូច​របស់ខ្ញុំ»៕​


Related posts

Leave a Comment