កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានការចែករំលែកវីដេអូ និងរូបភាពជាច្រើនពាក់ព័ន្ធនឹងសកម្មភាពក្នុងMVចម្រៀងថ្មីរបស់កញ្ញា តន់ ចាន់សីម៉ា ដែលនាងបានគ្រងសំលៀកបំពាក់ខ្មែរនៅលើទឹកដីអង្គរយ៉ាងស្រស់ស្អាតនោះ។
ឈុតសំពត់សម្លុយបែបបុរាណ ដែលមានពណ៌ក្រហមឆ្អៅលាយទឹកប៊ិច និងពណ៌ស មានប៉ាក់រូបទង់ជាតិខ្មែរល្អប្រណីតនេះ ត្រូវបានមហាជនកូនខ្មែរជាច្រើនសម្ដែងនូវការស្ងើចសរសើរយ៉ាងខ្លាំងថា ក្រៅពីភាពស្រស់ស្អាត សំលៀកបំពាក់នេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅអំពីអត្តសញ្ញាណខ្មែរទៀតផង។
ទោះយ៉ាងណា អាជ្ញាធរអប្សរា កាលពីពេលថ្មីៗនេះ បានបង្ហាញមិនគាំទ្រចំពោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ។ ទង់ជាតិគឺជានិមិត្តរូបជាតិ។
ឯកឧត្តម មានប្រសាសន៍ទៀតថា ទង់ជាតិត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិមាតុភូមិ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។
ដូច្នេះ ការយករូបភាពទង់ជាតិមកធ្វើជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមា.ថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់ អ្នកខ្លះ មិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម។
ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិសូមជួយចូលរួមការពារបរិស្ថាន កុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើរជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ។
ដោយឡែក លោកផែង វណ្ណៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានយល់ឃើញខុសពីអាជ្ញាធរជាតិអប្បរា ក៏បង្ហោះរូបថតជនសាសន៍ផ្សេងៗយករូបទង់ជាតិដាក់លើស្បែកជើងជាច្រើនសន្លឹក ហើយរៀបរាប់ថា «ប៉ុន្មានថ្ងៃនេះ ឃើញអាជ្ញាធរអប្សរារករឿងអ្នកចម្រៀងម្នាក់យកក្រណាត់ទង់ជាតិកម្ពុជាច្នៃធ្វើជាសំលៀកបំពាក់ ដោយលើកហេតុផលមិនសមអញ្ចេះ មិនសមអញ្ចុះ ប៉ះពាល់នេះ ប៉ះពាល់នោះ។
តាមពិតទៅគួរតែលើកទឹកចិត្តអ្នកចម្រៀង ដែលគាត់ស្រលាញ់ទង់ជាតិ និងចង់អោយបរទេសស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្រើន។ ក្រលេកមើលប្រទេសជឿនលឿន គេមិនខ្វល់រឿងបែបនេះទេ ទោះផលិតស្បែកជើងដាក់រូបទង់ជាតិគេក៏គេមិនរករឿងអ្វីដែរ»។
គួរបញ្ជាក់ថា ក្រៅពីអាជ្ញាធរជាតិអប្សរាមិនពេញចិត្តនោះ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនមិនពេញចិត្តផងដែរ ដោយរិះគន់ថា មានភាពស្រដៀងគ្នានឹងទង់ជាតិប្រទេសដទៃ។
ជុំវិញការលើកឡើងខាងលើនេះ ម្ចាស់សំអាងការ ណុប ដាណេ ដែលជាអ្នកច្នៃម៉ូតនេះផ្ទាល់បានប្រាប់ឱ្យ ដឹងថា នេះគ្រាន់តែជាការយល់ឃើញរបស់មហាជនតែប៉ុណ្ណោះ តែធាតុពិតជាក់ស្ដែងគឺយើងមានអំណះអំណាង និងប្រភពដើមយ៉ាងច្បាស់លាស។
ណុប ដាណេ បាននិយាយថា ស្បៃដែលដណ្ដប់លើខ្លួនរបស់ តន់ ចាន់សីម៉ា គឺជាប្រភេទផាហំសូត្រដែលមាន៣ពណ៌ ពណ៌ស ទឹកប៊ិច និងក្រហម ដែលជាពណ៌តំណាងឱ្យទង់ជាតិរបស់ខ្មែរ ។ ក្រៅពីនេះក៏មានទង់ជាតិខ្មែរមួយនៅផ្នែកចំហៀងខាងឆ្វេងនៃដើមទ្រូងផងដែរ។
ដោយឡែកចំពោះសំពត់សម្លុយដែល តន់ ចាន់សីម៉ា គ្រងគឺជាប្រភេទសំពត់សម្លុយក្បាលសូត្រដែលមានអាយុកាលច្រើនឆ្នាំ ដែលខ្មែរយើងកម្រឃើញយកមកប្រើ និងមានចម្រុះពណ៌ចំនួន៥ គឺពណ៌ទឹកប៊ិច ស ពណ៌សាច់ ទឹកប្រាក់ និងប្រផេះនោះ វាគឺជារបស់ខ្មែរយើង។
ម្ចាស់សំអាងការ ណុប ដាណេ បាននិយាយថា៖ «ខ្ញុំអត់ចង់ឱ្យពួកគាត់ អត់ទាន់មើលផ្ទៃសំពត់ហ្នឹងច្បាស់ថា ផ្ទៃសំពត់ហ្នឹងមានប៉ុន្មានពណ៌ ផ្ទៃសំពត់ហ្នឹងមានដើមកំណើតមកពីណា ថៃមានដើមកំណើតមកពីណា ហេតុអ្វីក៏ម្នាក់ៗឱ្យតែយើងធ្វើអ្វីបន្តិចតែងតែគាត់គិតថាជារបស់ថៃ យើងយករបស់ថៃ យើងធ្វើតាមថៃ! ម៉េចក៏យើងមិនមានផ្នត់គំនិតមួយថាថៃធ្វើតាមយើងវិញ ដោយវាគឺជារបស់យើង»។
ណុប ដាណេ បានសង្កត់ធ្ងន់ទៀតថា យើងឈឺ ឬអត់? នៅពេលដែលយើងយករបស់ដែលយើងកប់យូរមកហើយ យើងអត់ដែលយកមកប្រើ ហើយនៅពេលយើងលើកយកមកប្រើត្រូវគេនិយាយថាវាជារបស់ថៃ។
តើអ្នកដែលដំបាញ់ អ្នកដែលខំប្រឹងដាំសូត្រ និងខំប្រឹងត្បាញជាផ្ទៃក្រណាត់ទម្រាំតែបានប្រភេទអតីតកាលរបស់ខ្មែរ ហើយនៅពេលដែលយកប្រើមកប្រើត្រូវគេនិយាយថាជារបស់ថៃ ទាំងដែលខ្លួនឯងមិនដឹងថាវាជារបស់ខ្មែរ៕