ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំងសម្រាប់មហាជនទូទៅ ក្រោយទទួលបានដំណឹងថា សិល្បករផ្នែកអាយ៉ៃជើងចាស់លោកគ្រូ ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹងដោយសារជំងឺលើសឈាមនៅយប់មិញនេះ។
បើតាមតារាកំប្លែងអ្នកនាង កាឆយ បានឱ្យដឹងតាមរយៈសំណេរហ្វេសប៊ុករបស់ខ្លួនថា ពេលនេះសិល្បករជើងចាស់ផ្នែកអាយ៉ៃលោកគ្រូ ព្រហ្ម ម៉ាញ កំពុងស្ថិតនៅក្នុងសភាពសន្លប់ស្ដូកស្ដឹង និងកំពុងទទួលបានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។
អ្នកនាង កាឆយ បញ្ជាក់ថា ៖ ” លោពូ ព្រហ្ម ម៉ាញ លើសឈាមសន្លប់ ឥឡូវនៅពេទ្យសង្គ្រោះបន្ទន់ សូមអោយលោកពូឆាប់ជាណា”។ បន្ថែមលើនេះ កឆាយ បានបន្តទៀតថា «សូមកុំអោយគាត់កើតអីអោយសោះ គាត់ចាប់ផ្តើមឈឺក្បាលរវើរវាយ អាណិតមីងណាស់តែម្នាកឯង ព្រះអើយជួយ»។
សូមបញ្ជាក់ថា លោកគ្រូ ព្រហ្ម ម៉ាញ ជាសិល្បករអាយ៉ៃដ៏ឆ្នើម ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិតក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណាអាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។
ដោយសារតែទឹកចិត្តស្រឡាញ់ទម្រង់សិល្បៈកេរដំណែលដូនតាមួយនេះ លោកគ្រូក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ ដល់អ្នកជំនាន់ក្រោយទៀតផង។ តើប្រិយមិត្តមានអ្វីជូនពរដល់លោកគ្រូ ព្រហ្ម ម៉ាញ?