អស់ទ្រាំហើយ! ក្លាយ​ជា​ម្ចាស់​ពាន ស្រាប់តែ​មាន​អ្នក​ទើស, សួ វិចិត្រ ទ្រាំ​មិន​បាន ដាច់​ចិត្ត​បង្ហោះ​សារ​ឆ្លើយ​តប​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា បន្ទាប់ពី​ឆ្លង​កាត់​ការ​ចម្រាញ់​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ​, កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​​កាលពី​យប់​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២២​ នោះ​គឺ​បេក្ខជន​ ដែល​មកពី​ខេត្ត​ពោធិ៍សាត់​គឺ សួ វិចិត្រ។

ភាព​ជោគជ័យ​ធំ​សម្បើម​មួយ​នេះ មិនមែន​ជា​សំណាង ឬ​ជា​ភាព​ចៃដន្យ​នោះ​ឡើយ ប៉ុន្តែ​គឺជា​ការ​ផ្ដល់ឱ្យ​យ៉ាង​សុ​ក្រិត​ភាព​ពី​ទស្សនិកជន​តាមរយៈ​ការបោះឆ្នោត​ជា​សំឡេង​សារ​គាំទ្រ ហើយ​នេះ​គឺជា​គោលបំណង​ធំ​បំផុត​មួយ​នៅ​ក្នុង​ជីវិត ដែល​បេក្ខជន សួ វិចិត្រ បាន​ប៉ងប្រាថ្នា​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ឈាន​ជើង​ចូល​ប្រឡង។

ទោះយ៉ាងណា ក៏ម្ចាស់ពាន Beat The Best រដូវកាលទី១រូបនេះ គេចមិនផុតពីការរិះគន់មួយចំនួននោះឡើយ។ ជាក់ស្ដែងពេលនោះ គ្រាន់តែដឹងលទ្ធផលភ្លាម អតីតតារាសម្ដែង ស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានបង្ហោះសារប្រតិកម្ម ហើយមានអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀតយល់ឃើញស្រដៀងគ្នា ក៏ចេញមុខប្រតិកម្មផងដែរ។

ការប្រតិកម្ម និងរិះគន់មួយចំនួននេះ គេមិនឃើញ តារាចម្រៀង សួ វិចិត្រ ធ្វើការឆ្លើយតបភ្លាមៗនោះឡើយ។ លុះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្រាប់តែលោកបង្ហោះសារឆ្លើយតបទាំងកណ្ដាលអធ្រាត្រតែម្ដង។

បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក សួ វិចិត្រ បានបង្ហាញជំហររបស់ខ្លួនថា «ខ្ញុំសឹងតែក្លាយជាមនុស្សចិត្តថ្មទៅហើយ តាំងពីស្រលាញ់សិល្បៈមកខ្ញុំមិនដែលបានរិះគន់បងប្អូនសិល្បៈណាទេ ពីព្រោះខ្ញុំគិតថា បើខ្ញុំមិនបានជួយចូកជួយចែវទេដាច់ខាតក៏ខ្ញុំមិនបង្អាក់ដែរ ហើយខ្ញុំរឹតតែមិនមែនជាមនុស្សចូលចិត្តប្រើ Marketing លើអ្នក​ដទៃ​ដើម្បីអោយខ្លួនល្បីទេខ្លាចបាបខ្លះក៏ល្អដែរ ទោះមិនជឿលើបុណ្យបាបក៏ដោយ»។

ក្រោយពីការបង្ហោះសារបែបនេះរួចមក មានអ្នកគាំទ្រលោកជាច្រើន បានស្នើឲ្យលោកលុបសារនេះចេញវិញ ដោយលើកហេតុផល ឲ្យលោកទៅមើលគំរូតារា​រៀមច្បង​ល្បីៗជាច្រើន ពួកគាត់មិនដែលខ្វល់ និងឆ្លើយតបទៅនឹងការរិះគន់នោះឡើយ ហើយទីបំផុតលោកក៏សម្រេចលុបតាមការសំណូមពរ៕

Related posts

Leave a Comment