និយាយដល់ឈ្មោះ តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព សោភា ទេពី ប្រិយមិត្តមួយចំនួនច្បាស់ជានឹកឃើញភ្លាមថា រូបនាង ជាអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយក៏ធ្លាប់រងការរិះគន់មួយចំនួនជុំវិញការCoverបទចម្រៀងផងដែរ។
ទោះយ៉ាងណា បច្ចុប្បន្ន នាង កាន់តែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា ស្របពេលដែលការងារសិល្បៈក៏មមាញឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រីឯបទចម្រៀងនីមួយៗក៏កាន់តែផ្ទុះខ្លាំងឡើងរាល់ពេលដែលចេញម្តងៗ។
បើក្រឡេកទៅមុខរូបរាងដ៏ទ្រលុកទ្រលន់ និងមុខមាត់របស់នាងនោះ មហាជនមួយចំនួនច្បាស់ជាគិតថា នាងអាចមានវ័យ២០ជាងហើយ តែថ្មីៗនេះ នាងអះអាងថា ទើបតែឈានចូលដល់វ័យ១៨ឆ្នាំប៉ុណ្ណោះ។
ជាក់ស្ដែង សោភា ទេពី បានបង្ហោះរូបភាពបង្ហាញសម្រស់របស់ខ្លួន ថែមទាំងប្រាប់ពីអាយុខ្លួនឯងថា «អូនប្រែហើយ ( ឆ្នាំនេះ សោភាទេពី អាយុ18ឆ្នាំហើយ ) ប្រែក្លាយទៅជាមនុស្សថ្មី ជានារីរឹងមាំ ក្លាហាន ឈ្នះគ្រប់ឧបសគ្គ ដោយមានជំនឿជឿជាក់លើខ្លួនឯង នឹងមានក្តីសង្ឃឹមជាក់ច្បាស់ថានៅថ្ងៃមុខខ្ញុំនឹងទទួលជោគជ័យនូវអ្វីដែលខ្ញុំបានប៉ងប្រាថ្នា»។
ពេលដឹងថា នាងទើបតែអាយុ១៨ឆ្នាំនោះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ហាក់មិនជឿនោះឡើយ ដោយគិតថា តារាស្រីរូបនេះកុហកនិយាយ មិនពិត ព្រោះតែអាយុនាងពិតជាក្មេងជាងវ័យខ្លាំងណាស់។
តួយ៉ាង នារីម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Pich Theary» បានលើកឡើង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះថា «កាលឯងអាយុ២៦ មីអូនហ្នឹងអាយុ១៦ ឥឡូវឯង៣១ មីអូនហ្នឹងទើបតែ១៨ ម្នាយហើយ…ម៉េចចាស់តែឯងចឹង»។
គួរបញ្ជាក់ថា រឿងរ៉ាវអាយុពិតរបស់ខ្លួននេះ កញ្ញា សោភា ទេពី ធ្លាប់ចេញមុខបញ្ជាក់ច្រើនដងមកហើយ ថែមទាំងធ្លាប់បង្ហាញនូវសំបុត្រកំណើត ក៏ដូចជាអត្តសញ្ញាណប័ណ្ឌរបស់ខ្លួនផ្ទាល់ ដើម្បីបញ្ចប់ការងឿងឆ្ងល់ពីបណ្តាអ្នកគាំទ្រ ដែលគិតថានាងកុហកប្រាប់អាយុមិនពិតផងដែរ៕