ភ្នំពេញ ៖ ពេជ្រ សោភា ជាតារាចម្រៀងស្រី ជ្រកកោនក្រោមទ្រនំផលិតកម្មរស្មីហង្សមាស ដែលបានបង្ហាញខ្លួននៅចុងឆ្នាំ ២០០៤ ជាមួយបទចម្រៀងដំបូងរបស់នាង « Better day» ជាមួយ DJ-ស្តី។
គិតមកដល់ពេលនេះ តារាចម្រៀង ពេជ្រ សោភា បានឈរជើងលើវិថីសិល្បៈជិត២០ឆ្នាំមកហើយ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីតាមរយៈបទចម្រៀងជាច្រើន ដោយមានទាំងចម្រៀងទោល និង ចម្រៀងជាដៃគូ។
កញ្ញា ពេជ្រ សោភា មានឈ្មោះដើមថា ស៊ួ សោភា ដែលបានដាក់ឲ្យដោយឪពុកម្តាយរបស់នាងដែលមានត្រកូលដូចគ្នា គឺឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ៧៧ឆ្នាំ និង ម្ដាយឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ ប៉ុន្តែក្រោយមក នាងត្រូវបានប្ដូរមកឈ្មោះ ពេជ្រ សោភា វិញ។
កញ្ញា ពេជ្រ សោភា បានកើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សោភាគឺជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ ប្រុស១ ស្រី ៤។ ម្ដាយឪពុករបស់នាងគឺអតីតជាអ្នកបេះបន្លែ បូតស្លឹកអំពិលលក់ និង ពេលខ្លះគាត់ក៏ធ្លាប់ រុញធុងអំពៅសាង ឬ លក់ខ្យងខ្ចៅ នំកងនំក្រូចលក់តាមផ្លូវផងដែរ។
ទោះយ៉ាងណា កន្លងមក អ្នកគាំទ្រ ពេជ្រ សោភា មិនដឹងទេថា តារាចម្រៀងរូបណា ជាអាយដលក្នុងដួងចិត្តរបស់នាងនោះទេ។ តែបើតាមការសង្កេតរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រ នោះ, តារាចម្រៀងដែល ពេជ្រ សោភា ពេញចិត្តជា Idol ក្នុងពេលបច្ចុប្បន្ននេះ គឺតារាប្រុសមួយរូប ដែលកំពុងរួមរស់ក្នុងទ្រនំយក្សរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយម្នាក់នោះទំនងអាចជាលោក ខេម ព្រោះជារឿយៗ តារាស្រីរូបនេះ តែងស្ដាប់បទចម្រៀងរបស់គេ។
ជុំវិញរឿងនេះ ម្ចាស់បទ «ហុយ ហុយ» កញ្ញា ពេជ្រ សោភា ក៏ធ្លាប់ប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គមកាលពីថ្មីៗនេះដែរថា ខេម គឺជាតារាចម្រៀងមួយរូប ដែលនាងគោរពស្រលាញ់ ហើយអ្វីដែលពិសេសនោះ គឺបទចម្រៀងមួយបទរបស់ ខេម ដែលធ្វើខ្លួនស្ដាប់មិនចេះជិនណាយ និងចូលចិត្តស្ដាប់ខ្លាំងបំផុត គឺបទ «នឹកពេលណាយំពេលនោះ» ៕