លោកអ្នក បានជ្រាបរួចមកហើយថា បច្ចុប្បន្ន តារាចម្រៀង សួស វីហ្សា មានប្ដី និងមានកូន១បាត់ទៅហើយ ជាមួយរូបរាងធាត់ ខុសគ្នាដាច់ពីពេលចូលសិល្បៈដំបូងតែម្ដង។ បច្ចុប្បន្ន អ្នកនាង កំពុងឈរជើងនៅក្នុងផលិតកម្មរស្មីហង្សមាស ហើយចំពោះឈ្មោះពិតរបស់អ្នកនាងវិញ មិនមែន សួស វីហ្សា ដូចពេលនេះឡើយ។
មុននឹងមានឱកាសក្លាយជាតារាចម្រៀងនៅផលិតកម្មយក្សខាងលើនេះ សួស វីហ្សា ជាតារាចម្រៀងនៅក្នុងផលិតកម្មRock តែក្រោយមកផលិតកម្មRockបិទលែងដំណើរការ ទើបនាងចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស ជាមួយនឹងការកសាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញនោះ។
រំលឹកដល់ពេល មុនក្លាយជាអ្នកសិល្បៈនោះ សួស វីហ្សា មានឈ្មោះពិតថា សួស ស្រីថុល បានប្រឡងចម្រៀងនៅផលិតកម្មរ៉ុក (Rock Star) ដោយឆ្លងកាត់ការប្រកួតមិនតិចវគ្គទេ ទម្រាំបានជាប់ពីមួយវគ្គទៅមួយវគ្គ ក្លាយជាតារាចម្រៀងនៅផលិតកម្មមួយនេះ។
សួស វីហ្សា ធ្លាប់រំលឹករឿងអតីតកាលរបស់ខ្លួនថា អ្វីដែលនាងចាំមិនភ្លេច ឱ្យតែពេលទៅច្រៀងប្រកួតម្តងៗ គឺរកតែប្រាក់ទិញគ្រឿងតុបតែងខ្លួនមិនបានផង ហើយមានតែម៉ូតូចាស់មួយគ្រឿងជិះពីរនាក់ឪពុក ទៅច្រៀងប្រកួតទាំងមិនសង្ឃឹមទេ ព្រោះតែអ្នកប្រកួតជំនាន់នាងសុទ្ធតែខ្លាំងៗមានសំឡេងពីរោះ សូម្បីតែវគ្គប្រកាសលទ្ធផលជាផ្លូវការក៏អត់សង្ឃឹមដែរ តែទីបំផុតនាងនៅតែអាចធ្វើបាន។
ចំពោះវីដេអូ ពេលប្រឡងរបស់នាង ដោយប្រើឈ្មោះ សួស ស្រីថុលនោះ ត្រូវបានគណនីទីកតុកមួយឈ្មោះ«mrrlodii4141» យកទៅបង្ហោះ បង្កការឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់អ្នកខ្លះឃើញឈ្មោះនេះហើយចង់គាំងតែម្ដង។
លើសពីនេះ មានមតិមួយ បានលើកជាចម្ងល់ថា «ឆ្ងល់ពួកតារាខ្មែរឲ្យតែល្បីប្ដូរឈ្មោះរហូតចឹង ម៉ែស្អប់ម៉ែឪដាក់ឲ្យខ្លាំង បើជាប់ដោយសារគាត់សោះ បើដូរ ហ្សាៗរហូត»។ ជាការឆ្លើយតប ម្ចាស់គណនីទីកតុកខាងលើ បានបកស្រាយថា «ពេលខ្លះគាត់ដូរសុទ្ធតែមានហេតុផលរបស់គាត់ សូមបងបើកចិត្តឲ្យទូលាយណា»។
តាមរយៈវីដេអូនេះ ឃើញថា អ្នកនាង សួស វីហ្សា មានរូបរាង តូចច្រឡឹង ស្គម បើមិនប្រាប់ថា ជាអ្នកនាង សួស វីហ្សា ក៏ប្រហែលជាគ្មានអ្នកណាមើលស្គាល់ថា ជានាងនោះដែរ។ ជាក់ស្ដែង មានការលើកឡើងថា «មើលរាងគេឡើងស្ទាវម៉ង, មើលមិនស្គាល់ទេ បើមិនប្រាប់ មិនដឹងគាត់ជាអ្នកណាទេ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖