គេនៅចាំបានថា អ្នកចម្រៀងអាយ៉ៃល្បីឈ្មោះតាំងពីសង្គមរាស្ត្រនិយម លោក ម៉ាក កាណេន ហៅ តាសាឡាត់ បានទទួលមរណភាព កាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារឡើងជាតិពុល និងតម្រងនោម។
ដំណឹងនេះ បានធ្វើឱ្យមហាជន និងសិល្បករសិល្បការិនី សម្ដែងក្ដីស្រណោះស្រណោកសោកស្ដាយជាទីបំផុត ដែលបានបង់ព្រឹទ្ធាចារ្យផ្នែកអាយ៉ៃដ៏មានសមត្ថភាព និងទេពកោសល្យរូបនេះ។
ជុំវិញរឿងនេះ លោកអ៊ឹម ជីវ៉ា ក៏បានបញ្ជាក់ដែរថា «RIP លោកតា សាឡាត់ វរសិល្បករអាយ៉ៃជើងចាស់នៃកម្ពុជា បានទទួលមរណភាពមុននេះបន្តិច ដំណឹងដ៏គួរអោយសោកស្តាយក្រៃលែង ដែលបានទទួលព័ត៌មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំនាគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែងនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហើយលើផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យសាឡាត់ បានបម្រើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់បច្ចុប្បន្ន។
ផេកសិល្បករកម្ពុជាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យអញ្ជើញទៅកាន់សុគតិភាពកុំបីឃ្លឿងឃ្លាតឡើយ។ ដោយក្តីចូលរួមរំលែកទុក្ខអំពីខ្ញុំបាទ អ៊ឹម ជីវ៉ា»។
គួរបញ្ជាក់ថា ពេលលោក ម៉ាក កាណេន ហៅ តាសាឡាត់ នៅរស់រានមានជីវិតនោះ លោក ធ្លាប់ បានចែករំលែកបទពិសោធន៍ទៅកាន់យុវជនជំនាន់ក្រោយថា សិល្បៈកំប្លែងក៏ដោយ អាយ៉ៃក៏ដោយ ត្រូវការចាំបាច់គឺចំណេះដឹងទូទៅ ហើយឱ្យដឹងអំពី ពុទ្ធិចក្រ អាណាចក្រ ភូមិសាស្ត្រ ពង្សសាវតា ទៀតទើបអាចឱ្យគេជឿបាន។ លោកបន្ថែមថា សិល្បករត្រូវបញ្ចេញវោហារអោយគេសើច នូវពាក្យពេចន៍ណាដែលគេនឹកមិនឃើញ នឹកមិនដល់ មិនមែននិយាយតាមគេនោះទេ។
អ្នកអាយ៉ៃមកពីខេត្តព្រៃវែង រូបនេះធ្លាប់បានរម្លឹកពីការនិយមមើលអាយ៉ៃពីមុនថា អាយ៉ៃជាសិល្បៈមួយទទួលបានការគាំទ្រពីសំណាក់មហាជនច្រើន ជាពិសេសក្នុងសម័យសង្គមរាស្ត្រនិយម ដែលមានការគាំទ្រខ្លាំង ហើយកាលសម័យនោះ មហាជនតែងអញ្ជើញក្រុមអាយ៉ៃទៅសម្តែង ស្ទើរគ្មានពេលឈប់សម្រាក។
ដោយឡែក ព្រឹទ្ធាចារ្យអាយ៉ៃ លោក ម៉ាក កាណេន ហៅ តាសាឡាត់ ក៏ធ្លាប់បានបង្ហាញក្ដីបារម្ភខ្លាចគ្មានអ្នកបន្តវេនផ្នែកសិល្បៈអាយ៉ៃ ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា «សាលាភូមិន្ទនិងវិចិត្រសិល្បៈកាលពីមុនមានវិជ្ជាផ្នែកចម្រៀងអាយ៉ៃនេះ ប៉ុន្តែគ្មានសិស្សចុះឈ្មោះចូលរៀន ខ្ញុំខ្លាចតែបាត់បង់ទេ គឺខ្លាចដាច់ពូជតែម្តង»៕