បទ «នឹកមនុស្សម្នាក់ ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ជាបទដ៏ល្បីមួយក្នុងចំណោមបទជាច្រើនរបស់លោក កាលនៅជ្រកកោនក្រោមទ្រនំផលិតកម្មរស្មីហង្សមាសនោះ ហើយក៏ជាបទ ដែលតឹង ពិបាកច្រៀងផងដែរ។
បទនេះ ត្រូវបានកំពូលតារាចម្រៀងព្រាប សុវត្ថិ បញ្ជាក់ក្នុងពេលចេញAcoustic Version កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ថា ជាបទមួយ មានភាពស៊ីជម្រៅទៅលើមនោសញ្ចេតនាខ្លាំងមែនទែន ហើយបទនេះ ក៏មិនធ្លាប់ចេញMVដែរនាពេលកន្លងមក។
ចំពោះការចេញជាប្រភេទ Acoustic Version នៅលើឆានែលយូធូបរបស់ផលិតកម្មរស្មីហង្សមាសនោះ គិតរហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានអ្នកទស្សនាសរុបប្រហែលជាង១លានដង និងបញ្ចេញមតិជាង៣០០។
ដោយឡែកបទនេះ ក៏ត្រូវបាន លោក សួរ វិចិត្រ យកមកច្រៀងឡើងវិញ(Cover) បង្ហោះលើឆានែលយូធូបរបស់ខ្លួនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ទទួលបានការគាំទ្រច្រើនផងដែរ ដោយគិតមកទល់នឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានអ្នកទស្សនាសរុបជិត២លានផងដែរ។
បទនេះ ក៏ត្រូវបានឆានែលយូធូបមួយទៀតឈ្មោះ «Phally Pusat» យកទៅបង្ហោះបន្តកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយទទួលបានអ្នកទស្សនាសរុបរហូតដល់ពេលនេះ ប្រហែល៣លានស្ដើងផងដែរ។
តាមរយៈនេះ ឃើញថា អ្នកច្រៀងឡើងវិញ មានអ្នកទស្សនាច្រើនជាម្ចាស់បទ ដែលចេញជាប្រភេទ Acoustic Versionទៅទៀត។ លើសពីនេះ ក្រៅពីការសរសើរថា ពីរោះ មានអ្នកស្ដាប់មួយចំនួន ក៏ហ៊ានអះអាងទៀតថា លោក សួរ វិចិត្រ ស្រែកច្រៀងពីរោះជាងម្ចាស់បទផងដែរ។
ជាក់ស្ដែង ក្នុងចំណោមការបញ្ចេញមតិជាច្រើនក្នុងឆានែលយូធូបទាំង២ខាងលើ មតិមួយចំនួនលើកឡើងថា «និយាយត្រង់ពីរោះជាងម្ចាស់ដើមបកស្រាយផ្ទាល់ទៀត, ច្រៀងសាហាវមែនសុំសរសើរ ចង់សាហាវជាងព្រាបសុវត្ថិទៀតបងនឹងយាយមែន, ពីរោះជាងម្ចាស់ដើមទៀតប្អូន, ល្អជាងម្ចាស់ដើម, ពីរោះជាងម្ចាស់បទទៀតបង»។
ទោះយ៉ាងណា នេះគ្រាន់តែជាទស្សនៈរបស់មតិមួយចំនួនតូចប៉ុណ្ណោះ។ ចំណែកមិត្តអ្នកអានវិញ យល់យ៉ាងណាដែរចំពោះការច្រៀងរបស់យុវជនម្នាក់នេះ និងកំពូលតារាចម្រៀងព្រាប សុវត្ថិ, សូមស្ដាប់ ហើយបញ្ចេញយោបល់ទាំងអស់គ្នា ៖