ប្រិយមិត្ត បានដឹងរួចមកហើយថា តារាចម្រៀងសួស វីហ្សា បានទៅធ្វើតេស្សស្វែងរកជំងឺកូវីដ១៩លើកទី៣ កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានគ្រូពេទ្យខលមកបញ្ជាក់ថា វិជ្ជមានវីរុសមួយនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រោយសម្រាកព្យាបាលជាង១០ថ្ងៃ តារាចម្រៀង សួស វីហ្សា បានឡាយវីដេអូ បញ្ជាក់ពីអាការៈរបស់ខ្លួនឲ្យអ្នកគាំទ្របានដឹង ប៉ុន្តែនាងហាក់ខុសប្លែកពីអ្នកសិល្បៈរួមអាជីព ដែលវិជ្ជមានជំងឺនេះដែរ។
ការខុសប្លែកនេះ ដោយហេតុថា នាងមានអាការៈដូចជាក្អក ហៀរសំបោរ ឈឺបំពង់.ក បាត់ក្លិន ជាដើម តែរយៈពេល៥ថ្ងៃដំបូងប៉ុណ្ណោះ ក្រោយមក រហូតមកដល់ពេលនេះ នាងមានអាការៈធម្មតា ដូចអ្នកអត់មានជំងឺនេះអញ្ចឹងដែរ។
ដោយឡែកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ តារាចម្រៀងសួស វីហ្សា បានប្រកាសដំណឹងល្អ ដោយរៀបរាប់យ៉ាងវែងអន្លាយថា «សូមគោរពលោកតាលោកយាយអ៊ំពូមីង ខ្ញុំមានដំណឹងល្អ ថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺCOVID-19 ហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ឋាគារGreat Dukeត្រឡប់ទៅផ្ទះវិញហើយ
ប៉ុន្តែសម្រាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វើចត្តាឡីសក្ដិ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន១៤ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី២០ ខែមេសា ខ្ញុំត្រូវទៅមន្ទីរពេទ្យដើម្បីយកសំណាកជាលើកចុងក្រោយដើម្បីឲ្យកាន់តែច្បាស់ថា ខ្ញុំពិតជាបានជាសះស្បើយពីជំងឺCOVID-19 100%ពិតប្រាកដមែន
រយៈពេល១៧ថ្ងៃគត់ ដែលខ្ញុំបានមកសម្រាកព្យាបាលជំងឺCOVID-19 នាងខ្ញុំសូមគោរពថ្លែងអំណរគុណអស់ពីចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាប័នគ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់មើលថែគ្រប់អ្នកជំងឺទាំងអស់ និងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង
សូមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា និងបន្តជួយស្រោចស្រង់ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដើម្បីឲ្យពួកអាចគាត់រស់រានមានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញគុណូបការៈរបស់លោកគ្រូអ្នកគ្រូពេទ្យយើងខ្ញុំនឹងចងចាំដឹងគុណអស់មួយជីវិត
-នាងខ្ញុំសូមថ្លែងអំណរគុណដល់ លោកអុំ អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាស ដែលតែងតែសួរសុខទុក្ខក្មួយ និងបារម្ភជានិច្ចពីសុខភាពក្មួយតែងតែប្រាប់ក្មួយឲ្យរឹងមាំតស៊ូយកឈ្នះជំងឺនេះនឹងឆាប់បានជាសះស្បើយបានមកបំពេញការងារ និងបានជួបក្រុមគ្រួសារវិញ
-អរគុណដល់មេដ៏គួរឲ្យគោរពស្រលាញ់របស់ខ្ញុំ ចែ អ៊ឹង គីមលាង កូនស្រីរបស់អគ្គនាយកក្រុមហ៊ុនហង្សមាស ដែលតាំងតែពីដើមមកគាត់តែងតែបារម្ភយកចិត្តទុកដាក់ជាមួយខ្ញុំពេលខ្ញុំឈឺគាត់តែងតែរៀបចំរបស់របរប្រើប្រាស់ របស់ហូបចុកជាច្រើនមុខសុទ្ធតែរបស់ប៉ូវកំបាំង អាហារឆ្ងាញ់ៗមកអោយខ្ញុំហូបមិនដែលដាច់ទេ គាត់តែងលើកទឹកចិត្តមិនថាយប់អធ្រាត្រស្មើណាទេ អោយតែខ្ញុំមិនសប្បាយចិត្តគាត់តែងតែនៅឆ្លើយឆ្លងលើកទឹកចិត្តខ្ញុំរាល់ថ្ងៃ ខ្ញុំពិតស្រលាញ់គោរពគាត់ណាស់
-អរគុណបងប្រុស ណុប បាយ៉ារិទ្ធ. បងស្រី សុគន្ធ និសា.បងស្រី កែវចាន់ និមល.ហ៊ា តូ.បង ប៉.បង សាន សុវណ្ណឌីន. បងប្រុស លីស៊ីនហួន បង រត្ន័ ប្អូនស្រី វីឌីណែត បងប្រុស ធែលថៃ អរគុណខ្លាំងដល់បងប្អូនដែលបានកំដរលើកទឹកចិត្តលួងលោមខ្ញុំកំឡុងពេលព្យាបាលជំងឺទាំងអស់គ្នា
ទោះជាបងប្អូនក៏កំពុងតែឈឺដូចគ្នាក៏ដោយ ក៏បងប្អូនមិនដែលទុកខ្ញុំចោលទេ មិនថាយប់ថ្ងៃយើងតែងតែឆាតក្នុងគ្រុបជាមួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមករហូតបានជាសះស្បើយទាំងអស់គ្នា
-អរគុណបងស្រី ពេជ្រសោភា និងម៉ាក់អ៊ំ ដែលបងតែកំដរប្អូនស្រី និងលើកទឹកចិត្តឲ្យប្អូនរឹងមាំ និងធ្វើឲ្យសើចបំបាត់ទុក្ខ -អរគុណបងប្រុស ប៉ែន ចំរ៉ុង ដែលបានផ្ញើរបស់ឆ្ងាញ់ៗអោយប្អូនបានហូប -អរគុណបងប្រុស គួច ខេវិន ដែលបានផ្ញើរបស់ឆ្ងាញ់ៗមកអោយប្អូនបានហូប
-អរគុណបង នីកូ ដែលបានលើកទឹកចិត្តប្អូនមិនអោយពិបាកចិត្ត -អរគុណដល់អ្នកមីងរី នៅស្ថានីយទូរទស្សន៍ហង្សមាស ដែលតែងតែឆាតមកសួរសុខទុក្ខក្មួយស្រីម្នាក់នេះ -អរគុណដល់បង ចន ចន្ទ័លក្ខិណា និងបងប្រុសហេងឡុង ប្រធានសមាគមសិល្បករខ្មែរ ដែលបានខមមិនលើកទឹកចិត្តប្អូន
-អរគុណបងប្អូនសិល្បករ ដែលជាតារាក្នុងមហាគ្រួសារហង្សមាស និងបងៗបុគ្គលិកគ្រប់ផ្នែកទាំងអស់នៅក្នុងគ្រួសារហង្សមាស ដែលបានលើកទឹកចិត្តយ៉ាងកក់ក្តៅ និងអរគុណដល់បងប្អូនសិល្បករទាំងអស់ក្នុងប្រទេសដែលបានលើកទឹកចិត្តខ្ញុំ និងបានជូនពរខ្ញុំអោយឆាប់ជាសះស្បើយ
-ជាចុងក្រោយកូនសូមក្រាបសំពះគោរពថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំ សម្តេចពុក សម្តេចម៉ែ ដែលលោកកំពុងតែហត់នឿយក្នុងការដឹកនាំប្រទេស ក្នុងគ្រាដ៏លំបាកមួយនេះ និងបានរៀបចំយុទ្ធសាស្ត្រជាច្រើនដើម្បីរៀបចំឲ្យប្រទេសយើងឆាប់បានវិលមករកសភាពដើមដ៏ស្រស់បំព្រងត្រឡប់មកវិញក្នុងពេលឆាប់ៗ
កូនសូមគោរពជូនពរសម្តេចពុក សម្តេចម៉ែ សូមលោកទទួលបាននូវសុខភាពល្អបរិបូរណ៍ និងគង់នៅជាម្លប់កូនចៅរហូតតរៀងទៅ -នាងខ្ញុំសូមគោរពដឹងគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងពីរបានយកចិត្តទុកដាក់លះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើនដើម្បីមកមើលថែរក្សាសុខសុវត្ថិភាពរបស់ប្រជាជន និងអ្នកជំងឺCOVID19
សូមលោកទាំងពីរទទួលបាននូវសេចក្តីសុខចម្រើន និងមានសុភមង្គលក្នុងក្រុមគ្រួសារ សូមអោយជួបប្រទះតែសេចក្តីសុខសប្បាយតរៀងទៅ -អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដែលបានដាក់ចិត្តដាក់កាយលះបង់ពេលវេលាមកចូលរួមព្យាបាលអ្នកជំងឺដោយការយកចិត្តទុកដាក់បំផុត
សូមជូនពរលោកគ្រូអ្នកគ្រូពេទ្យមានសុខភាពល្អ រឹងមាំខ្លាំងក្លា និងនៅតែបន្តការស្រោចស្រង់ជីវិតប្រជាពលរដ្ឋយើងបន្តទៀត សូមគោរពអរគុណដល់ប៉ាម៉ាក់ បងប្អូនក្រុមគ្រួសារខ្ញុំទាំងអស់ និងអរគុណលោកតាលោកយាយមិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ដែលបានបារម្ភ និងជូនពរខ្ញុំអោយឆាប់ជាសះស្បើយ
នាងខ្ញុំសូមជូនពរអោយបងប្អូនអុំពូមីង ជួបតែសេចក្តីសុខ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងជៀសឆ្ងាយពីជំងឺចង្រៃទាំងឡាយទាំងពួង ជាពិសេសគឺជំងឺ COVID-19 ?កុំភ្លេច 3កុំ 3ការពារដោយក្តីគោរពពីនាងខ្ញុំ សួស វីសា Sous visa»៕