ប្រិយមិត្ត បានដឹងរួចមកហើយថា តារាចម្រៀងសួស វីហ្សា បានទៅធ្វើតេស្សស្វែងរកជំងឺកូវីដ១៩លើកទី៣ កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានគ្រូពេទ្យខលមកបញ្ជាក់ថា វិជ្ជមានវីរុសមួយនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រោយសម្រាកព្យាបាលជាង១០ថ្ងៃ តារាចម្រៀង សួស វីហ្សា បានឡាយវីដេអូ បញ្ជាក់ពីអាការៈរបស់ខ្លួនឲ្យអ្នកគាំទ្របានដឹង ប៉ុន្តែនាងហាក់ខុសប្លែកពីអ្នកសិល្បៈរួមអាជីព ដែលវិជ្ជមានជំងឺនេះដែរ។
ការខុសប្លែកនេះ ដោយហេតុថា នាងមានអាការៈដូចជាក្អក ហៀរសំបោរ ឈឺបំពង់.ក បាត់ក្លិន ជាដើម តែរយៈពេល៥ថ្ងៃដំបូងប៉ុណ្ណោះ ក្រោយមក រហូតមកដល់ពេលនេះ នាងមានអាការៈធម្មតា ដូចអ្នកអត់មានជំងឺនេះអញ្ចឹងដែរ។
ដោយឡែកនៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ តារាចម្រៀងសួស វីហ្សា បានបង្ហោះសារពាក់ព័ន្ធនឹងភាពចាស់ទុំរបស់ខ្លួន ពិសេសក្នុងអំឡុងឆ្លងជំងឺកូវីដ១៩នេះ ថា «កាលពីមុនខ្ញុំនៅក្មេងសេចក្តី មិនសូវចេះគិតអ្វីវែងឆ្ងាយទេ មិនសូវយល់ពីអត្ថន័យពាក្យថាជីវិត តែបើប្រៀបធៀបនឹងឥឡូវនេះ ខ្ញុំហាក់ ដូចជាមនុស្សពីរនាក់ផ្សេងគ្នា
ពេលនេះខ្ញុំចេះគិតច្រើនណាស់.! ជំងឺCOVIDបានបង្រៀនខ្ញុំអោយស្គាល់ច្បាស់ពីតម្លៃនៃពេលវេលា វាបានបង្រៀនខ្ញុំអោយស្គាល់ច្បាស់ពីតម្លៃជីវិត! ជីវិតពិតជាមានតម្លៃណាស់ កាន់តែថ្លៃជាងជីវិតនោះគឺសុខភាព បើយើងធ្លាក់ខ្លួនជាអ្នកជំងឺធ្ងន់ធ្ងរអ្វីមួយភ្លាម ពេលនោះ លុយ ឡាន វីឡា មាស ពេជ្រ ខោអាវស្អាតប៉ុណ្ណា របស់ឆ្ងាញ់ប៉ុណ្ណា ក៏លែងមានតម្លៃ លែងមានន័យសម្រាប់យើងទៀតដែរ
ដូចនេះរឿងដែលសំខាន់បំផុតយើងត្រូវថែរក្សាសុខភាពអោយល្អបំផុត ទើបគ្រប់យ៉ាងវានៅតែមានន័យសម្រាប់យើង ហើយមិនមានពាក្យថាស្តាយក្រោយ ខ្ញុំក្លាយជាអ្នកជំងឺCOVID-19 រយៈពេល16ថ្ងៃហើយមិនទាន់ជាសះស្បើយទេ 22.03.21/ 06.04.21មេត្តាគោរពគោលការណ៍ 3កុំ 3ការពារ
old pic»។
ចំណែកលោកថមី ជាស្វាមីអ្នកនាងសួស វីហ្សា នៅយប់ថ្ងៃដដែលនេះ បានបង្ហោះរូបកូនរបស់ខ្លួនចំនួន១សន្លឹក ហើយប្រាប់ថា «ស្អែកជាថ្ងៃល្អបំផុតរបស់អូន ស្អែកអូនមានដំណឹងល្អចង់ប្រាប់បងប្អូន តែពេលនេះអូនសូមគេងមុនសិនហើយចាំស្អែកចាំអូនប្រាប់ រាត្រីសួស្តី»៕ សូមទស្សនាវីដេអូ សួស វីហ្សា បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួន កាលពីពេលថ្មីៗដូចខាងក្រោមនេះ ៖