លោកព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងម្នាក់ ដែលទទួលបានការគោរពស្រឡាញ់យ៉ាងច្រើនពីមហាជន ដោយសារតែអត្តចរិតរបស់លោកមិនឆ្មើងឆ្មៃ មិនវាយឫកជាតារាល្បី មិនលាក់លៀមរឿងគ្រួសារ គ្មានរឿងអាស្រូវ ជាដើមនោះ។
លោកព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ រហូតមកទល់ពេលនេះ ទទួលបានចំណងដៃកូនប្រុសចំនួន៣នាក់ ដែលជាតារាចម្រៀងផងដែរ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ។
ជារឿយៗគ្រួសារដ៏កក់ក្ដៅមួយនេះ តែងតែងតែបង្ហាញការគោរព ស្រឡាញ់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាមរយៈបណ្ដាញសង្គមនានា រហូតធ្វើឲ្យអ្នកគាំទ្រធ្វើការសរសើរមិនដាច់ពីមាត់នោះទេ។ ដោយឡែកនៅខាងក្រៅវិញ ពួកគេក៏មានភាពរួសរាយរាក់ទាក់ ដូចអ្វីដែលបានបង្ហាញក្នុងបណ្ដាញសង្គមផងដែរ។
ដោយឡែក ថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះរូបថតថ្ងៃមង្គលការ អមដោយសារដ៏ផ្អែមល្ហែមថា «នឹកឃើញថ្ងៃ ដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់24ឆ្នាំហើយ អូនមានសេចក្តីសុខបំផុតសម្រាប់ជីវិតអូន អរគុណគ្រប់យ៉ាង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ភរិយារបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ លោកស្រី ឡុង ស្រីមុំ ក៏ធ្លាប់បានបង្ហោះរូបថតថ្ងៃមង្គលការអមដោយសារដ៏ផ្អែមល្ហែមដែរថា «ស្រឡាញ់បងដល់ឆ្អឹង ជាពាក្យពិតរបស់អូន»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖