សួស វីហ្សា ជាតារាចម្រៀងតែម្នាក់គត់ តែធ្វើតេស្ដស្វែងរកជំងឺកូវីដ១៩រហូតទៅដល់៣ដង ទើបឃើញវិជ្ជមាន ជាហេតុធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយសូម្បីតែពេលនេះ ក៏អាការៈជំងឺរបស់នាងមានលក្ខណៈខុសប្លែកពីគេផងដែរ។
កន្លងមក អ្នកសិល្បៈជាច្រើនដួង បានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ១៩ ដោយឃើញថា ភាគច្រើន មានអាការៈឈឺបំពង់.ក ពិបាកដកដង្ហើម អស់កម្លាំង បាយមិនបាន គេងមិនលក់ ហៀរសំបោរ ជាដើម។
ដោយឡែកតារាចម្រៀងសួស វីហ្សា មានអាការៈស្រដៀងៗនេះ តែចំនួន៥ថ្ងៃដំបូងប៉ុណ្ណោះ បន្ទាប់ពីនេះ រូបនាងហាក់ដូចជាអ្នកអវិជ្ជមានជំងឺនេះអញ្ចឹងដែរ ដោយអ្នកនាងគេងបានធម្មតា, បាយក៏បាន, អត់ឈឺ.ក , ក្អក, ហៀរសំបោរ…នោះទេ។
ជាក់ស្ដែងនៅក្នុងការឡាយបញ្ជាក់ពីអាការៈរបស់ខ្លួននៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ សួស វីហ្សា បានលើកឡើងថា គិតរហូតមកដល់ពេលនេះ ខ្លួនបានឆ្លងជំងឺកូវីដ១៩ ហើយក្លាយជាអ្នកជំងឺនេះចំនួន១៤ថ្ងៃគត់ គិតពីថ្ងៃឡានពេទ្យមកដឹកនោះ។
ជាមួយគ្នានេះ សួស វីហ្សា ក៏បានលើកឡើងឆ្លើយតបនឹងចម្ងល់របស់អ្នកគាំទ្រមួយចំនួនផងដែរថាតើ ហេតុអ្វីបាត់ខ្លួន អត់ដែលឃើញបង្ហោះសារ អត់ឃើញសកម្មភាពអ្វីនោះ ដោយអ្នកនាង បានបញ្ជាក់ថា ដោយសារខ្លួនអត់មានអារម្មណ៍និយាយ អត់មានអារម្មណ៍សរសេរអ្វីផុសទេ អារម្មណ៍តែម្យ៉ាងគិតពីគ្រួសាររបស់ខ្លួន។
តារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បានបន្ត ដោយបញ្ជាក់ពីអាការៈរបស់ខ្លួនថា កាលពីថ្ងៃទី១៩ ២០ ខ្លួនមានអាការៈស្អា.ក ហើយក៏ខ្ពុរទឹកអំបិលរឹតតែឈឺ ហើយខ្លួនក៏ឆ្ពុង និងញុំាទឹកក្ដៅ។ នៅពេលនោះ ខ្លួនគិតថាប្រហែលមកពីញុំាទឹកក្ដៅច្រើន ឆ្ពុងច្រើនពេក ទើបរលាកបំពង.ក។
សួស វីហ្សា រៀបរាប់ទៀតថា យូរៗទៅបំពង់កកាន់តែឈឺ ពេលលេបទឹកមាត់ទៅឈឺកខ្លាំង ដោយអ្នកនាងថា កន្លងមក ខ្លួនអត់ដល់ថ្នាក់លេបទឹកមាត់ទៅឈឺបំពង់.កខ្លាំងបែបនេះ នោះទេ សឹងតែលេបអត់ទៅ ហើយចាប់ផ្ដើមប្ដូរសំឡេង និយាយចេញតែខ្យល់។
តារាចម្រៀងរូបនេះ បន្តថា នៅពេលនោះហើយទើបខ្លួនសង្ស័យខ្លួនឯង៨០ភាគរយថា ឆ្លងជំងឺនេះ ហើយ អស់ពីប្ដូរសំឡេងចាប់ផ្ដើមក្អក មានស្លេះ ច្រមុះចាប់ផ្ដើមសឺតសត ចាប់ផ្ដើមមានសំបោរ។ចុងក្រោយ ដែលតាមដានខ្លួនឯងហ្នឹង ទើបអ្នកនាងដឹងច្បាស់ខ្លួនឯងថា មានកូវីដ១០០ភាគរយ ត្រង់បាត់ក្លិន ក្លិនម្ហូបអាហារក៏អត់ដឹង ក្លិនទឹកអប់ក៏អត់ដឹង។
សួស វីហ្សា បន្តថា នៅពេលនោះ ខ្លួនក៏សម្រេចទៅបាក់ទូក ដើម្បីយកសំណាកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខាងមន្ទីរពេទ្យក្រសួងសុខា ទូរសព្ទមកប្រាប់ថា ខ្លួនវិជ្ជមានជំងឺកូវីដ១៩។
ទោះយ៉ាងណា សួស វីហ្សា បានប្រាប់ពីអាការៈរបស់ខ្លួន នៅពេលនេះថា អត់មានហត់ ក្អក ហៀរសំបោរ ឈឺក្បាល វិលមុខ…អីនោះទេ ដោយខ្លួន មានអាការៈដូចរៀបរាប់ខាងលើ តែ៥ថ្ងៃដំបូងប៉ុណ្ណោះ ២ថ្ងៃដំបូងចាប់ផ្ដើមចេញអាការៈ ថ្ងៃទី៣ ទៅធ្វើតេស្ដ ថ្ងៃទី៤ ពេទ្យមកយក (ថ្ងៃទី២២)៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖