កុំ​ចេះតែហ៊ាន​បំពាន​ច្បាប់! នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ធំ​ នឹង​ត្រូវ​ដកចេញ​ពីមុខ​ដំណែង

កំពង់ធំ​ ៖ ​​ លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ នឹង​ត្រូវ​បាន​ថ្នាក់​លើ​​ដក​ចេញ​ពី​មុខ​តំណែង ​ក្រោយ​​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រ វឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ រង្វង់​មូល​អាចារ្យ​លាក់ ហើយ​​ស្រែក​ជេរប្រមាថ ឯកឧត្ដម អភិបាលខេត្ត​កំពង់ធំ ដោយ​ពាក្យ​អសុរោះ​នោះ។

នេះ​បើ​តាម​​​​​​​លោក​ផែង ​វណ្ណៈ ​ចាងហ្វាង​គេហទំព័រ ​និង​ម្ចាស់​ផេក​Pheng Vannak News​ ដែល​ធ្វើការ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែឧសភា ​ឆ្នាំ​២០២០ ​ភ្ជាប់​ជាមួយ​រូប​ថត​ជា​ច្រើន​សន្លឹក ​ដើម្បី​ជូន​ជា​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​នោះ។

លោក​ផែង ​វណ្ណៈ ​បាន​ដក​ស្រស់​សម្ដី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ​មក​បញ្ជាក់​ដូច្នេះ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់ លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដែល​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រ វឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ រង្វង់​មូល​អាចារ្យ​លាក់ ហើយ​​ស្រែក​ជេរប្រមាថ ឯកឧត្ដម អភិបាលខេត្ត​កំពង់ធំ ដោយ​ពាក្យ​អសុរោះ​នោះ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់​វិធានការណ៍​ម៉ឺងម៉ាត់​ដោយ​មិន​លើក​​លែង​ឡើយ។

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹង​ថា វិធានការ​​ដំបូង​គឺ​ដក​តួនាទី​មុខតំណែង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក។ ចំពោះ​ចំណាត់​ការបន្ត​បែបណា​ទៀត​នោះ គឺ​ថ្នាក់ដឹកនាំ​នឹង​សម្រេច​បន្ថែម​នៅពេល​ក្រោយ។

លោក​ បាន​ដក​ស្រង់​ប្រភព​ដដែល​ ដោយ​បន្ត​ថា ​ទង្វើ​របស់​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រ វឹង​បង្ក​​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​​កើត​មាន​ឡើង​នៅពេលដែល​រាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​បើក​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស។

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​ក្រើន​រំលឹក​អប់រំ ណែនាំ ជាប្រចាំ​ចំពោះ​មន្ត្រីនគរបាល​ដើម្បី​ធ្វើជា​គំរូ​ក្នុងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ មិន​គាំទ្រ មន្ត្រីនគរបាល​ទាំងឡាយណា ដែលមាន​កំហុសធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស និង សេចក្ដីថ្លៃថ្នូរ​របស់​ក​ង​កម្លាំង​នគរបាលជាតិ​នោះទេ ជាពិសេស​ប៉ះពាល់​ដល់​ស​តិ​អារម្មណ៍​ប្រជាពលរដ្ឋឡើយ។

ជាក់ស្ដែង​កន្លងមក​អធិការរង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​អនុវត្តន៍​លើស​គោល​ការណែនាំ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ និង ក្រសួងមហាផ្ទៃ ធ្វើអោយប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ ត្រូវបាន​ដក​បញ្ឈរ​ជើង​តែម្ដង។

គួរ​បញ្ជាក់​ថា លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា ទើប​តែ​ទ​ទួល​បាន​ ប្រកាស​ព្រមាន​ពី​ក្រសួងមហាផ្ទៃ កាលពី​ពេល​កន្លងមក​ថ្មីៗ​នេះ​ទេ ដោយសារតែ​លោក​វរសេនីយ៍ឯក ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន៕

 

Related posts

Leave a Comment