រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​នាំចេញ​អង្ក​រស​ជា​បណ្ដើរៗ​ឡើងវិញ

ភ្នំពេញ ៖ ក្រោយពី​ការ​ផ្អាក​ការនាំចេញ​អង្ករ​ស​​ទៅ​ក្រៅប្រទេស​ដើម្បី​បម្រុង​ទុក​ផ្គត់ផ្គង់​ក្នុងស្រុក​នោះ រាជរដ្ឋាភិបាល​កម្ពុជា នាពេលនេះ បានសម្រេច​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំចេញ​អង្ករ​ជា​បណ្ដើរៗ​ឡើងវិញ​ហើយ​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា​តទៅ​។​

​នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ជម្រាបជូន​លោក​ឧកញ៉ា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

​ការសម្រេច​នេះ ដោយ​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ លើ​លិខិត​លេខ​៣៨១២ សហវ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា ខ្ញុំ​សូម​ជម្រាបជូន​លោក​ឧកញ៉ា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជ្រាបថា តាម​សំណើ​​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​, រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំចេញ​អង្ករ​ជា​បណ្ដើរៗ​ឡើងវិញ​តាម​កិច្ចសន្យារ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​តទៅ​។​

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពី​​ព្រឹក​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ២០២០ បាន​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ករស និង​ស្រូវ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ចាប់ពី​ម៉ោង ២៣:៥៩ ​នាទី​ថ្ងៃទី​ ៥ ខែ​មេសា តទៅ ក្រោម​ហេតុផល​ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​សភាវិសាមញ្ញ​ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ជាក់​ថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បង្ការ​ជាមុន​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​ឲ្យ​បានការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត​នៅ​ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា​ផងដែរ។ការសម្រេច​ដាក់ចេញ​នូវ​វិធាន​ការផ្អាក​ការនាំចេញ​ស្រូវ និង​អង្ករស​នាពេល​នេះ​គឺ​ដើម្បី​ធានា​នូវ​ស្ថិរភាព​ស្រូវ​ក្នុង​ស្តុក​ឲ្យ​បានល្អ​ប្រសើរ៕

Related posts

Leave a Comment