ជយោ! កម្ពុជា​ថ្ងៃ​នេះ ​មិន​ត្រឹម​តែ​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ ​ថែម​ទៀត​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ជា​៥​នាក់​ទៀត

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​ថ្ងៃ​នេះ ​មិន​ត្រឹម​តែ​គ្មាន​អ្នក​ឆ្លង​ថ្មី​ ត្រូវ​បាន​រក​ឃើញ​នោះ​ទេ ​ថែម​ទៀត​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ជា០​៥​នាក់​​​ទៀត ​ធ្វើ​ឲ្យ​អ្នក​ជា​​សរុប​​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​១០៣​នាក់ ​ក្នុង​នោះ​​​មាន​ស្ត្រី​២៩​នាក់ និង​បុរស​៧៤​នាក់។

នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ថ្ងៃ​ទី​១៨ ​ខែ​មេសា ​ឆ្នាំ​២០២០ ​ចុះ​ហត្ថលេខា​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា អ្នកជា​សះស្បើយ​សរុប បាន​កើន​ឡើងដល់​១០៣​នាក់​)​ស្មើនឹង​៨៤,៤៣​ភាគរយ​ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​ទាំងអស់ ក្នុង​ចំនួន​នេះ មាន​ស្ត្រី​២៩​នាក់ និង​បុរស​៧៤​នាក់​) ដែលមាន​បុរស​ជនជាតិ​ចិន​១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​៣​នាក់ បុរស​ជនជាតិ​អង់គ្លេស​២​នាក់​, បុរស​ជនជាតិ​អាមេរិកកាំង​០១​នាក់​, បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​១​នាក់​, បុរស​ជនជាតិ​បារាំង​១៧​នាក់ (​ក្នុងនោះ​មាន​ទារក​អាយុ​៤​ខែ​) ស្ត្រី​ជនជាតិ​បារាំង​២០​នាក់​, បុរស​ជនជាតិ​កាណាដា​០១​នាក់​, បុរស​ជនជាតិ​ម៉ាឡេស៊ី​១២​នាក់​, បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​, បុរស​ជនជាតិខ្មែរ​៣៧​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​០៥​នាក់ (​គិត​ចាប់ពី​ខែមករា​ដល់​បច្ចុប្បន្ន​)​។​

​អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ច​យ​ចុះ​សរុប​នៅសល់​ចំនួន​១៩​នាក់​(​ស្ត្រី​០៩​នាក់ និង​បុរស​១០​នាក់​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត

អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់​(​រាប់​ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​ដែល​កំពុង​ព្យាបាល​) នៅ​ទូទាំងប្រទេស​សរុប​ចំនួន​១២២​នាក់ (​ស្ត្រី​៣៨​នាក់ និង​បុរស​៨៤​នាក់​)​។​

ចំពោះ​អ្នកជា​សះស្បើយ​ចំនួន​០៥​នាក់​នោះ​រួមមាន ជនជាតិ​បរទេស​០៣​នាក់​(​ជនជាតិ​អាមេរិកកាំង​០២​នាក់​(​បុរស​ជា​៦៩​ឆ្នាំ​ជា​ស្វាមី ស្ត្រី​អាយុ​៦២​ឆ្នាំ ជា​ភរិយា​) និង​បុរស​ជនជាតិ​អង់គ្លេស​អាយុ​៦១​ឆ្នាំ​) ដែលជា​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​តាម​នាវា​Vking Cruise Journey បាន​ចូល​សំចត​នៅ​ខេត្តកំពង់ចាម​កន្លងមក ត្រូវបាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បុគ្គល​ជនជាតិ​អាមេរិកកាំង​០២​នាក់ និង​ជនជាតិ​អង់គ្លេស​០១​ម្នាក់​ខាងលើនេះ បាន​វិលត្រឡប់​ទៅ​ប្រទេស​អាមេរិក​និង​ទៅ​ប្រទេស​អង់គ្លេស​វិញ​ហើយ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​។​

​បុរស​ជនជាតិ​កាណាដា​អាយុ​៤៩​ឆ្នាំ បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​កោះ​ពេជ្រ ស្នាក់នៅ​ក្នុង​បុរី​មួយ​នៅ​កោះ​ពេជ្រ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០២​ដង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

​បុរស​ជនជាតិខ្មែរ​អា​យុ​៣៨​ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ពោធិ៍​២ ឃុំ​គា សង្កាត់​មោងឫស្សី ខេត្តបាត់ដំបង បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តបាត់ដំបង៕

Related posts

Leave a Comment