គិត​ម៉េច​ដែរ​! «​ពេលណា​ជួប​គេ​ម្តង​ទៀត​» Version​ស្រី​ចេញ​ហើយ ផ្ទុះ​ការ​សរសើរ តែ​ក៏​មាន​ការរិះ គន់​ផង​ដែរ​ថា​…(មានវីដេអូ)

បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ពេលណា​ជួប​គេ​ម្តងទៀត​?» ពី​សំណាក់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ដែល​ចេញ​ជា​LYRIC VIDEO និង​MV កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ ធ្វើការ​សរសើរ​ម្ដង​រួចមកហើយ ទាំង​ទឹកដម​សំឡេង អត្ថន័យ ការសម្ដែង​បានល្អ​នោះ​។​

​បទ​ចម្រៀង​នេះ និពន្ធ Melody និង​ទំនុកច្រៀង ៖ យឹម តា​ស្រង់​,និពន្ធ​បទ​ភ្លេង​៖ ប្រុស​ម៉ៅ , ដឹកនាំ​សម្តែង​៖ សុង សុខ​ថា​ណុន ចេញ​ជា​ប្រភេទ LYRIC VIDEO កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​គិត​មកទល់ពេលនេះ មាន​អ្នកទស្សនា​សរុប​ជាង​៣​លាន​ដង​។ ចំណែក​MV ទើបតែ​ចេញ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ ដោយ​គិត​មកទល់នឹង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​អ្នកទស្សនា​សរុប ៣០​ម៉ឺន​ដង​។​

ក្រោយ​កំពូល​តារាចម្រៀង​ចេញ​MV​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង បទ​នេះ​ បានចេញ​ជា​Version​ស្រី​ច្រៀង ដោយ​តារាចម្រៀង​ស្រី​វ័យក្មេង​ជួរមុខ​នៅ​ផលិតកម្ម​Galaxy Navatra កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​គិត​មកទល់នឹង​ល្ងាច​ថ្ងៃ​ដដែល​នេះ មាន​អ្នកទស្សនា​សរុប​ជាង​១០​ម៉ឺន​ដង​នៅលើ​យូ​ធូប​។​

តាមរយៈ​បទ​ចម្រៀង​ខាងលើ​ជា​Version​ស្រី​នេះ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន លាន់មាត់​សរសើរ​ថា ច្រៀង​បាន​ពីរោះ ដាក់​មនោសញ្ចេតនា​បាន​ល្អ ​ហើយ​ថែម​ទាំង​មាន​ទាំង​ការ​លើកឡើងថា អាច​នឹង​ប្រជែង​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា​ទៀតផង។

ជាក់ស្ដែង​មតិ​ជាច្រើន បានលើកឡើង​ស្រដៀងៗ​គ្នា​ដូច្នេះ​ថា «​ពីរោះ​ណាស់​អូន​សំឡាញ់ ក្មេង​សោះតែ​សមត្ថភាព​ជិត​ដូច​បង​ព្រាប សុវត្ថិ​ហើយ​, ខ្ញុំ​ប្រាប់​ហើយ​ថា​គាត់​អាច​ប្រជែង​នឹង​សុគន្ធ​កញ្ញា​បាន​, ហេតុអ្វី​ខ្ញុំ​ស្រលាញ់​ម្នាក់​នឹង​ម្ល៉េះ ច្រៀង​ពីរោះ​ណាស់ មក​ក្រោយ​ទេ​ តែ​ព្រះ​អើយ លោត​ផុត​អស់អ្នក​មុន សុំ​សរសើរ​»​។​

ទោះយ៉ាងណា ក៏​មានមតិ​មួយចំនួន​រិះ គន់​ ក្នុងន័យ​ស្ថាបនា​ដែរ​ថា «​ខ្ញុំ​សូម​និយាយ​បន្តិច​ចុះ បទ​នេះ​លោក​ព្រាប​សុ​វ​ត្ថិច្រៀង​តុង​ខ្ពស់​ស្តាប់ទៅ​ពីរោះ​ខ្លាំង ដល់​គាត់​ច្រៀង​ទម្លាក់​តុង​ចឹ​ង​ដូចជា​ចង់​ខូច​ទ្រង់ទ្រាយ​បទ ហើយ​ណាមួយ​សំឡេង​គាត់​ច្រៀង​ស្តាប់ទៅ​ធម្មតា​ៗ​(​សូមទោស​ឣ្នក​គាំទ្រ​គាត់​ផង​បើ​និយាយ​ទៅ​មានការ ​ប៉ះពាល់​»​។ «​បើ​ច្រៀង​យក​លំនាំ​តាម​លោក​ព្រាប​សុវត្ថិ​គឺ​ពីរោះ​ជាង​»​។ «​ផលិតកម្ម​គិត​អី ចេញ​អោយ​តែ​តារា​ស្រី​ម្នាក់​នឹង​ច្រើន​លើសលប់​រាល់ថ្ងៃ​ខុសគេ យល់ថា​ស្តាប់ទៅ​សាំ​ គាត់​ច្រៀង​ពីរោះ​ហើយ តែបើ​ដដែល​ពេក​ធុញ គួរ​ប្តូរ​ចេញ​បទ​ឆ្លាស់គ្នា​ទៅ អោយ​ប្លែក​អារម្មណ៍​ស្តាប់ កុំ​បើក​មក​ឃើញ​មុខ​ដដែលៗ ធុញ​​ …..​ខំ​រង់ចាំ​អ្វី​ថ្មី តែ​បែរ​ជា​ឃើញតែ​តួឯក សំដែង​រហូត គ្មាន​តួ​រ​រង​សោះ​ សុំទោស​អារម្មណ៍​ខ្ញុំ​ចង់​និយាយ​យូរ​ហើយ​»៕



Related posts

Leave a Comment