រំភើប​ជំនួស​! លោក​យាយ​រស់នៅ​​​ខ្ទម​ធ្លុះធ្លាយ ស្ទើរតែ​រលំ បាន​គង់ ច័ន្ទ​ស្រីមុំ សម្រេច​បំណង​សង់ផ្ទះ​ជូន

ភ្នំពេញ ​៖​ ក្រោយពី​ឃើញ​ថា ទិដ្ឋភាព​ជាក់ស្ដែង​ចំពោះ​លោកយាយ​ម្នាក់​រស់នៅ​ភូមិ​ព្រៃម្លូ ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ រស់នៅក្នុង​ខ្ទម​ធ្លាយ​ធ្លាយ សឹងតែ​រលំ​នោះ, គង់ ច័ន្ទ​ស្រីមុំ និង​គ្រួសារ ក៏​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សាងសង់​ថ្មី​សម្រេច​បំណង​លោកយាយ​តែម្ដង។

តាម​ការ​រៀបរាប់​នៅក្នុង​វីដេអូ ដែល​គង់ ច័ន្ទ​ស្រីមុំ បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ បាន​បញ្ជាក់ថា ដំបូង​ឡើយ នាង​គិតថា នឹង​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​ដើម្បី​យក​មក​សាង​សង់​ផ្ទះ​ជូន​លោកយាយ ប៉ុន្តែ​ដោយសារ​រៀបចំ​មិនទាន់ ក៏​សម្រេច​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សាងសង់​ជូន​លោកយាយ​តែម្ដង​។ ក្នុង​ការ​សាងសង់​នេះ ក្រោម​ការ​ជ្រោមជ្រែង​រៀបចំ​ចាត់ចែង ពី​សំណាក់ ព្រះតេជព្រះគុណ ថុង​រី ដែល​គង់នៅ​វត្ត​ព្រៃម្លូ ព្រមទាំង​កូនសិស្ស។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ តារា​សម្ដែង​រូបនេះ ក៏បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​បានសម្រេច​បំណង​ម៉ាក់យាយ​ហើយ​។ នាង​ខ្ញុំ និង​ក្រុមគ្រួសារ បាន​ជួប​ជាមួយនឹង​ម៉ាក់យាយ ឈ្មោះ​យាយ ភូ​ន អាយុ​៦០​ឆ្នាំ​ជាង ដែល​ពីមុន​ម៉ាក់យាយ​រស់នៅ​ផ្ទះស្បូវ​ខ្ទម​តូច​មួយ ដែល​ធ្លុះធ្លាយ ហើយ​ពុក​ស្ទើរតែ​រលំ ដែល​ម៉ាក់យាយ​ស្ថិតនៅក្នុង​សភាព​ចាស់ជរា មិនមាន​កូនចៅ​ពឹងពាក់ និង​ស្វាមី​ស្លាប់ចោល​អស់​រយៈពេល​15​ឆ្នាំ​ហើយ​។ សព្វថ្ងៃ​រស់ និង​ពឹង​លើ​ព្រះ​តេជគុណ ថុង​រី ដែល​គង់នៅ​វត្ត​ព្រៃម្លូ ដែល​ម៉ាក់យាយ​ជួយ​ការងារ​ចង្ក្រាន និង​លាងចាន។

គង់ ច័​ន្ត​ស្រីមុំ បន្តថា នាង​ខ្ញុំ​និង​ក្រុមគ្រួសារ បាន​ចុះមក ខេត្ត​តាកែ ភូមិ​ព្រៃម្លូ ឃុំ​ក្រពុំ​ឈួ​ក ស្រុក​កោះអណ្តែត ក្រោម​ការដឹកនាំ​របស់​ព្រះ​តេជគុណ ថុង​រី រស់ ដោយ​ធម៌​ បាន​ធ្វើការ​សាងសង់​ផ្ទះ​ជូន​ម៉ាក់​យាយ​ដូច​បំណង ដែល​ទាំង​អស់នេះ កើត​ឡើងមក​ដោយ​ទឹកចិត្ត និង​ការជួយ​ជា​កម្លាំង​ពី​បងៗ​ដែលជា​កូនសិស្ស ព្រះ​តេជគុណ ថុង​រី​ផងដែរ​។ សូម​ជូន​បុណ្យ​ស្មើរៗ​គ្នា។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី ០១ តុលា ឆ្នាំ​២០១៩​កន្លងទៅនេះ តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ដើម្បី ប្រកាស​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ជួយ​សង់ផ្ទះ​ជូន​ដល់​ស្ត្រី​ចំណាស់​ម្នាក់ ខណៈដែល​នាង​បាន​ចុះទៅ ជួប​សួរសុខទុក្ខ​និង​ជូន​ថវិកា​ដោយផ្ទាល់​ផង​នោះ។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​រៀបរាប់ថា នាង​បាន​ជួប​ជាមួយនិង​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ យាយ ភូ​ន អាយុ​៦០​ឆ្នាំ​ជាង ហើយ​សព្វថ្ងៃ​គាត់​រស់នៅក្នុង​ផ្ទះស្បូវ​តូច​មួយ​ដែល​ធ្លុះធ្លាយ​ស្ទើរតែ​ពុក​ដួលរលំ ម្យ៉ាងទៀត គាត់​ក៏​មិនមាន​កូនចៅ​ជាទី​ពឹង​ដែរ។

តារា​ស្រី​រូបនេះ​បន្តថា សព្វថ្ងៃ​ស្ត្រី​រូបនេះ​ជួយ​ការងារ​ចង្ក្រាន និង​លាងចាន ឲ្យ​វត្ត​ព្រៃម្លូ​។ ដោយ​ឃើញ​ដូច្នេះ​ នាង​និង​ក្រុមគ្រួសារ​ក៏បាន​ចុះមក​ទៅ​ខេត្តតាកែវ ភូមិ​ព្រៃម្លូ ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្តែត តាមរយៈ​ការដឹកនាំ​របស់​ព្រះ​តេជគុណ ថុង​រី ដើម្បី​សួរសុខទុក្ខ​និង​ជូន​ថវិកា​សម្ភារៈ​ខ្លះ​ដល់ លោកយាយ៕

    

https://www.facebook.com/kongchansreymompages/videos/1674448926028631/

 

Related posts

Leave a Comment