ក្រសួង​សុខាភិបាល​ ព្រមាន​ វេជ្ជបណ្ឌិត​២​រូប ក្រោយ​យក​តម្លៃ​​សេវា​ព្យាបាល​ពី​អ្នក​ជំងឺ​ច្រើន​លើស​ប្រក្រតី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ធ្វើ​ការព្រមាន​វេជ្ជបណ្ឌិត​២​រូប ក្រោយ​ប្រព្រឹត្តិ​ខុស​ទៅ​នឹង​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​យក​ឡាន​សង្គ្រោះ​ឯកជន​ទៅ​ដឹក​អ្នក​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​យក​តម្លៃ​ច្រើន​ខុស​ប្រក្រតី។

ការព្រមាន​នេះ ធ្វើឡើង ដោយ​យោងតាម​លិខិត​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា។

យោងតាម​លេខ​នេះ បានបញ្ជាក់​ដូច្នេះ​ថា សូម​ព្រមាន​ចំពោះ​វេជ្ជបណ្ឌិត គូរ គឹម​ហៀក ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន និង​លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ម្ចាស់ទុន​មន្ទីរ​សំរាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៤ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទៅលើ​ករណី ដែល​បាន​យក​រថយន្ត​គិលានសង្គ្រោះ​ទៅ​ដឹក​អ្នក​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មក​ព្យាបាល​នៅក្នុង​មន្ទីរ​សំរាក​ព្យាបាល​របស់ខ្លួន​ខុស​ទៅនឹង​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ករណី​នេះ កើតមានឡើង​នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ និង​ការ​យក​តម្លៃ​សេវា​ច្រើន​លើស​ប្រក្រតី ដែល​មិន​មាន​តារាង​តម្លៃ​ច្បាស់លាស់​នៅក្នុង​មន្ទីរ​សំរាក​ព្យាបាល​សម្រាប់​អតិថិជន ឬ​អ្នកជំងឺ​បាន​ដឹង​ជាមុន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ បន្ថែម​លើ​ការព្រមាន​នេះ ក្រសួង​បានធ្វើការ​ផាកពិន័យ​ស្របតាម​ច្បាប់ ដែលមាន​ជា​ធរមាន។

យោងតាម​ខ្លឹមសារ​ខាងលើនេះ លោក​វេជ្ជបណ្ឌិត គូរ គឹម​ហៀក និង​លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ត្រូវតែ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​លិខិតបទដ្ឋាន​គតិ​យុត្ត​របស់​ក្រសួងសុខាភិបាល ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត និង​មិនត្រូវ​ឲ្យ​ករណីនេះ​មាន​ទៀតឡើយ​។ ក្នុងករណី​មិន​គោរព​តាម​ការណែនាំ ក្រសួងសុខាភិបាល​នឹង​បិទ មន្ទីរ​សំរាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន ព្រមទាំង​លោក​វេជ្ជបណ្ឌិត​គូរ គឹម​ហៀក និង​លោក​វេជ្ជបណ្ឌិត​ស្រស់ សុភ​ក្ត្រា ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

យោង​តាម​ចរាចរណ៍​ណែនាំ​កន្លងមក ក្រៅពី​​​រថយន្ត​គិលានសង្គ្រោះ​​របស់​រដ្ឋ​, រថយន្ត​សង្គ្រោះ​ឯកជន ​​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ដឹក​អ្នក​របួស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​គ្លីនិក​របស់​ខ្លួន​ឡើយ។ បើ​លោក លោក​ស្រី​ឃើញ​ជនរងគ្រោះ​ថ្នាក់ចរាចរ សូម​ទូរស័ព្ទ​ទៅ​លេខ​119 ដើម្បី​ជួយ​សង្គ្រោះ ​និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។

សូមជម្រាបថា ប្តី​ប្រពន្ធ​២​នាក់​បាន​ជួប​ថ្នាក់​ចរាចរណ៍ រងរបួស​រលាត់​ដៃជើង និង​មុខមាត់ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន បានចេញ​រថយន្ត​គិលានសង្គ្រោះ ទៅ​ដឹក​អ្នករងរបួស នាំយកមក​ចូល ទៅ​លាង​របួស និង​ព្យួរសេរ៉ូម​ម្នាក់​១​ប្លោក កាលពី​ថ្ងៃទី​០៦ ឧសភា នៅ​មន្ទីរ​សម្រាក​នេះ​។ លុះ​ពេល​ខាង​មន្ទីរ ចេញ​វិក្កយបត្រ​បង់លុយ​ស្រាប់តែ អស់​ជិត​១​ពាន់​ដុល្លារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​រងគ្រោះ​ហួសចិត្ត ស្ទើរ​ទន់ជង្គង់​ដួលសន្លប់​។​

​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ បឿ​ង បុល អាយុ ៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ចំណែកឯ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ស្ថិតនៅ​ផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ។​

ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ពួកគាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​រថយន្ត​ទៅ​ដឹក ហើយក៏​បាន​នាំ​ចូលមក​លាងមុខ​របួស​រុំ​ដៃជើង និង​ព្យួរសេរ៉ូម​អស់​ម្នាក់​១​ប្លោក លុះ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិ​ក័យ​ប​ត្រ​បង់លុយ​ចំនួន ២​សន្លឹក​សរុប​ចូលគ្នា មាន​ចំនួន​ទឹកប្រាក់​ដល់ ៧៥០​ដុល្លារ ធ្វើ​ឲ្យ​ពួកគាត់​រន្ធត់ចិត្ត​ជាខ្លាំង ហើយ​ពេលនោះ ខាង​មន្ទីរពេទ្យ បាន​បង្ខំ​ឲ្យ​ពួកគាត់​យកលុយ​មក​ប​ង់​ថ្លៃ​ពេទ្យ​ជាបន្ទាន់ បើ​ដោះស្រាយ​មិនទាន់​នោះទេ ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ​សិន ចាំ​យកលុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា ។​

​ប្តី​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់ថា ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ពោលគឺ​រក​មួយថ្ងៃ​សម្រាប់​ហូប​មួយថ្ងៃ ហើយ​គ្រាន់តែ​ចូល​លាងមុខ​របួស​រលា​ត់ដៃ​ជើង និង​ព្យូ​រ​សេរ៉ូម​ម្នាក់​១​ប្លោក​សោះ ហេតុអ្វី​ខាង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន គិតលុយ​ថ្លៃ​បែបនេះ ? តើ​ពួកគាត់​រកប្រាក់​ឯណា​បាន​ឲ្យ​នោះ ។​

​ក្រោយពី​មានការ​តវ៉ា​ពី​ក្រុម​សាច់ញាតិ និង​អ្នកជំងឺ​ទើប​ប្រធាន​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត គូរ គីប​ហៀក ចុះមក​ត្រឹម​៤៥០​ដុល្លារ​វិញ ចំណែក​ជនរងគ្រោះ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​ព្រម​បង់លុយ​តាម​ហ្នឹង ៕

Related posts

Leave a Comment