និយាយពីតារាសម្ដែងជើងចាស់មួយចំនួន ប្រហែលជាកម្រមានអ្នកស្គាល់ណាស់ ដោយសារបច្ចុប្បន្ននេះ ពួកគេ បានរសាត់ឆ្ងាយពីពិភពសិល្បៈអស់ទៅហើយ ហើយម្យ៉ាងទៀត ក៏មិនសូវមានព័ត៌មានច្រើន ពាក់ព័ន្ធនឹងតារាជើងចាស់ទាំងនោះផងដែរ។
ជាការគាស់កកាយឲ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ ក៏ដូចជារំលឹកដល់តារាជើងចាស់មួយចំនួន ដែលធ្លាប់ថត សម្ដែងនៅផលិតកម្មខ្លួននោះ អ្នកស្រីម្ចាស់ផលិតកម្ម អង្គរវត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្ហោះរូបថតតារាជើងចាស់ជាច្រើនដួង ធ្វើឲ្យអ្នកធ្លាប់គាំទ្រកន្លងមក មានការចាប់អារម្មណ៍ផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ អ្នកស្រីម្ចាស់ផលិតកម្មខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Sovanny Sam» បានបង្ហោះរូបថតដើម្បីបង្ហាញតារាស្រីចំនួន២ដួង តាមការសំណូមពររបស់បងប្អូនមួយចំនួន ក្នុងនោះ មានតារាស្រីម្នាក់ ជាតារាសម្ដែងមុនដំបូងបង្អស់ក្នុងឆ្នាំ១៩៨៨ផងដែរ។
អ្នកស្រីម្ចាស់ ផលិតកម្ម អង្គរវត្ត បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារការរៀបរាប់ដូច្នេះថា «តាមសេចក្ដីសុំពីអ្នក comment យ៉ាងច្រើនចង់ឃើញរូបនាង អ៊ូលក្ខិណា ឥឡូវផលិតកម្ម ( ផលិតកម្ម អង្គរវត្ត )នាងខ្ញុំដាក់រូបនាង អ៊ូលក្ខ័ណាជូនហើយ ម្យ៉ាងទៀតខ្ញុំចង់ជម្រាបបងប្អូនមិត្តភក្ដិដែលបានជួយគាំទ្រ (ផលិតកម្ម អង្គរវត្ត ) ផលិតកម្មនាងមិនដែលយករូបថតតារាប្រុសស្រីណាដែលមិនបានសំដែងនៅផលិតកម្មរបស់ខ្ញុំយករូបគេមកដាក់ក្នុង Facebook របស់ខ្ញុំទេ នាងអ៊ូលក្ខិណាសំដែងចម្រៀងកាយវិការជាមួយក្មួយ ទេពរិនដារ៉ូ នូវបទ ម្ដាយក្មេកមកលេង»។
អ្នកស្រីបន្តថា «តើបងនៅចាំតារាស្រីស្លៀករ៉ូពណ៌ខៀវលាយខ្មៅទេ? គឺនាងអុំកណ្ណារី នាងជាតារាសំដែងមុនដំបូងបង្អស់នៅឆ្នាំ 1988 ក្នុងរឿង ចិត្តចងចាំ ឆ្អឹងអណ្ដែត ដឹកនាំដោយ លោកម៉ៅអាយុទ្ធ និងរឿងខ្សឹមៗ រឿងស្នេហ៍ ឆ្នាំ1990 នាងបានរៀបអាពាហ៍ពិពាហ៍បានចាកចេញទៅរស់នៅ USA សូមអគុណ»៕