លោក​ឃួង ស្រេង​ ព្រមាន​ចាត់វិធានការ​ ទៅ​លើ​អ្នក​បើក​រថយន្ត ដែល​ទម្លាក់​ភ្ញៀវ​តាម​ផ្លូវ ​ទាំង​មិន​ទាន់​ដល់​គោលដៅ​ ចត្តាឡឺស័ក

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ធ្វើ​ការ​ព្រមាន​ទៅលើ​អ្នកបើកបរ​រថយន្ត ដែល​ដឹក​ភ្ញៀវ​បរទេស​ចេញពី​ព្រលាន​យន្តហោះ ហើយ​ទម្លាក់​តាមផ្លូវ មិន​យក​ឲ្យ​ដល់​គោលដៅ​ធ្វើ​ចត្តាឡឺស័ក​នោះ។

នេះ​បើ​តាម​ការ​បង្ហោះ​សារ​របស់​លោក​ផែង វណ្ណៈ ​ដោយ​បាន​បញ្ជាក់​ដូច្នេះ​ថា ឯកឧត្ដម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​ទៅលើ​អ្នកបើកបរ​រថយន្ត ដែល​ទម្លាក់​ភ្ញៀវ​តាមផ្លូវ​មិន​យកទៅ​ដល់​គោលដៅ​ធ្វើ ចត្តាឡឺស័ក​ ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល។

លោក​បញ្ជាក់ថា ការព្រមាន​របស់លោក​ ឃួ​ង ស្រេង បានធ្វើឡើង​បន្ទាប់ពី មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​បង្ហោះ ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ​ប្រតិកម្ម​ចំពោះ​ទង្វើ​អ្នក​បើកបរ​រថយន្ត​ដែល ទម្លាក់​ភ្ញៀវ​ចិន​តាមផ្លូវ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

លោក​ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​អ្នកបើក​បររថ​យន្ត​ដឹក​ភ្ញៀវ​បរទេស ចេញពី​ព្រលានយន្តហោះ​ទាំងអស់ បញ្ឈប់​សកម្មភាព​ទម្លាក់​អ្នកដំណើរ​បរទេស នៅតាម​ផ្លូវ​តទៅទៀត បើ​មិន​ដូច្នោះ​ទេ នឹង​ចាត់វិធានការ​ជា​ធរមាន។

តាម​វិធានការ ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​, ជន​ទាំងអស់​ដែល​បាន​មកដល់​កម្ពុជា នឹង​ត្រូវយក​សំណាក​ទៅពិនិត្យ នៅឯ​ព្រលានយន្តហោះ ហើយ​លទ្ធផល​នឹង​បង្ហាញជូន នៅ​២៤​ម៉ោង​ក្រោយ​។ ប្រសិនបើ​មាន​អ្នកដំណើរ​ណា​ម្នាក់ ក្នុងចំណោម​អ្នករួមដំណើរ​មាន​ផ្ទុកមេរោគ​កូ​វី​១៩ នោះ អ្នករួមដំណើរ​ផ្សេងទៀត នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​ពិនិត្យ​ជាថ្មី​៕


Related posts

Leave a Comment