ភិក្ខុ ឡុង ចន្ថា ទម្លាយ​បច្ច័យ​ខ្ពស់​បំផុត និង​ទាប​បំផុត ទទួល​បាន​ពី​ការ​ទេសនា​ ក្រោយពេល​ល្បី

ភ្នំពេញ ៖ ភិក្ខុ​ឡុង ចន្ថា ពូកែ​ខាង​ទេសនា​កំប្លុកកំប្លែង​ធ្វើ​ឲ្យ​យាយៗ​ទប់​សំណើច​ពុំបាន​នោះ នៅមុននេះ​បន្តិច បាន​ទម្លាយ​ពី​បច្ច័យ​ទទួល​បាន​ព​ខ្ពស់​បំផុត និង​ទាប​បំផុត ក្រោយពេល​ព្រះអង្គ​បាន​ល្បី​រួច​ទៅ​ហើយ​នោះ។

ការទម្លាយ​របស់​ភិក្ខុ​ឡុង ចន្ថា បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០ ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​លោក​សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​សំឡេង​ស្នេហា​ជាតិ ដែល​ចុះ​ធ្វើ​បទសម្ភាសន៍​ផ្ទាល់​ចេញពី​វត្តភ្នំ​បូរី ស្រុក​អង្គ​បូរី ខេត្តតាកែវ មុន​ពេល​ដែល​ព្រះ​ភិក្ខុ​រូប​នេះ ត្រូវ​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ខាងមុខ​នោះ។

ភិក្ខុ ឡុង ចន្ថា បាន​មាន​សង្ឃដីកា​ថា បច្ច័យ​ខ្ពស់​បំផុត ដែល​ទទួល​បាន​ពី​ពុទ្ធបរិស័ទ​ក្នុង​ពេល​ព្រះអង្គ​ល្បី​រួចទៅហើយ​នោះ​មាន​ចំនួន​៧០០​ដុល្លារ និង​ទាប​បំផុត​ចំនួន​៨​ម៉ឺន​រៀល។ ព្រះអង្គ​ថា ពេលខ្លះ​ក៏​ទទួល​បាន​៥០០​ដុល្លារ​អី​ដែរ តាម​ទី​ជិត​ទី​ឆ្ងាយ។

គួរបញ្ជាក់ថា ព្រះសង្ឃ ឡុង ចន្ថា ​ កាលពី​ពេល​ថ្មីៗ​នេះ ​បាន​បែកធ្លាយ​វីដេអូ​ឃ្លី​ប​មួយ ឆាត​ញ៉ែ​ស្រី ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​នឹក​ហួសចិត្ត​ខឹងសម្បា​យ៉ាង​ខ្លាំង។

វីដេអូ​ថត​ពី​ទូរសព្ទ​​ខាង​ស្រី​ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​នោះ​​​ មាន​រយៈពេល​ជាង​៥​នាទី។ ក្រៅពី​ឃ្លី​ប​វីដេអូ​ខាងលើនេះ ក៏​មានការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​គ្នា ត្រូវបាន​គេ​ទម្លាយ​ផងដែរ។

ក្រោយ​មក​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ក៏​បាន​និមន្ត​ភិក្ខុ ឡុង ចន្ថា ដែល​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មក​ធ្វើការ​ដោះស្រាយ​នៅ​សាលា​គណ​ខេត្ត​តាកែវ ​ហើយ​ភិក្ខុ​ឡុង ​ចន្ថា ​ក៏​ចូល​ខ្លួន​តាម​ការ​និមន្ត​ ឈាន​ដល់​កិច្ចសន្យា​សុំ​លា​ចាកសិក្ខាបទ​នៅ​ថ្ងៃទី១៤ ខែ​ឧសភា ​ខាង​មុខ​នេះ​​​តែម្ដង៕

 

Related posts

Leave a Comment