ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ស្ថិតនៅ​ក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល កម្ពុជា បាន​បញ្ជាក់ថា បើទោះបី​រយៈពេល​៣​សប្ដាហ៍​កន្លងមកនេះ កម្ពុជា ពុំមាន​ករណី​ឆ្លង​ថ្មី​ ត្រូវបាន​រកឃើញ​ក៏ពិតមែន ប៉ុន្តែ​ស្ថានភាព​នេះ ស្ថិតនៅ​ក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​ទេ។

យោងតាម​លិខិត​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២០ បានបញ្ជាក់​ដូច្នេះ​ថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅលើ​សកលលោក មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ ដោយ​ប្រទេស​មួយចំនួន​នៅ​ទ្វីបអាមេរិក​ក្ដី ទ្វីបអឺរ៉ុប​ក្ដី និង​ទ្វីបអាស៊ី​យើង​នេះ​ក្ដី មកទល់ពេលនេះ នៅតែ​នៅមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​បាន​កើនឡើង​រហូតដល់​៣ ២៦៧ ១៨៤​នាក់ និង​អ្នកស្លាប់​២២៩ ៩៧១​នាក់ ហើយ​ក្នុង​រយៈពេល​២៤​ម៉ោង មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន ៩១ ៩៧៧​នាក់ និង​អ្នកស្លាប់​ចំនួន​៥ ៧៩៩​នាក់ នេះ​បើ​យោងតាម​របាយការណ៍​រ​បស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ។

ក្រសួងសុខាភិបាល​បញ្ជា​ក់ទៀត​ថា រីឯ​ស្ថានភាព នៅក្នុង​ប្រទេស​កម្ពុជា​វិញ ដូច​បាន​ជម្រាបជូន​នៅ​ខាងលើ​រួចហើយ ថ្វី​ត្បិត​ក្នុង​រយៈពេល​៣​សប្ដាហ៍​កន្លងមកនេះ មិនមាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ អ្នក​ព្យាបាល​ជាសះស្បើយ​កើន​ដល់​៩៨.៣៦​ភាគរយ និង​អ្នក​កំពុង​ព្យាបាល​នៅសល់​២​នាក់​(​មិនមាន​ស្លាប់​)​ក៏ពិតមែន ប៉ុន្តែ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ គឺ​ស្ថិត​នៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​ទេ ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន និង​បន្ត​ការយកចិត្ត​ទុ​ដាក់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវខិតខំ​អនុវត្ត​គ្រប់យ៉ាង​ទាំងអស់ តាម​បទបញ្ជា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ចូលដល់​សហគមន៍ ជាពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ធ្វើដំណើរ ចៀសវាង​ការរៀបចំ​ពិធី​ជួបជុំ ដែលមាន​ការជួប​ជុំគ្នា​ច្រើន​កុះករ ដូចជា​ពិធី​សាសនា ឬ​បុណ្យទាន​នានា ឬ​បើ​ចាំបាច់​ខានមិនបាន​នោះទេ ត្រូវ​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការធ្វើដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ការជួបជុំ​គ្នាច្រើន​កុះករ​ផងដែរ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ ​អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់​(​រាប់​ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​១២០​នាក់​ និង​អ្នក​ដែល​កំពុង​ព្យាបាល​​២នាក់​) នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១២២​នាក់ (​ស្ត្រី​៣៨​នាក់ និង​បុរស​៨៤​នាក់​)​។ ​ ប្រទេស​យើង​រក​ឃើញ​ករណី​ជំងឺ​កូវីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២០៕

Related posts

Leave a Comment