គេនៅចាំបានថា កន្លងមក លោកយឹម តាស្រង់ នាយកគ្រប់គ្រងនៅផលិតកម្មGalaxy Navatra ធ្លាប់បានបង្ហោះរូបជុំគ្នាម្ដងរួចមកហើយជាមួយកំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ត ជាហេតុធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និងបានសន្និដ្ឋានផ្សេងៗ ជុំវិញរឿងនេះ។
ក្នុងការបង្ហោះរូប នាពេលនោះលោកយឹម តាស្រង់ បានសរសេររៀបរាប់ថា «ការងារសិល្បៈជាមួយគ្នាត្រូវចេះគោរពស្រឡាញ់និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះវិលចុះវិលឡើងតែងតែជួបគ្នាហើយកុំមើលស្រាលនរណាម្នាក់ថាគេក្មេងជាង ខ្ចីជាង ឬយកគេជាសត្រូវមើលស្រាលគេមិនដល់ខ្លួន ឬមើលស្រាលមិនឲ្យតម្លៃបុគ្គលិកខ្លួនឯងអាងតែខ្លួនឯងជាម្ចាស់ ផ្លូវនៅមានដើរបន្តទៀតវែងឆ្ងាយនៅពេលខាងមុខទៀត»។
លុះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបថតមួយសន្លឹក ក្នុងពេលបាយជុំគ្នាជាមួយលោកខេមរៈ សិរីមន្ត ដោយសរសេរថា «បាយព្រឹកជាមួយ I dol» ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មី ហើយបញ្ចេញយោបល់ ហាក់មានមន្ទិលជុំវិញរឿងនេះ។
ជាក់ស្ដែងពួកគេបានលើកឡើងដូច្នេះថា «តើបងសិរីមន្តអាចនិងចូលផលិតកម្មgalaxyដែររឺទេ»។ «យក បង ខេមរៈ ចូល Galaxy Navatra ផងបង»។ «នុះប្រហែលសិរីមន្តម្នាក់ទៀតហើយដែលចូលgalaxy navatra»។ «ចុះឡើងៗ សិរីមន្ត ចូល Galaxy ដែរឥលូវហើយ»។ «ចុមសង្ស័យតែidol ចូលទៅមួយទៀតណាស់ .ហង្សមាសឈរជើងរាប់ឆ្នាំអាចនឹងដួល បើបាត់សិរីមន្ដមួយទៀត»។ «ដូចមានប្រផ្នូលថាបងមន្តចូលGalaxyដែរ»។ « បងឧកញ៉ាកុំថាយកបងសិរីមន្តមកទៀតណា»។
គួរបញ្ជាក់ថា ពេលផ្ទុះការចាប់អារម្មណ៍លើកដំបូងតាមរយៈរូបថត ដែលលោកយឹម តាស្រង់ បានបង្ហោះនោះ លោកខេមរៈ សិរីមន្ត ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានមួយថា លោកគ្រាន់តែពិសាអាហារជុំគ្នាជាមួយនឹងអ្នករកស៊ីផ្នែកអចលនទ្រព្យប៉ុណ្ណោះ ហើយក្រៅពីការច្រៀង លោកមានសិទ្ធិក្នុងការរកស៊ីលើផ្នែកនេះ ជាមួយអ្នកណាក៏បានដែរ៕