ករណី​ជំងឺ​ផ្តាសាយធំ ក្នុងចំណោម​ព្រះសង្ឃ នៅ​ខេត្តបាត់ដំបង មិនមែនជា​ជំងឺ​កូ​វីដ​-១៩​នោះទេ

ក្រសួងសុខាភិបាល ​តាមរយៈ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​បាន​​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​យប់​នេះ ​ដោយ​បញ្ជាក់​ថា ករណី​ជំងឺ​ផ្តាសាយធំ ក្នុងចំណោម​ព្រះសង្ឃ នៅ​ខេត្តបាត់ដំបង មិនមែនជា​ជំងឺ​កូ​វីដ​-១៩​នោះទេ។

សេចក្ដី​ជូន​ដំណឹង​នោះ ​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ ករណី​ជំងឺ​ផ្តាសាយធំ ក្នុងចំណោម​ព្រះសង្ឃ នៅ​ខេត្តបាត់ដំបង មិនមែនជា​ជំងឺ​កូ​វីដ​-១៩​នោះទេ ៖ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានទទួល​របាយ​ការណ៍​​​ថា មាន​ហេតុការណ៍​ករណី​សង្ស័យ​គ្រុន​ផ្តាសាយធំ បាន​កើតឡើង​ចំពោះ​ក្រុមព្រះ​ស​ង្ឃ​ចំនួន ៤៦​នាក់ ដែល​គង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​និមន្ត​មកពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​នៅក្នុង​វត្ត​នេះ ហើយ​មាន​ព្រះ​អាការ​:​រោគ​ដូចជា ក្តៅខ្លួន លើស​ពី​៣៧,៥​អង្សា​សេ ក្អក និង​ហៀរ​សំបោរ​។

ហេតុ​ការ​ណ៍​នេះ បានកើត​មាន​ឡើង​ចំនួន ៥-៦​ថ្ងៃ​មកហើយ​ ដែលមាន​ព្រះ​សង្ឃ​ប្រហែល​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ខាង​លើ​ បានជា​សះស្បើយ បន្ទាប់ពី​បានទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង​។

ព្រះ​សង្ឃ ​ដែល​នៅមាន​រោគសញ្ញា​សង្ស័យ ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង បាន​យក​វត្ថុ​សំណាក​ព្រះ​សង្ឃ​ចំនួន ២១​អង្គ​នាក់​ ផ្ញើ​ទៅ​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​លទ្ធផល​បាន​បង្ហាញថា មិនមាន​វីរុស​កូ​វីដ​-១៩ តែ​ជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ​។

មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បានធ្វើការអប់រំ​ណែនាំ​ព្រះ​សង្ឃ លោកតា​អាចារ្យវត្ត និង​គណៈគ្រប់គ្រង​សាលា​ពុទ្ធិក​:​នៅ​ទីនោះ រួច​ហើយ​ដែរ​។ បច្ចុប្បន្ននេះ ស្ថានភាព​សុខភាព​ព្រះ​សង្ឃ​ដែល​ឈឺ​នោះ មាន​ការវិវត្ត​ទៅរក​ភាពល្អ​ប្រសើរវិញហើយ។​

ជំងឺ​គ្រុន​ផ្តាសាយធំ​នេះ ជា​ជំងឺឆ្លង ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយ​អនុវត្ត​​​ការការពារ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ការការពារ​ជំងឺ​កូ​វីដ​-១៩ ដែរ​។ ដូច្នេះ ដោយសារ​ក្រសួងសុខាភិបាល មានការ​សង្កេត​កន្លង​មកនេះ ឃើញ​ថា នៅមាន​ការខ្វះចន្លោះ​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួងសុខាភិបាល សូម​ធ្វើ​ការអំពាវនាវ​ក្រើន​រំលឹក​សារជាថ្មី ដល់​បងប្អូន​ប្រជា​ល​រដ្ឋ​ទាំងអស់ ជាពិសេស លោកតា​អាចារ្យ លោកតា​-​យាយជី គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ និង​គណ​:​កម្ម​ការគ្រប់គ្រង​ទីវ​ត្ត​អា​រ៉ា​ម​នៅ​ទូទាំងប្រទេស ព្រមទាំង​ពុទ្ធ​បរិស័ទ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​អនាម័យ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ការចម្លង​គ្រុន​ផ្តាសាយធំ និង​ការចម្លង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ដោយ​អនុវត្ត​វិធានការ​ការ​សាមញ្ញៗ​ដូចតទៅ​៖
១. រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច ដោយ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​កុំ​យកដៃ​ដែល​មិនទាន់បាន​លាង​សម្អាត ទៅ​ប៉ះ​ផ្ទៃមុខ មាត់ ឫ​ច្រមុះ និង​ត្រូវ​ឆាន់ ឫ​ពិសារ​ទឹក​ក្តៅ​ដាំ​ពុះ និង​ចង្ហាន់ ឫ​ម្ហូបអាហារ​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​

២. ពាក់​ម៉ាស់ ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ជា​ចាំបាច់ នៅពេល​ចូលទៅ​កាន់​ទីវ​ត្ត​អា​រ៉ា​ម ជួបជុំ​ពុទ្ធបរិស័ទ ជាពិសេស​មិនត្រូវ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ (​ការ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ត្រូវ​ធ្វេ​ី​ក្នុង​ក្រុម​តូចៗ ទៅតាម​ក្រុមគ្រួសារ​និ​មួយៗ​) និង​ពាក់​ម៉ាស់​នៅពេល​សម្តែង និង​ស្តាប់​ព្រះ​ធ៌​ម​ ៣. រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​ចម្ងាយ​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ពីមួយ​ម៉ែត្រ​កន្លះ​ឡេ​ី​ង​ទៅ​

៤. ជាពិសេស​ព្រះ​ស​ង្ឍ ឫ​បុគ្គល​ដែល​ឈឺ មាន​រោគសញ្ញា​ផ្តាសាយ ឫ​មិន​ស្រួលខ្លួន ត្រូវ​សម្រាក​នៅក្នុង​កុដិ និង​នៅ​ដាច់ដោយឡែក ដោយ​មិនត្រូវ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្នុង​សាលាឆាន់ ឫ​ទទួល​ទេយ្យវត្ថុ​នៅក្នុង​ទីកន្លែង​ណាមួយ​នៃ​វត្ត​អា​រ៉ា​ម ដែល​អាច​បង្ក​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​

៥. ត្រូវ​ចៀសវាង​ការពុល​ចំណីអាហារ ការពុល​ស្រាស​ដោយ​ប្រើ​ប្រាស់​សារធាតុ​មេ​តា​ណុល​ដែល​មិនត្រូវ​បច្ចេកទេស ចៀសវាង​គ្រោះថ្នាក់​ចរាចរ និង​ចៀសវាង​ការសេព​គ្រឿងញៀន​។​ សូម​អរគុណ​។​ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល៕

Related posts

Leave a Comment