ផ្ទះ​សាងសង់​រួចរាល់​ជា​ស្ថាពរ លោកយាយ លែង​ត្រូវ​ក្ដៅ ត្រូវ​ភ្លៀង​ទៀតហើយ តែ​មាន​អ្នក​ឆ្ងល់​ត្រង់​ចំណុច​នេះ​ថា​…

ទីបំផុត​ផ្ទះ ដែល​លោកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ឲ្យ​ជាង​សាងសង់​ជូន​លោកយាយ​ម្នា​ក់​នៅ​ខេត្តរតនគិរី ពេលនេះ រួចរាល់​ជា​ស្ថាពរ​ហើយ ហើយក៏​ជា​អ្វី​ដែល​លោកស្រី​ចង់​ឃើញ​បំផុត​ផងដែរ​។​


លោកស្រី​ទ្រី ដា​ណា បាន​បង្ហោះ​រូប​ផ្ទះ​សាងសង់​រួច​នេះ​ជាច្រើន​សន្លឹក​អមដោយ​ការសរសេរ​រៀបរាប់ថា «​ផ្ទះ​ថ្មី ដែល​នាង​ខ្ញុំ​សង់​ជូន​គាត់ ពេលនេះ​រួចរាល់​ហើយ គាត់​លែង​ត្រូវ​ក្ដៅ ត្រូវ​ភ្លៀង​ទៀតហើយ រំភើបចិត្ត​ណាស់ ឃើញ​លោកយាយ បាន​ចូល​នៅផ្ទះ​ថ្មី នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់ឃើញ​បំផុត កាល​មុន ឃើញ​លោកយាយ​ត្រូវ​ខ្យល់ ត្រូវ​ភ្លៀង ខ្លោចចិត្ត​ណាស់ ម្ដាយ​គេ ម្ដាយ​យើង ចាស់ៗ​ហើយ គ្រាន់​ចង់បាន​ជីវិតចុងក្រោយ ដ៏​កក់ក្ដៅ​»​។​


 

លោកស្រី​បន្តថា «​តែ​គាត់​វិញ គ្មាន​កូន​ទេ នៅ​ម្នាក់ឯង នៅ​ខេត្តរតនគិរី ​ឥឡូវ​ផ្ទះ ក៏​ធ្វើ​ជូន​គាត់​ហើយ ម្ហូបអាហារ របស់​ប្រើប្រាស់ ក៏បាន​ទិញ​ទុក​ជូន​គាត់​អស់ហើយ សង្ឃឹមថា​គាត់​អាច​បាន​កក់ក្ដៅ​ជាង​មុន​។​ អរគុណ​ជាងៗ អ្នកភូមិ និង​អាជ្ញាធរ ដែល​បាន​ជួយ​គាត់​»​។

តាមរយៈ​នេះ មហាជន​ជាច្រើន​បាន​សម្ដែង​ការអបអរសាទរ និង​សរសើរ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​លោកស្រី​ទ្រី ដា​ណា​។ ប៉ុន្តែ​ក្នុងនោះ​ក៏​មានមតិ​មួយចំនួន បានលើកឡើង​ជា​សំណូមពរ និង​ចម្ងល់​ដូច្នេះ​ថា «​បើ​តាំងចិត្ត​ថា​ជួយ​ដោយ​ចិត្ត​ស្មោះ​គេ​មិន​គិត​ដូច​បង​ទេ ​តែ​ខ្ញុំ​គិត​ថាបើ​ធ្វើ​ជញ្ជាំង​បិទ​ក៏​ល្អ​ដែរ​»​។ «​បើ​ធ្វើ​ជញ្ជាំង​បិទ​មិនបាច់​មាន​ទ្រ​វា​ក៏បាន​ដែរ​បង​ស្រឡាញ់​ខ្ញុំ​ចូលចិត្ត​បង​»​។ «​សូម​ចូលរួម​ត្រេកអរ​ផង លោកយាយ​.​តែ​ឆ្ងល់​ថា​ហេតុ​អី​បង្គន់​មិន​មាន​ជញ្ជាំង ចឹ​ង​»​។

​តាមរយៈ​ចម្ងល់ និង​ការ​សំណូមពរ​នេះ រហូតដល់​យប់​ថ្ងៃទី​១៤ ខែ​​កញ្ញា​ ឆ្នាំ​២០២០​នេះ មិនឃើញ​អ្នកស្រី​ទ្រី ដា​ណា ធ្វើការ​ឆ្លើយតប​នៅឡើយ​ទេ តែមាន​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ បានធ្វើ​ការឆ្លើយ​ជំនួស​បែបនេះ​ថា «​ដោយសារតែ​អ៊ំ​ស្រី​គាត់​ដើរ​អត់​រួច​»​។​


គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកស្រី​ទ្រី ដា​ណា បានសម្រេច​ឲ្យ​តំណាង​របស់ខ្លួន​យក​អំណោយ មួយចំនួន រួម​នឹង​ថវិកា​២​លាន​រៀល​ជូន​ដល់​លោកយាយ​ម្នាក់ នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ជា​ជនជាតិភាគតិច គ្រឹ​ង មិនចេះ​និយាយ​ភាសា​ខ្មែរ​ទេ តែ​ស្ដាប់​បាន​តិចៗ​។ លោកយាយ ស្លាប់​មួយ​ចំហៀង​ខ្លួន គ្មាន​បងប្អូន គ្មាន​សាច់ញាតិ រស់ក្នុង​រូង យក​ក្រណាត់ តង់​មក​បិទបាំង មើលទៅ ពិតជា​អាណិត​គាត់ ខ្លាចចិត្ត​ខ្លាំងណាស់​។​


ក្រោយមក ដោយ​ឃើញថា​ស្ថានភាព​លោកយាយ មាន​ភាពលំបាក​ពេក អ្នកស្រី​ក៏បាន​សម្រេច​ជំរុញ​ឲ្យ​ជាង​សាង​សង់ផ្ទះ​ល្មម​មួយ​ជូន​លោកយាយ ឲ្យ​បាន​លឿន​បំផុត ហើយ​ពេលនេះ​ផ្ទះ​នោះ​ក៏​បានសាងសង់រួចរាល់អស់ហើយ៕

Related posts

Leave a Comment