ពិតជា​ស្រស់​ស្អាត​ខ្លាំង! នារី​ខ្មែរ​ គ្រង​ឈុត​ប្រពៃណី​លើ​ឆាក​Miss Grand Cambodia

ភ្នំពេញ ​៖​ អ្នកចូលរួម​ទស្សនាការ​ប្រកួតប្រជែង​Miss Grand Cambodia ឆ្នាំ​2020​ ក្នុង​ការ​សន្សំ​ពិន្ទុ​ ដើម្បី​ស្វែងរក​ម្ចាស់​ពានរង្វាន់​ឈាន​ទៅ​ដល់​វគ្គ​ប្រឡង​ផ្ដាច់ព្រ័ត្រ ​បាន​សម្តែង​ការ​គាំទ្រ ​និង​សរសើរ​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ​ព្រោះថា​​​​​មិន​ត្រឹមតែ​បានផ្តល់​ឱកាស​ដល់​បេក្ខនារី​ខ្មែរ​មកពី​រាជធានី ​និង​តាម​បណ្តា​ខេត្ត​បញ្ចេញ​សមត្ថភាព​នោះ​ទេ ​គឺ​ថែមទាំង​បាន​ជួយ​លើ​កម្ពស់​វិស័យ​សិល្បៈ​របស់​ខ្មែរ​ទៀតផង។

ការប្រកួតប្រជែង​Miss Grand Cambodia ឆ្នាំ​2020​ក្នុង​ការ​សន្សំ​ពិន្ទុ​នេះ​ បាន​រៀបចំឡើង​នៅ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​២​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា ឆ្នាំ​២០២០​ ក្រោម​ការ​ផ្តួចផ្តើម​ពី​ផលិតកម្ម​មហាហង្ស​ដែល​មាន​បេខក្ខ​នារី​ទាំងអស់​២៨​រូប​មក​បង្ហាញ​សមត្ថភាព​ និង​ទេពកោសល្យ​ធ្វើ​ឲ្យ​មាន​ភាព​លេចធ្លោ​ជាមួយ​ការទាក់ទាញ​យ៉ាងខ្លាំង​ក្នុង​ឈុត​សម្លៀកបំពាក់​ចម្រុះ​ប្រពៃណី​បុរាណ​ខ្មែរ​និង​ឈុត​ហែល​ទឹក​ប៊ី​គី​នី​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ិន សុ​ភិន អគ្គនាយក Miss Grand Cambodia បាន​អះអាងថា​ នេះ​ជាការ​ប្រកួត​សន្សំ​ពិន្ទុ​ដ៏​សំខាន់​របស់ Miss Grand Cambodia ដើម្បី​ស្វែងរក​ម្ចាស់​ពាន​ដែល​នឹង​ប្រកួតប្រជែង​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ​២០២០។

លោ​ក​ថា​ ការប្រកួត​ឈុត​ទាំង​២​នេះ​ ថ្វីត្បិតតែ​មិន​មាន​ការប្រកាស​លទ្ធផល​ តែ​ក៏​នឹង​មាន​ម្ចាស់​ពាន​តំណាង​ឲ្យ​ឈុត​នីមួយៗ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខាងមុខនេះ។

លោក​ អ៊ិន សុ​ភិន បាន​និយាយ​ទៀត​ថា ​ចំពោះ​ការប្រកួត​គឺ​ទទួល​​បានការ​គាំទ្រ​ច្រើន​ពី​មហាជន​ ខណៈ​ដែល​អ្នកគាំទ្រ​ភាគច្រើន​ក៏​ស្គាល់​ព្រឹត្តិការណ៍​នេះ​ហើយ​យល់ថា​ ជា​ការ​ប្រកួត​ក្នុងស្រុក​មួយ ​ដែល​ពិតជា​នឹង​ចម្រាញ់​បាន​បេក្ខនារី​ឆ្នើម​មួយ​រូប​សម្រាប់​ការប្រកួត​លើ​ឆាក​អន្តរជាតិ​។​

ការប្រកួត​សន្សំ​ពិន្ទុ​នេះ​ក៏​មាន​ការ​ចូលរួម​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត ​ពី​សំណាក់​សិល្បករ​-​សិល្ប​ការិនី​ ដែល​មាន​បទ​ពិសេស​​ឆ្លងកាត់​លើ​ផ្នែក​នេះ​យូរ​ឆ្នាំ​មក​ហើយ៕

Related posts

Leave a Comment