ករណី​ជម្លោះ​ លោក​ខេ​ម និង​ផលិតកម្ម​ថោ​ន ឈាន​ដល់​ចំណុចកំពូល រហូត​បុគ្គល​ល្បី​២​រូប​ពោល​ពាក្យ​​​ថា​…

ករណី​ជម្លោះ​រវាង​លោក​ខេ​ម និង​ផលិតកម្ម​ថោ​ន បាន​ឈាន​ដល់​ចំណុចកំពូល​ហើយ ហើយ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ ក៏បាន​ចេញមុខ​អះអាង​ធ្វើការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ផង​ដែរ តែ​មើល​ទៅ​ហាក់​មិន​អាច​បញ្ចប់​ភ្លាមៗ​បាន​នោះ​ឡើយ។

ជាក់ស្ដែង​បុគ្គល​ល្បីៗ​ចំនួន​២​រូប គឺ​អ្នកនាង​ធី សុវណ្ណ​ថា និង​លោក ហេង ឡុង ដែល​ចេញមុខ​អះអាង ចំពោះ​ការចូលរួម​ដោះស្រាយ​បញ្ហា​នេះ​នោះ បានបង្ហាញ​តម្រុយ​ពិបាក​នឹង​ធ្វើ​ការដោះស្រាយ​គ្នា ហើយ​ពួកគេ បាន​ត្រឹម​ធ្វើការ​សំណូមពរ​ដល់​ភាគី​ទាំង​២​ប៉ុណ្ណោះ។

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ អ្នកនាង ធី សុវណ្ណ​ថា បានបញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា «​ពិបាក​សម្របសម្រួល​ណាស់​ករណី ជម្លោះ​ផលិតកម្ម​ថោ​ន និង​លោក​ខេ​ម​ ភាគី​ទាំង​២ មាន​ជំហរ​រឹង និង​និយាយ​យក​ត្រូវ​រៀងៗ​ខ្លួន​ តាម​ការពិនិត្យ​របស់​ខ្ញុំ លោក​ខេ​ម អាច​ប្រ​ឈម​មុខ​ផ្លូវច្បាប់​ករណី រំលោភ​កិច្ចសន្យា និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ សូម​ភាគី​ទាំង​២ ចូល​តុ​ចរចា រក​វិធី​ឈ្នះៗ បញ្ចប់​រឿង​…»។

ដោយឡែក​លោក​ហេង ឡុង នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​បញ្ជាក់​ជុំវិញ​រឿងនេះ​ផងដែរ​ថា «​កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ខ្ញុំបាទ​បាន​ទំនាក់ទំនង​ទៅ​ភាគី​ខាង​ផលិតកម្ម​ថោ​ន និង​តារា​ចម្រៀង​ខេ​ម ដើម្បី​សំណូមពរ​ឲ្យ​ភាគី​ទាំងពីរ​ជួប​គ្នា​ដើម្បី​ចរចា​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ជា​លទ្ធផល​ភាគី​ទាំងពីរ មាន​ហេតុផល​រៀងខ្លួន មិនទាន់មាន​ដំណោះស្រាយ​រួម​នៅឡើយ»។

លោក​ហេង ឡុង បញ្ជាក់​ទៀត​ថា «ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ ខ្ញុំបាទ​សំណូមពរ​ភាគី​ទាំងពីរ​ឲ្យ​ពិចារណា​ឡើងវិញ ដើម្បី​រក​ចំណុចរួម ឈានទៅ​បញ្ចប់​ជំលោះ​បន្ត​ការ​រាប់អាន​គ្នា ក្នុង​ដំបូល​សង្គម​សិល្បៈ​តែមួយ​ក្រោម​ម្លប់​សន្តិភាព​»៕

 

Related posts

Leave a Comment