លោក​គីម ជុង​អ៊ុន ​ថា កុំ​ជឿ​អ្វី ដែល​អ្នក​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក

ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម ក៏​ដូច​ប្រភព​មួយចំនួន​ បាន​អះអាង​ជុំវិញ​មរណភាព​របស់​លោក ហើយ​ត្រូវ​បាន​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ធ្វើការ​ចុះផ្សាយ​នោះ, លោក​គីម ជុង​អ៊ុន បាន​បង្ហោះ​សារ​នៅលើ​Twitter យ៉ាងខ្លី​ថា «​កុំ​ជឿ​អ្វី ដែល​អ្នក​មិន​បានឃើញ​ផ្ទាល់​ភ្នែក​»​។​

ការ​បង្ហោះ​សារ នៅលើ Twitter​ផ្លូវការ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើងរូប​នេះ គេ​មិនទាន់​ដឹង​ថា លោក​ជា​អ្នក​បង្ហោះ​ខ្លួនឯង​ផ្ទាល់ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ក្នុង​ន័យ​នេះ ហាក់​កំពុង​បញ្ជាក់​ថា លោក​ពុំបាន​ស្លាប់ ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ​ ហើយ​កុំ​ជឿ​នូវ​អ្វី ដែល​មិន​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នោះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ប្រភព និង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន បាន​បញ្ជាក់ថា​មេដឹកនាំ​កូរ៉េ​រូបនេះ បាន​ស្លាប់​បាត់បង់​ជី​វិត​ហើយ ធ្វើ​ឲ្យ​មេដឹកនាំ និង​ប្រជាជន​ជុំវិញ​ពិភពលោក មានការ​ចាប់អារម្មណ៍ និង​រង់ចាំ​ផ្ទៀងផ្ទាត់​ថា​តើ​ពិត ឬ​យ៉ាងណា​នោះ។

អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យ ហើយ​ជឿថា​ជា​ការ​ពិត​នោះ កាលពី​ព្រឹក​មិញ​នេះ សារព័ត៌មាន Foxnews ក៏បាន​ផ្សព្វផ្សាយ​ថា ថ្មីៗ​នេះ​ចិន​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដោយសារតែ​ស្ថានភាព​សុខភាព​របស់លោក គីម ជុង​អ៊ុន ហាក់​មាន​បញ្ហា​ថា អាច​កើត​មេរោគ​ឆ្លង​កូ​វីដ​-១៩ នោះ ។

ម្យ៉ាង​ទៀត ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ , លោក​គីម​បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកចុងក្រោយ​កាលពី​ពីរ​សប្តាហ៍​មុន​នៅពេលដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​តាក់តែង​ច្បាប់​របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច។

ចំណែក​គេហទំព័រ dailymail បាន​ចុះផ្សាយ​ថា ​លោក​បាន​ស្លាប់​ហើយ ដោយ​ដកស្រង់​ប្រភព​ពី នាយករង​នៃ​ទូរទស្សន៍​ផ្កាយរណប​ហុងកុង (HKSTV) លោកស្រី Shijian Xingzou​។ លោកស្រី បាន​និយាយថា “​ប្រភព​ដ៏​រឹងមាំ​” មួយ​បាន​ប្រាប់​នាង​ថា មេដឹកនាំ​កូរ៉េខាងជើង​អាយុ​៣៦​ឆ្នាំ​រូបនេះ​បាន​ស្លាប់​បាត់ទៅហើយ​។​

លោកស្រី​មាន​អ្នក Follow ១៥​លាន​នាក់​នៅលើ​បណ្តាញ​សង្គម​ចិន Weibo ហើយក៏​ជា​ក្មួយ​ស្រី​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​ផងដែរ៕


 

Related posts

Leave a Comment