អរគុណ​​​មិត្ត​ដែកថែប! ក្រសួងការពារជាតិ​ក​ម្ពុ​ជា ទទួល​សម្ភារ​ពេទ្យ​ទប់ស្កាត់​វីរុស COVID-19 ពី​ក្រសួង​ការពារ​ប្រទេស​ចិន

ភ្នំពេញ​ ៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ បានទទួល​សម្ភារ​ពេទ្យ សម្រាប់​ទ​ប់​ស្កាត់​វីរុស COVID-19 ដែលជា​ជំនួយ​របស់​ក្រសួង​ការពារ​ប្រទេស​ចិន​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​ពេទ្យ​ទប់ស្កាត់​វីរុស COVID-19 នេះ ធ្វើឡើង​ក្រោម​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ចំណែក​ភាគី​ចិន តំណាង​ដោយ​អនុព័ន្ធ​យោធា​ប្រចាំ​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (VIP)​។​

មិត្ត​ដែកថែប​ចិន បាន​សរសេរ​រំលេច​ពាក្យពេចន៍​នៅ​លើ​ប្រអប់​ជំនួយ​នោះ​ថា «​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​» ហើយ​ពេលនេះ សម្ភារ​ពេទ្យ​ទាំងនោះ កំពុង​ធ្វើការ​ដឹកជញ្ជូន​ចេញពី​​​លើ​យន្តហោះ​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​ សម្ភារទាំងអស់មានរហូតដល់ទៅ១១មុខ ហើយគិតជាថវិកាមានចំនួនជាង១លានដុល្លារ។

​គួរ​ជម្រាប​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួង​ការពារ​ប្រទេស​ចិន បានប្រគល់​សម្ភារ​ពេទ្យ​សម្រាប់​ទប់ស្កាត់​វីរុស COVID-19 ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​។ ការប្រគល់​លើក​ទី​១ សម្ភារ​សម្រាប់​ការពារ ទប់ស្កាត់​វីរុស COVID-19 មាន​ទម្ងន់​ជាង ២​តោន​។​

​សូមបញ្ជាក់ថា នាពេល​កន្លងមក នៅពេល​ប្រទេស​ចិន ជួប​ការលំបាក​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ជួយឧបត្ថម្ភ​ជា​សម្ភារ បរិក្ខារ​ពេទ្យ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ជូន​ដល់​មិត្ត​ចិន រហូតមកដល់​ពេលនេះ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ចិន​ទទួលលទ្ធផល​គួរ​ជាទី​មោទនៈ ដូចនេះ ប្រទេស​ចិន​នឹង​មកជួយ​ដោះស្រាយ​ជាមួយ​មិត្ត​កម្ពុជា​វិញ តាមរយៈ​ការជួយឧបត្ថម្ភ​ជា​សម្ភារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ មួយចំនួនធំ និង​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ស៊ីវិល និង​កងទ័ព​មកជួយ​ផងដែរ​។​

​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន​បា​នប​ញ្ចូ​ន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​៧​រូប រួមជាមួយ​ឧបករណ៍ សម្ភារ​ពេទ្យ​មួយចំនួន បាន​មកដល់​ប្រទេស​កម្ពុជា ដែលជា​ក្រុម​អ្នកជំនាញ​ប្រឆាំង​ជំងឺ កូ​វីដ​១៩​ដំបូង ដែល​ប្រទេស​ចិន​បាន​បញ្ជូន​ចេញទៅ​បេសកកម្ម នៅ​តំបន់​អាស៊ីអាគ្នេយ៍ «​អាស៊ាន​»៕


Related posts

Leave a Comment