សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ អំពាវនាវ​ឲ្យ​អាណាព្យាបាល​សិស្ស​មាន​វិបត្តិ​ហិរញ្ញវត្ថុ ដាក់​ពាក្យ​ស្នើសុំ​បញ្ចុះ​តម្លៃ​ពី​សាលា

ភ្នំពេញ​ ៖​ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នៅ​ខែ​ទី​២៤ ខែមេសា ឆ្នាំ​២០២០ បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ ដោយ​ស្នើ​ឲ្យ​អាណាព្យាបាល​សិស្ស​មាន​វិបត្តិ​ហិរញ្ញវត្ថុ ដាក់ពាក្យ​ស្នើសុំ​ទៅ​សាលា​ដោយផ្ទាល់ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​។​

​ក្នុង​សេចក្តីអំពាវនាវ​នោះ បាន​បញ្ជាក់ថា កន្លងមក​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បានកត់សម្គាល់​ឃើញថា ក្នុងស្ថានភាព​នៃ​វីរុស​កូ​វីដ​១៩ បាន​នឹង​កំពុងតែ​រាតត្បាត បានធ្វើឱ្យ​ស្ទើរ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា រួមទាំង​គ្រឹះស្ថាន​សិក្សាអប់រំ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ផ្អាក​សេវា​អប់រំ​តាំងពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ រហូតមក​។​

​សមាគម បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​ផ្អាក​ការបណ្ដុះបណ្ដាល​នេះ គ្រឹះស្ថានសិក្សា​ចំនួន​១១៣ ដែលជា​សមាជិក​របស់​សមាគម បាន​ជួបប្រទះ​នូវ​ការលំបាក និង​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​ត្រូវ​បន្ត​ការបើកប្រាក់​បៀវត្ស​រ៍ដ​ល់​គ្រូ និង​បុគ្គលិក បន្ត​បង់​ឈ្នួល​អគារ និង​បន្ត​បង់​ការប្រាក់ និង​ប្រាក់​ដើម​ធនាគារ ព្រមទាំង​ការចំណាយ​ជាច្រើន​ផ្សេងៗ​ទៀត​ដដែល​។

ម្យ៉ាងវិញទៀត សមាជិកសមាគម ក៏​កំពុង​រង​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​បន្ថែមទៀត ដូចជា​ការធ្លាក់ចុះ​បរិមាណ​សិស្ស ការបន្ថយ​ថ្លៃ​ដោយ​សមាជិក សមាគម​ដោយ​ខ្លួនឯង និង​ការស្នើសុំ​បញ្ចុះ​ថ្លៃ​ដោយ​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​បន្ថែមទៀត​។ ការស្នើសុំ​បញ្ចុះ​ថ្លៃ​នោះ សមាជិកសមាគម​ភាគច្រើន បាន​ដោះស្រាយ​ការសុំ​បញ្ចុះ​ថ្លៃ ដោយ​ករណី​ដោយឡែកៗ និង​ទល់មុខ​គ្នា​។ លទ្ធផល​បានមក គឺ​វិជ្ជមាន តាម​វិធី​ឈ្នះៗ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ​២០២០​កន្លងមកនេះ សមាគម ក៏បាន​សង្កេតឃើញ​ផងដែរ​ថា មានការ​ផ្ដុំគ្នា​តវ៉ា​សុំ​បញ្ចុះ​ថ្លៃ​ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​នៅ​សាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺ​ស​ត៍​(CIA FIRST International School) និង​សាលា​អន្តរជាតិ ផា​រ៉ា​ហ្គ​ន​(Paragon International School)​។ នៅក្នុង​រដូវ​កាល​កូ​វីដ​រាតត្បាត​នេះ ក៏​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ដល់​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន ដូចដែល​បាន​រៀបរាប់​គោរព​ជូន​ខាងលើ​ផងដែរ​។ ទន្ទឹមនឹង​ការតវ៉ា​នោះ ម្ចាស់​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការសម្របសម្រួល​ដល់​ជីវភាព​មាតា​បិតា និង​អ្នកអាណាព្យាបាល​សិស្ស​បន្តបន្ទាប់​ហើយ​ដែរ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​រៀបរាប់​ខាងលើ ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា សូម​គោរព​អំពាវនាវ​ដល់​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស​ទាំងអស់ មេត្តា​ដាក់ពាក្យ​ស្នើសុំ​បញ្ចុះតម្លៃ ដោយ​ជម្រាប​ពី​វិបត្តិ​ហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ជូន​ដល់​ម្ចាស់ ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន​នីមួយៗ ដើម្បី​ជួយ​ដោះស្រាយ និង​បន្ធូរបន្ថយ​ជូន​ឱ្យ​អស់ពី​លទ្ធភាព​។​

​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា មាតាបិតា ឬ​អាណាព្យាបាល​សិស្ស នឹងចូលរួម​ដោះស្រាយ​ដោយ​ធ្វើ​សម្បទាន​គ្នា​ទៅវិញទៅមក និង​ដោយ​ភាព​អត់ធ្មត់​បំផុត តាម​វិធី​ឈ្នះៗ​ទាំងអស់គ្នា ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​លំបាក​នេះ​ជាក់​ជាពុំខាន​ឡើយ៕


Related posts

Leave a Comment