ជយោ! ខេត្ត​កែប ​និង​សៀមរាប ​ក្លាយ​ជា​ខេត្ត​ទី​៨ ​ទី​៩ ​ដែល​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ឲ្យ​ជាសះស្បើយ​អស់

គិត​មក​ត្រឹម​ថ្ងៃ​ទី២៥ ខែ​មេសា ​ឆ្នាំ​២០២០នេះ​ មាន​ខេត្ត​ចំនួន​៩​ហើយ​នៅ​ កម្ពុជា​ ដែល​បាន​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ឲ្យ​ជាសះស្បើយ​អស់ ​​ក្នុង​នោះ​ខេត្ត​កែប ​និង​ខេត្ត​សៀមរាប ​ក្លាយ​ជា​ខេត្ត​ទី​៨​ ទី៩ ​ដែល​ទើប​ព្យាបាល​ឲ្យ​ជា​សះស្បើយ​អស់​នៅ​ថ្ងៃនេះ។

នេះ​បើ​យោង​តាម​តារាង​តួលេខ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០២០ ​និង​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​ចេញ​ផ្សាយ​ជាបន្តបន្ទាប់។

ទោះ​យ៉ាង​ណា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ នៅតែ​បន្ត​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង ​ទាំង​អ្នក​នៅ​តាម​បណ្ដា ​ខេត្ត ​​និង​អ្នក​នៅ​រាជធានី ​ដោយ​ធ្វើ​អនាម័យ,​ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ​ពោល​គឺ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ​និង​ក្រសួង​សុខាភិបាល។

យោង​តាម​តារាង​តួលេខ​​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ឃើញ​ថា​ នៅ​កម្ពុជា ​​មាន​១៣​រាជធានី ​ខេត្ត ​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ ​ក្នុង​ចំណោម​នោះ​ ខេត្ត​ចំនួន​៧ ​​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជា​សះ​ស្បើយ​អស់ ​​រួមមាន​ ទី១.ខេត្ត ​ព្រះវិហារ​(​ករណី​ឆ្លង​២​នាក់ បានជា​សះស្បើយ​អស់ហើយ​) , ទី២.ខេត្ត​កំពត (​ករណី​ឆ្លង​២​នាក់ បានជា​សះស្បើយ​អស់ហើយ​) , ទី៣. ខេត្ត​​ត្បូងឃ្មុំ (​ករណី​ឆ្លង​៤​នាក់ បានជា​សះស្បើយ​អស់ហើយ​) , ទី៤. ខេត្ត​ កោះកុង​(​ករណី​ឆ្លង​២​នាក់ បានជា​សះស្បើយ​អស់ហើយ​) , ទី៥. ខេត្តកណ្ដាល​(​ករណី​ឆ្លង​២​នាក់ បានជា​សះស្បើយ​អស់ហើយ) ​, ទី៦.ខេត្ត​កំពង់ចាម (​ករណី​ឆ្លង​១៦​នាក់ បានជា​សះស្បើយ​អស់ហើយ) , ទី៧.​ខេត្ត​បាត់ដំបង ​(​ករណី​ឆ្លង​៨​នាក់ បានជា​សះស្បើយ​អស់ហើយ), ទី៨. ខេត្ត​កែប, ​ទី​៩. ​ខេត្ត​សៀមរាប។

ដោយឡែក​រាជធានី ​ខេត្ត​៤​ទៀត ​មិន​ទាន់​ជាសះស្បើយ​អស់​នៅ​ឡើយ ​ក្នុង​នោះ​រួម​មាន​ទី១. ​​រាជធានី​ភ្នំពេញ ករណី​ឆ្លង​២៨​នាក់ ​ព្យាបាល​ជា​ស្បើយ​២៦​នាក់(សល់២នាក់), ទី២.ខេត្ត​ព្រះសីហនុ ​ករណី​ឆ្លង​៤០ ​ព្យាបាល​ជា​ស្បើយ​៣៩​នាក់(សល់​១នាក់) , ទី៣. ខេត្ត​បន្ទាយមានជ័យ​ ករណី​ឆ្លង​៤​នាក់ ​ព្យាបាល​ជា​ស្បើយ​៣​នាក់(សល់១នាក់), ទី៤. ខេត្ត​កំពង់ឆ្នាំង ករណី​ឆ្លង​៣​នាក់ ​ព្យាបាល​ជា​ស្បើយ​២​នាក់(សល់១នាក់)។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​មេសា ​ឆ្នាំ​២០២០​នេះ ​អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់​(​រាប់​ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​១១៧​នាក់​ និង​អ្នក​ដែល​កំពុង​ព្យាបាល៥​) នៅ​ទូទាំងប្រទេស​សរុប​ចំនួន​១២២​នាក់ (​ស្ត្រី​៣៨​នាក់ និង​បុរស​៨៤​នាក់)៕

 

Related posts

Leave a Comment