ឃើញ​គេ​បង្អួត ទ្រព្យសម្បត្តិ​លើ​ហ្វេ​ស​ប៊ុ​ក​ច្រើនពេក ឯកឧត្ដម ម៉ុង រិទ្ធី ប្រើ​សម្ដី​មាស​ដើម្បី​សុំ​ចិត្ត​សុំ​ថ្លើម​អ្នក​បង្ហោះ​ទាំង​នោះ​ថា​…

ភ្នំពេញ ​៖​ ដោយ​សង្កេត​ឃើញ​ថា​មួយរយៈ​ចុង​ក្រោយនេះ មានការ​ទាស់ទែង បង្អួត​មាស​ពេជ្រ កែវកង ឡាន វិឡារ លុយកាក់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ច្រើនពេក​នោះ ឯកឧត្តម ម៉ុង រិទ្ធី ក៏បាន​សុំ​ចិត្ត​សុំ​ថ្លើម កុំ​ឲ្យ​ធ្វើបែបនេះ​តទៅទៀត ព្រោះ​មិនមែន​ឃើញតែ​ប្រទេស​យើង​ទេ។

ជាពិសេស​សម្ដី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​អាច​ចាត់ទុកថា​ជា​សម្ដី​មាស​នោះ ត្រង់​លោក​បាន​សំណូមពរ​ដល់​អ្នក​បង្ហោះ​នោះ​វិញ​ថា បើសិន​ពិតជា​ស្រឡាញ់​ប្រជាពលរដ្ឋ​មែន​នោះ គួរណា​តែ​យក​ទ្រព្យសម្បត្តិ​ដែលមាន​នេះ​យកទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​ដើម្បី​បង្កើត​ការងារ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និង​បាន​ចូលរួម​ចំណែក​មួយ​ផ្នែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា។

សេដ្ឋី​កសិកម្ម ដែល​មាន​ប្រវត្តិ​តស៊ូ​ចេញពី​គ្រួសារ​ក្រីក្រ​រូប​នេះ បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​បែបនេះ​ថា «​នៅ​ក្នុង​គ្រា​ដ៏​សែន​មហា​វិនាសកម្ម​ដោយសារតែ​ជំងឺឆ្លង​កូ​រ៉ូ​ណា កូ​វីដ​-១៩​ដ៏​មហា​ប្រល័យ នៅលើ​ភពផែនដី​យើង​នេះ​ក្នុងនោះ​ក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ ដូច្នេះហើយ​ខ្ញុំ​សូម​អភ័យទោស​មុន​និង​និយាយ ក្រែងលោ​មាន​អារម្មណ៍មិនល្អ​ដល់​ប្រី​យ​មិត្ត​នៅក្នុង​បណ្តាញ​សង្គម​fb​នេះ​»​។​

​ឯកឧត្តម បានធ្វើការ​សំណូមពរ​ថា «​ខ្ញុំ​សុំ​ចិត្ត​សុំ​ថ្លើម​អ្នក​ដែល​ចូលចិត្ត​ឈ្លោះប្រកែក​គ្នា និយាយ​រឿង​មិនល្អ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ ឡាន​វីឡា លុយកាក់ មាស​ពេជ្រ និង​រឿង​ដែល​មិន​សមរម្យ​មួយចំនួនទៀត បង្ហោះ​តាម​បណ្តាញ​សង្គម​fb​សូមមេត្តា​ឈប់​បង្ហោះ​ទៀត​ទៅ ព្រោះ​អីយើ​ង​ត្រូវ​ដឹងថា​មិនមែន​មើលឃើញ​តែ​នៅក្នុង​ប្រទេស​យើង​ទេ​គឺ​គេ​មើ​ឃើញ​ទូទាំង​ពិភពលោក មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​រក្សា​វា​ទុក​ទៅ​ចង់​ទិញ​អី​ក៏​ស្រេច​តែ​ចិត្ត​ចង់ទៅ មិនចាំបាច់​បង្អួត​ប្រាប់​គេឯង​ទេ បើ​ខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន គួរណា​តែ​យក​ទ្រព្យសម្បត្តិ​ដែលមាន​នេះ​យកទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និង​បាន​ចូលរួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើង​ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​»​។​

​តាមរយៈ​សារ​ដ៏​មាន​អត្ថន័យ​នេះ មហាជន​ជាច្រើន​បាន​សម្ដែង​ការគាំទ្រ ជាមួយនឹង​ការបញ្ចេញមតិ​ថា «​ត្រឹមត្រូវ​ណាស់​លោកពូ​សូម​គោរព​ជូនពរ​លោកពូ​មាន​សុខភាព​ល្អ​»​។ «​សង្ឃឹមថា​ពូក​គាត់​ដែល​ចូល​ឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម​បានឃើញ ហើយ​ល្មម​ឈប់​បង្អួត​គ្នា​ទៀត​»​។ «​ពេញចិត្ត​នឹង​លោកពូ​មានប្រសាសន៍​នេះ​ណាស់​ជូនពរ​លោកពូ​អាយុ​យឺនយូរ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​ដល់​កូនក្មួយ​ជំនាន់​ក្រោយ​»​។ «​គោរព​ស្រលាញ់​លោកពូ​ណាស់ បើអ្នកមាន​ទាំងអស់​គិត​ដូច​លោកពូ​ពិតជា​ប្រពៃ​ណាស់​»​។ «​លោក​និយាយ​ត្រូវ​ណាស់​គឺ​ធ្វើ​តាម​គាត់​អ្នកមាន​បង្ហោះ​អួត​ចេះ​ឈឺ​ខួរ​ផង​»…៕

​ 

Related posts

Leave a Comment