ពេល​ពពោះ សួស វី​ហ្សា ត្រូវ​បាន​គេ​មើល​មក​ដូច​សត្វ​ចម្លែក នាង​ទ្រាំ​មិនបាន​ក៏​បង្ហោះ​សារ​ថា​…

ភ្នំពេញ​ ៖ ​ពេល​កំពុង​ពពោះ ដោយសារ​ខ្លួន​មាន​សភាព​ធាត់​អាក្រក់​មើល​មិន​ស្អាត​ដូច​ពេល​នៅ​ទំនេរ​នោះ តារាចម្រៀង សួស វី​ស្សា ត្រូវគេ​មើល​លើ​មើល​ក្រោម មើល​មក​នាង​ដូចជា​សត្វ​ចម្លែក ធ្វើ​ឲ្យ​រូបនាង​ទ្រាំ​មិនបាន ក៏​បង្ហោះ​សារ​ឆ្លើយតប​ភ្លាមៗ​ផងដែរ​។​

​បង្ហោះ​រូបភាព ខ្លួន​កំពុង​ពពោះ ហើយ​ទទួល​ការ​ថ្នាក់ថ្នម​ពី​ប្ដី​នោះ តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​រូបនេះ បាន​សរសេរ​រៀបរាប់ថា «​មាន​អារម្មណ៍​ថា ឥឡូវនេះ​ពេល​ទៅ​ផ្សារ ឬ​ទៅណា​មក​ណា ឬ​ចូលរួម​កម្មវិធី​តូចធំ​នានា គឺ​ខ្ញុំ​ចាប់ផ្ដើម​ទទួលបាន​ការមើល​មើល​ក្រោម​ពី​មនុស្ស​អគតិ​មួយចំនួន​តូច ដែល​មើល​មក​ក្នុង​ទឹកមុខ​ចំអក មើល​លក្ខណៈ​ដូច​ឃើញ​សត្វ​ចម្លែក មើល​ហើយ​ខ្សឹបខ្សៀវ​ពី​ការប្រែប្រួល​រូបរាង និង​ការឡើង​គីឡូ​របស់ខ្ញុំ ចង់​ប្រាប់ថា​ខ្ញុំ​ក៏​មិន​ចង់​ឡើង​គីឡូ​អញ្ចឹង​ដែរ គ្មាន​ស្រី​ណា​គេ​ចង់​ពពោះ​ធាត់​ដូច​ជ្រូក ឬ​ពពោះ​ស្គម​ដូច​កុក​ទេ គ្មាន​ស្រី​ណា​ចង់​អាក្រក់​ទេ តែ​ធ្វើ​ម៉េច​បើ​សុខភាព​វា​ប្រែប្រួល​អញ្ចឹង តើ​ស្រី​ណា​អាច​កុម្ម៉ង់​បាន​ថា​ពេល​ពពោះ​ខ្ញុំ​ត្រូវតែ​ធាត់ ឬ​ខ្ញុំ​ត្រូវតែ​ស្គម​????»​។​

សួស វី​ស្សា បន្តទៀតថា «​ចឹ​ង​បាន​ថា ពិបាក​ណាស់​អា​រឿង​ផ្គាប់​ភ្នែក​ញា​ត្តិ​នេះ​មួយ គឺ​ផ្គាប់​មិនត្រូវ​ទេ​..?​ស្គម​ពេក​ក៏​ខុស ធាត់​ក៏​ខុស ស​ពេក​ក៏​ខុស ខ្មៅ​ក៏​ខុស តែ​ដើម្បី​កូន​ខ្ញុំ ខ្ញុំ​នឹង​រឹងមាំ​ជានិច្ច តែ​ចង់​អ្នកណា​ថា​អី​ថា​ទៅ​មិន​សំខាន់​ទេ អ្វីដែល​សំខាន់បំផុត​សម្រាប់​ខ្ញុំ​ពេលនេះ​គឺ ប្តី​ខ្ញុំ​គាត់​ស្រលាញ់​ខ្ញុំ​កាន់តែខ្លាំង ពេល​ខ្ញុំ​ពពោះ​គាត់​ទុក​ខ្ញុំ​ដូច​ព្រះ​នាង គាត់​ថ្នម​ខ្ញុំ​ដូច​កែវ​និង​យកចិត្តទុកដាក់​ពី​សុខភាព​ខ្ញុំ និង​កូន​ណាស់ ហើយ​គ្រួសារ​ខ្ញុំ​ទាំងមូល ក៏​ពួកគាត់​យកចិត្តទុកដាក់​ជាមួយ​ខ្ញុំ​បំផុត​ដែរ ​អញ្ចឹង​អ្នក ដែល​ភ្នែក​ត្រង់​មាត់​ត្រង់​ទាំងឡាយ​អើយ​..​ជួយៗ​ឲ្យ​កម្លាំងចិត្ត​អ្នក​ពពោះ​ផង កុំ​ត្រង់ៗ​ពេក​អី​
​ចាំ​សំរាលកូន​ហើយ ចាំ​យើង​ស្អាត​វិញ​ក៏បាន​ដែរ មែន​ទេ​ម៉ាក់ៗ​គ្នា​យើង​..?»​។​

គួរ​បញ្ជាក់ដែរថា ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​ជា​ប្រមាណ​ជាង​៤​ឆ្នាំ គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ។​

​បន្ទាប់ពី​រៀបការ​រួច គូស្នេហ៍​សិល្បៈ​១​គូ​នេះ បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯ​ក្រៅប្រទេស​រហូតដល់​ទៅ​៨​ប្រទេស​ឯណោះ មាន ប្រទេស​បារាំង ស្វី​ស អេ​ស្ប៉ា​ញ ហុ​ឡង់​ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដា​ណឺ​ម៉ាក ដោយ​ត្រូវ​ចំណាយ ពេល​នៃ​ការដើរ​លេង​នេះ​ខ្ទង់​១​ខែ ហើយក៏​បន្តដំណើរ​ដើរ​លែង​កន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ផងដែរ​។​

​ក្រោយ​រៀបការ​មិនទាន់បាន​៣​ខែ​ផង ក៏​ស្រាប់តែ​ទួលបាន​ដំណឹង​ល្អ ដោយ​អ្នកនាង​បាន​ពពោះ នូវ​ដំណក់ឈាម​រួមគ្នា​លើកដំបូង​ជាមួយ​លោក​ថម មី​។ ការ​មាន​ផ្ទៃពោះ​នេះ រឹតតែ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​កាន់តែ​មាន​ភាព​ល្ហែម​ល្ហែម​លើស​ដើម ដែល​មើលទៅ​គួរ​ឲ្យ​ច្រណែន​មែនទែន៕

Related posts

Leave a Comment