ភ្នំពេញ ៖ ទំនងជាមានការរិះគន់ចំពោះខ្លួននូវរឿងណាមួយនោះ សុខ សោមាវត្តី កាលពីពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍បញ្ជាក់ជំហរចំពោះការយល់ឃើញរបស់ខ្លួនថា មាត់អ្នកដទៃមិនមែនជាព្រះជាម្ចាស់ឲ្យយើងសប្បាយឬកើតទុក្ខទេ។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ពិធីការិនី សុខ សោមាវត្តី ជារឿយៗតែងតែបង្ហោះរូបភាពខ្លួន អមដោយសារពាក់ពាក់ព័ន្ធនឹងការនិយាយដើមពីសំណាក់បុគ្គលមួយចំនួន ដែលនាងមិនបង្ហាញឈ្មោះនោះ។
ជាក់ស្ដែងកាលពីជាងពាក់កណ្ដាលខែមុននេះ អ្នកនាងបានបង្ហោះសារក្នុងន័យទូទៅពាក់ព័ន្ធនឹងរឿងនេះថា «កុំខឹងនឹងនរណាគេនិយាយដើមអ្នក ព្រោះគេខំយកចិត្តទុកដាក់តាមដានជីវិតអ្នកណាស់ រហូតដល់ភ្លេចមើលថែរឿងជីវិតគេផងក៏ថាបាន តែសន្យាគ្នាណា babe និយាយដើមបានហាមបំផ្លើសណា»។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះដែរ ពិធីការិនីដ៏ល្បីរូបនេះ ក៏បានបង្ហោះសារដែរថា «មាត់អ្នកដទៃមិនមែនជាព្រះជាម្ចាស់អោយយើងសប្បាយឬកើតទុក្ខទេ តែខ្លួនយើងតើដែលចេះតែយកវាដាក់ខ្លួន រៀនដាក់វាចុះហើយសប្បាយនៅអ្វីដែលយើងមាន ខ្ញុំធ្វើបានហើយចុះអ្នកវិញ? តោះទម្លាក់សម្ពាធចុះហើយគេងលក់សុបិនល្អទាំងអស់គ្នា»។
ក្រោយមកនៅថ្ងៃម្សិលមិញនេះ ពាក់ព័ន្ធរឿងដដែល អ្នកនាងបានបង្ហោះជាភាសាអង់គ្លេស អមដោយរូបថតខ្លួនមួយសន្លឹក ដែលមានន័យជាភាសាខ្មែរថា «មនុស្ស នឹងវិនិច្ឆ័យមិនថាអ្នកមានបញ្ហាអ្វីក៏ដោយ ដូច្នេះកុំគិតច្រើនពេក ចូរធ្វើអ្វីដែលល្អសម្រាប់ខ្លួនអ្នក»។
គួរបញ្ជាក់ថា សុខ សោមាវត្តី បានរៀបការ ជាមួយលោកទូច ដាណារ៉ា កូនប្រុសអតីតស្នងការរាជធានីភ្នំពេញ លោកទូច ណារ៉ុថ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ុន្តែបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះបន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន កើតនៅថ្ងៃទី៧ ឧសភា ២០១៣។ ក្រោយពីបែកគ្នា អ្នកនាង បានរកឃើញស្នេហាថ្មីមួយទៀតជាមួយកីឡាករបាល់ទាត់លី វ៉ាហេទ ហើយបានរក្សាទំនាក់ទំនងល្អរហូតដល់សព្វថ្ងៃនេះ។
តាមរយៈស្នេហាជាមួយបុរស ដែលមានវ័យក្មេងជាងខ្លួនច្រើននេះ ក៏បានធ្វើឲ្យមានការរិះគន់មួយចំនួនផងដែរ តែអ្នកនាងមិនខ្វល់នោះឡើយ ព្រោះក្ដីសុខមិនស្ថិតនៅលើមាត់អ្នកដទៃឡើយ សំខាន់ពួកគេទាំង២នាក់ ស្រឡាញ់យល់ចិត្តគ្នា។ កន្លងមកអ្នកនាង ក៏ធ្លាប់បង្ហាញ តម្រុយចូលរោងការផងដែរ តែរហូតដល់ពេលនេះ មិនទាន់លេចឮដំណឹងថ្មីជុំវិញរឿងនេះនៅឡើយ៕