ក្រសួងសុខាភិបាល ស្នើអភិបាលខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងស្នើពលរដ្ឋកុំឱ្យទៅប្រទេសវៀតណាម

ភ្នំពេញ​ ៖ ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បានស្នើ​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ជា​ពិ​សេសខេត្ត​ជាប់​ព្រំដែន​វៀតណាម ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​បង្ការ​ការឆ្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ពី​ប្រទេស​វៀតណាម​។ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ប្រជាពលរដ្ឋ​កុំឱ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម បើ​មិនមាន​ការចាំបាច់​ទេនោះ​។​

​ក្នុង​លិខិត​ជម្រាប​ជូនទៅ​អភិបាល​រាជធានី ខេត្ត​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការ​កត់សម្គាល់​ថា នៅពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម កំពុង​កើតមាន​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​ដោយ​ផ្តើមចេញពី​ក្រុង​ដា​ណា​ង និង​បាន​រាលដាល​ដល់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ​។ ជាមួយគ្នា​នោះ​ស្ថានភាព​នៃ​ការចម្លង​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​ក៏ មិនទាន់​មានការ​ធូរស្បើយ ដោយសារ​នៅតែមាន​កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ជាពិសេស​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ដូចជា​ខេត្ត កំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនៈគិរី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ដូចតទៅ​៖

* អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​បណ្ដា​ខេត្ត​ដែលមាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បង្កើន​សកម្មភាព​ត្រួត ពិនិត្យ​លើ​អ្នកដំណើរ​ចេញ​-​ចូល​តាម​ច្រកព្រំដែន ឱ្យបាន​ហ្មត់ចត់ ដោយ​អនុវត្ត​ទៅតាម​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ សម្រាប់​សិស្ស និង​និស្សិត ដែល ត្រឡប់​មកពី​ប្រទេស​វៀតណាម និង​អ្នកដំណើរ​ដែល​សង្ស័យ​ទាំងអស់​កុំឱ្យ​មានការ​ធ្វេសប្រហែស​ឡើយ​។​

* ចុះ​ពិនិត្យ​តាមដាន ឬ​យក​វត្ថុ​សំណាក និង​រាយការណ៍​មក​ទូរ​សព្ទ​ទាន់​ហេតុការណ៍ នូវ​រាល់​ករណី​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ឬ ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ​ដែល​កើតមាន​ជា​ក្រុម ឬ​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម​ជាដើម​។​

* អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​ទទួល ខុសត្រូវ​របស់ខ្លួន ឱ្យស្រប​តាម​របត់​នៃ «​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូដ​-១៩» ដោយ​ប្រកាន់យក​នូវ​ការអនុវត្ត អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់​) ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រមា ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ក្អក កណ្ដាស់ បន្ត​អនុវត្ត​គម្លាត​សុ​វត្តិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​លើសពី មួយ​ម៉ែត្រ​កន្លះ​ជា​ចាំបាច់​។​

* មិនត្រូវ​ប្រមូលផ្តុំ​គ្នាច្រើន ឬ​បង្ក​សភាព​កុះករ ចៀសវាង​ការធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើនពេក ហើយ​ត្រូវ​ប្រើ ប្រាស់​ម៉ាស់​ជាប់​ជានិច្ច​រាល់ពេល​ធ្វើដំណើរ​។​

* ម្ចាស់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះសំណាក់ ព្រមទាំង​កន្លែង​កម្សាន្ត​នានា ត្រូវអនុវត្ត​វិធានការ​ការពារ​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ជារឿយៗ និង​ត្រូវ​ធានាថា​កន្លែង​របស់ខ្លួន​មិនមែនជា​ទីតាំង​បង្កឡើង​នូវ ការចម្លង​វីរុស​កូ​វីដ​-១៩ ឡើយ​។​

* រាយការណ៍​មក​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​រាល់​ករណី​សង្ស័យ ឬ​រកឃើញ​ភាព​អសកម្ម​ណាមួយ​ដែល អាចជា​មូលហេតុ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩​។​

* ត្រូវ​បន្ត​អប់រំ​សុខភាព និង​វិធានការ បង្ការ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត ក្នុង​ដែន សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ​។​

​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ផ្អាក ឬ​ពន្យារ​ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​។ ជាពិសេស​ទៅ​តំបន់​ដែលមាន​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ បើ​មិនចាំបាច់ និង​សូម​អនុវត្តតាម​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នានា​ដែល​បាន​ដាក់ចេញ​ដើម្បី បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​រយៈ​ប្រមាណ​ជា​៣​ខែ ប្រទេស​វៀតណាម​បាន​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ជាថ្មី នាពេល​ថ្មីៗ​នេះ ដោយ​ផ្តើមចេញពី​ទីក្រុង​ដា​ណា​ង ដែលជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បី​របស់ខ្លួន​។ អាជ្ញាធរ​វៀតណាម បាននិងកំពុង​ដាក់ចេញ​វិធានការ​បន្ទាន់​ជាច្រើន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​។​

​របាយការណ៍​បាន​បង្ហាញថា មកដល់ពេលនេះ​ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​៥៤៥​នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី​ប្រមាណ ៣៦​នាក់​។ ប្រទេស​វៀតណាម ក៏​ត្រូវបាន​រាយការណ៍​មាន​ករណី​អ្នកស្លាប់​ម្នាក់​ជា​លើកដំបូង​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅថ្ងៃនេះ​ផង​។​

​របាយការណ៍​បានឱ្យដឹង​ដែរ​ថា ក្នុងចំណោម​អ្នក​ឆ្លង​៥៤៥​នាក់​នេះ ព្យាបាល​ជាសះស្បើយ ៣៧៣​នាក់ ហើយ​១៧១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​៕ ប្រភព៖ ហ្វ្រេសញូ​

Related posts

Leave a Comment