ច្បាស់ហើយ! យូរី សម្រេច​ដើរ​ចេញ​ពី​សាន់ដេ​ជា​ផ្លូវការ

ភ្នំពេញ​៖ តារាចម្រៀង​នាង យូ​រី បានសម្រេច​ដើរចេញ​ពី​ផលិតកម្ម​សាន់​ដេ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​មហាជន​ដាក់​ការសង្ស័យ​មួយ​រយះ​ចុង​ក្រោយនេះ​។​

ទស្សនិកជន ​បាន​សង្ស័យថា យូ​រី ទំនងជា​នឹង​ចាក​ចេញពី​ផលិត​សាន់​ដេ​ហើយ បន្ទាប់ពី​នាង​បានចេញ​បទ​ចម្រៀង​ថ្មី ដែល​មិន​ស្ថិតនៅក្រោម​ផលិតកម្ម​ដែល​នាង​កំពុង​ជ្រកកោន​។​

​យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​នេះ​ម្ចាស់​បទ ចាក់ទឹកដូង នាង​យូ​រី បាន​ទទួលស្គាល់ថា នាង​ពិតជា​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ពិតប្រាកដ​មែន​។​

​នាង​បញ្ជាក់ថា កុងត្រា​របស់​នាង​ជាមួយ​ផលិតកម្ម​សាន់​ដេ នឹងត្រូវ​បានបញ្ចប់​នៅពេល​ឆាប់ៗ​នេះ ដោយ​នាង​មិន​បន្ត​ទៀតឡើយ​។​ យ៉ាងណា យូ​រី មិនបាន​បញ្ជាក់​ហេតុផល​ជាក់លាក់​ណាមួយ​ស្តីពី​ការសម្រេច​ចាកចេញ​ពី​ផលិតកម្ម​សាន់​ដេ​នោះឡើយ ខ​ណៈពេល​នាង​ក៏​មិនទាន់​បង្ហើប​ពី​ផលិត​ថ្មី​របស់​នាង​នៅឡើយ​ដែរ​។​

​បើតាម យូ​រី ផលិតកម្ម​ថ្មី​ដែល​នាង​នឹង​ត្រៀម​ធ្វើដំណើរ​បើក​ទំព័រ​ថ្មី​នេះ នឹង​រឹត​តែ​ធ្វើអោយ​នាង​កាន់តែ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ក្នុង​អាជីព​សិ​ល្បៈ​ចម្រៀង​របស់​នាង​។​

​យូ​រី បាន​ជ្រកកោន​នៅក្នុង​ផលិតកម្ម​សាន់​ដេ​ប្រមាណ​ជិត​១០​ឆ្នាំ​មកហើយ ក្នុងពេលដែល​ផលិតកម្ម​មួយ​នេះ ​បាន​ជួយ​ជ្រោង​នាង​អោយមាន​កេរ្តិ៍ឈ្មោះ​ល្បី មិន​ចាញ់​តារា​ជួរមុខ​នោះឡើយ​។​

​យូ​រី បាន​កែប្រែ​ស្តាយ​លេង​ស្តាយ​បែប​ប្លែកៗ ជាមួយនឹង​ក្បាច់​រាំ​ប៉ិន​ប្រសប់ ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​។​ យ៉ាងណា ការ​មក​ជ្រក​នៅក្នុង​ផលិតកម្ម​ថ្មី​របស់ យូ​រី នាពេលនេះ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា នាង​នឹង​អាច​ទទួល​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ឫ​យ៉ាងណា​។​

​ជាការ​កត់សម្គាល់ ការចាកចេញ​ពី​ផលិតកម្ម​សាន់​ដេ​ពី យូ​រី នាពេលនេះ​គឺជា​តារាចម្រៀង​ជួរមុខ​មួយទៀត បន្ទាប់ពី​កំពូល​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត ដែល​បាន​ចាកចេញ​ហើយ​មក​ជ្រក​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​៕​
 

Related posts

Leave a Comment