ភ្នំពេញ ៖ កូនរបស់ តារាចម្រៀងស្រីជ្រកក្រោមដំបូលផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ឈ្មោះចេននី គិតត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ មានអាយុ២៥សប្ដាហ៍ហើយ ហើយក៏ចេះលើកទឹកចិត្តឪពុកម្ដាយរបស់គេទៀតផង។
ការលើកទឹកចិត្តនេះ ត្រូវបានតារាចម្រៀងសួស វីហ្សា បញ្ជាក់ថា ពេលទៅឆ្លុះអេកូលើកមុន មានមុខមាត់ដូចប៉ា លុះដល់ពេលទៅឆ្លុះម្ដងទៀត បែរជាមានទឹកមុខដូចម៉ាកទៅវិញ។ ត្រង់ចំណុចនេះ ហើយ បានជាសួស វីហ្សា សន្និដ្ឋានថា កូនរបស់ខ្លួនចេះលើកទឹកចិត្ត ដើម្បីកុំឲ្យប៉ាម៉ាក់ច្រណែនគ្នា។
តារាចម្រៀងសួស វីហ្សា បានលើកឡើងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ដូច្នេះថា «ថ្ងៃនេះប៉ាម៉ាក់ចេននី បានមកមន្ទីរពេទ្យតាំងពីម៉ោង៧ព្រឹក មកជួបគ្រូពេទ្យតាមការណាត់ ដើម្បីតាមដានសុខភាពម្តាយនិងកូន លទ្ធផលឃើញថា ទាំងម្តាយនិងកូនមានសុខភាពល្អណាស់ ហើយថ្ងៃនេះអូនចេននីនៅក្នុងផ្ទៃរបស់ម៉ាក់ៗមានអាយុ ២៥ សប្តាហ៍ហើយអ៊ំពូមីងចេននី មានទម្ងន់ ៩៩៩ក្រាម ហើយគេមានកម្លាំងណាស់ធាក់ម៉ាក់ៗកាន់តែខ្លាំងៗរាល់ថ្ងៃសំខាន់ចេននីចេះលើកទឹកចិត្តប៉ាម៉ាក់ណាស់ ព្រោះអេកូម្តងឃើញមុខដូចប៉ា ដល់ពេលអេកូម្តងទៀតឃើញមុខដូចម៉ាក់ប្រហែលអូនចេននីមិនចង់អោយប៉ាម៉ាក់ច្រណែនគ្នាហើយ មើលទៅចឹងចាំអ៊ុតមើលពេលអេកូខែក្រោយទៀត តើចេននីនឹងប្តូរទម្រង់មុខយ៉ាងមិចទៀត??កូនមុខដូចអ្នកណាមិនសំខាន់ទេ សុំអោយតែកូនសុខភាពល្អ តែអីដែលសំខាន់នោះគឺ…គីឡូម៉ែឡើងដូចគេសប់ចឹង ស្រឺតៗតែម្តងកូនម្តាយ..65គីឡូ callingTommy Real»។
គួរបញ្ជាក់ដែរថា ក្រោយពីស្វែងយល់ចិត្តគ្នាជាប្រមាណជាង៤ឆ្នាំ គូស្នេហ៍ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នា អ្នកនាងសួស វីហ្សា និង លោកថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមវត្តមានភ្ញៀវជាង១០០០នាក់ ។
បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះ បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ ហើយក៏បន្តដំណើរដើរលែងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសផងដែរ។
ក្រោយរៀបការមិនទាន់បាន៣ខែផង ក៏ស្រាប់តែទួលបានដំណឹងល្អ ដោយអ្នកនាងបានពពោះ នូវដំណក់ឈាមរួមគ្នាលើកដំបូងជាមួយលោកថម មី។ ការមានផ្ទៃពោះនេះ រឹតតែធ្វើឲ្យចំណងស្នេហ៍ពួកគេកាន់តែមានភាពល្ហែមល្ហែមលើសដើម ដែលមើលទៅគួរឲ្យច្រណែនមែនទែន៕